ជាតិ
កូរ៉េខាងត្បូង យល់ព្រម​ជួយ​សង់ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ តាម​សំណើ​នាយករដ្ឋមន្ត្រី​កម្ពុជា
12, Mar 2018 , 2:46 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជួបជាមួយលោក Oh Nak-Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេសកម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជួបជាមួយលោក Oh Nak-Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោម​ការឧបត្ថម្ភ​រប​ស់​កូរ៉េខាងត្បូង កម្ពុជា នឹងមាន​ស្ពាន​ថ្មី​មួយ​បន្ថែមទៀត ដែល​ឆ្លង​កាត់​ទន្លេមេគង្គ​។  នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​សេចក្តីប្រកាស​ព័ត៌មាន​នេះ ត្រូវបាន​ផ្សព្វផ្សាយ បន្ទាប់ពី​បញ្ចប់​កិច្ចសន្ទនា​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​លោក Oh Nak-Young ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២0១៨​។ ផ្អែកលើ​សេចក្តីប្រកាស​ព័ត៌មាន លោក ប្រាក់ សុខុន បាន​អរគុណ​រដ្ឋាភិបាល​កូរ៉េ ដែល​បានផ្តល់​ជំនួយ​មក​ឲ្យ​កម្ពុជា ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​នានា​។

​ប្រភព​ខាងលើ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​កូរ៉េ ដែល​ទទួលយក​សំណើ​របស់​សម្តេច ហ៊ុន សែន ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេមេគង្គ​»​។



​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​ក​ម្ពុ​ជា មិនបាន​បញ្ជាក់​នោះទេ ថា​ការសាងសង់​ស្ពាន​ថ្មី​នេះ នឹងត្រូវ​ចាប់ផ្តើម​នៅពេលណា​។ ម្យ៉ាងទៀត ទំហំ​ថវិកា សម្រាប់​សាងសង់​ស្ពាន​នេះ ក៏​មិនទាន់​បង្ហាញ​ដែរ​។ 
 
​គួររម្លឹកថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២0១៨ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​ជាមួយ​លោក Oh Nak-young ហើយក៏​ស្នើ​ឲ្យ​ជួយ​កសាង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​។ នៅក្នុង​ជំនួប​នាពេលនោះ សម្តេច ហ៊ុន សែន បាន​លើកឡើងថា បច្ចុប្បន្ន មានតែ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន  និង​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ពុំទាន់​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ នោះទេ​៕


Tag:
 ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com