លី​គ​កំពូល​៖ វិសាខា​បន្ត​ឈ្នះ ខណៈ​ស្វាយរៀង​មាន​លទ្ធផល​ស្មើ ០-០ ពីរលើក​ជាប់​គ្នា​

កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ វិសាខា​បន្ត​ឈ្នះ ខណៈ​ស្វាយរៀង​មាន​លទ្ធផល​ស្មើ ០-០ ពីរលើក​ជាប់​គ្នា​
12, Mar 2018 , 2:08 pm         1793
រូបភាព
ខ្សែប្រយុទ្ធប្រយុទ្ធនីហ្សេរីយ៉ា George Bisan (ខាងមុខ)អបអរក្រោយរកគ្រាប់បាល់បាន, រូបភាពពីហ្វេសប៊ុកក្លិបណាហាវើល
ខ្សែប្រយុទ្ធប្រយុទ្ធនីហ្សេរីយ៉ា George Bisan (ខាងមុខ)អបអរក្រោយរកគ្រាប់បាល់បាន, រូបភាពពីហ្វេសប៊ុកក្លិបណាហាវើល
​ក្រុម​ចំណូល​ថ្មី​វិសាខា​បាន​បន្ត​បង្ហាញ​ភាពខ្លាំង​នៅ​ដើមរដូវ​កាល តាមរយៈ​ការយក​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ២-0 នា​ជំនួប​លើក​ទី​២​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែមីនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅតែ​មិន​ស្គាល់​ជ័យជម្នះ ក្រោយ​រក្សា​លទ្ធផល​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​សប្តាហ៍​ទី​២​។ ចំណែក​ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៥-១​។



​ក្រុម​ទើប​ឡើង​មកពី លី​គ​លំដាប់​ទី​២​វិសាខា បាន​បន្ត​បង្ហាញ​ភាព​ខ្លាំងក្នុង​សប្តាហ៍​ទី​២ តាមរយៈ​យកឈ្នះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ ២-០ ដើម្បី​បន្ថែម​លើ​ជ័យជម្នះ ៤-០ លើ​ក្រុម​អគ្គិសនី​កម្ពុជា​កាលពី​សប្តាហ៍​ទី​១​។ ជ័យជម្នះ​ទាំង​គ្មាន​វត្តមាន​ខ្សែការពារ ទៀង ទី​នី និង ម៉ែន សីហា នេះ  បាន​ជួយ​ឲ្យ​ក្រុម​ចំណូល​ថ្មី​មួយ​នេះ​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ដោ​យមា​ន​៦​ពិន្ទុ​។ 

​កីឡាករ​កូរ៉េខាងជើង​ដែល​ផ្ទេរ​មកពី​ក្រសួងការពារជាតិ​នៅតែ​បង្ហាញ​ពី​ភាពខ្លាំង និង​ជា​កីឡាករ​ដ៏​មុត​ស្រួច​របស់​វិសាខា​។ នា​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​១១ ខែមីនា ខ្សែប្រយុទ្ធ​កូរ៉េខាងជើង Choe Myong-ho ដែល​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​បើកឆាក​ជាមួយ​អគ្គិសនី​កម្ពុជា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​វិសាខា​នៅ​នាទី​ទី​៣០​។ បួន​នាទី​ក្រោយមក​មិត្ត​រួម​ជាតិ​របស់គេ គឺ​កីឡាករ Kim Kyong-hun បានសម្រេច​គ្រាប់​ទី​២ ដើម្បី​នាំ​ជ័យជម្នះ ២-០ សម្រាប់​វិសាខា​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​១ បាន​បន្ត​ស្មើដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ នា​សប្តាហ៍​ទី​២​នៅ​ពហុ​កីឡដ្ឋាន​។ ការមិន​ស្គាល់​ជ័យជម្នះ​នេះ នាំ​ឲ្យ​ក្រុម​លេខ​៣​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​មួយ​នេះ ឈរ​លេខ​រៀង​ទី​៨ ដោយមាន​២​ពិន្ទុ​។

​ជាមួយគ្នានេះ ក្រុម​ណាហ្គា​វើ​ល​ដែល​ស្មើ ០-០ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុងជំនួប​បើកឆាក បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៥-១ សម្រាប់​ជំនួប​សប្តាហ៍​ទី​២​។ នា​ការប្រកួត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​កីឡាករ សុះ ស៊ូ​ហា​ណា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៤១​។

​ការប្រកួត​វគ្គ​ទី​២​ដំណើរការបាន​៩​នាទី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា George Bisan បានសម្រេច​គ្រាប់​ទី​២​សម្រាប់​ក្រុម​ណាហ្គា​វើ​ល មុន​ខ្សែប្រយុទ្ធ​រូបនេះ បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ទី​៨៤ ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ លើ​ម្ចាស់ផ្ទះ​។ ពីរ​នាទី​ក្រោយមក​កីឡាករ ម៉ាត់ នូ​រុណ បា​នរក​គ្រាប់​បាល់​តាម​ពីក្រោយ ៣-១ សម្រាប់​អគ្គិសនី​កម្ពុជា​។

៣​នាទី​ក្រោយមក​ភាពសប្បាយ​រីករាយ​រប​ស់​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា​ត្រូវបាន​ស្ងាត់​វិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Okoro Mathew Osa បានសម្រេច​គ្រាប់​ទី​៤​សម្រាប់​ណាហ្គា​វើ​ល មុន​មិត្ត​រួម​ជាតិ George Bisan សម្រេច​គ្រាប់​ទី​៣​របស់ខ្លួន​នៅ​នាទី​ទី​៩១​។ ហើយ​វា ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៥-១ សម្រាប់​ណាហ្គា​វើ​ល​លើ​ក្រុម​អគ្គិសនី​កម្ពុជា​ផងដែរ​៕  


'
Tag:
 Cambodian League 2018
  វិសាខា​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1617next