កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប​មួយ​នៅ​ក្រិ​ក​ត្រូវបាន​ឆាចោល ដោយសារ​ម្ចាស់​ក្លិប PAOK ដើរចូល​ទីលាន​ទាំង​សៀត​កាំភ្លើង​ជាប់​ចង្កេះ​
12, Mar 2018 , 9:19 pm        
រូបភាព
លោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។ រូបថត AFP
លោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។ រូបថត AFP
ដោយ: ធីតា
​ការប្រកួត​នៅក្នុង​ក្របខណ្ឌ​កំពូល​ក្រិ​ក Greek Super League រវាង PAOK Thessaloniki និង​ភ្ញៀវ AEK Athens ត្រូវបាន​ឆាចោល បន្ទាប់ពី​ប្រធាន​ក្លិប​នៃ​ក្រុម​ម្ចាស់ផ្ទះ​បាន​ដើរចោល​ក្នុង​ទីលាន​ទាំង​សៀត​កាំភ្លើងខ្លី​នៅជាប់​ចង្កេះ​។ រឿងរ៉ាវ​បានកើត​ឡើង​នៅ​នាទីចុងក្រោយ​នៃ​ការប្រកួត​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​



​ឈានដល់​នាទី​៩០​ទៅហើយ ការប្រកួត​ត្រូវបាន​ព្យួរ បន្ទាប់ពី​ខ្សែការពារ Fernando Varela បាន​ស៊ុត​បាល់​បញ្ចូល​ទី ប៉ុន្តែ​អាជ្ញាកណ្តាល​បញ្ជាក់ថា បាល់​ក្រៅ​ល្បែង [​អក​ហ្សឺ​] ។ ការសម្រេច​នេះ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ PAOK ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​លោក Ivan Savvidis បាន​ដើរចូល​ទៅក្នុង​ទីលាន​ទាំង​មាន​កាំភ្លើង​នៅជាប់​ចង្កេះ​។​

​ក្លិប AEK Athens បាន​ចោទប្រកាន់​លោក Ivan Savvidis មហាសេដ្ឋី​ក្រិ​ក​-​រុស្ស៊ី ថា បាន​ទៅ​គំរាមកំហែង​លោក​អាជ្ញាកណ្តាល Giogos Kominos​។ ក្រោយមក លោក Kominos បាន​ប្តូរ​ការសម្រេចចិត្ត​រប​ស់​ខ្លួន ដោយ​ប្រកាស​ផ្តល់​គ្រាប់​បាល់​នោះ​ទៅ​ឲ្យ PAOK ពោលគឺ​ជ័យជម្នះ ១-០ ប៉ុន្តែ​ក្រុម​កីឡាករ AEK មិន​វិលត្រឡប់​ទៅកាន់​ទីលាន​វិញ​នោះឡើយ​។​

​ក្រុម​ភ្ញៀវ ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក Savvidis បាន​វាយប្រហារ​ទៅលើ​លោក Vasilis Dimitriadis ដែលជា​នាយក​ក្លិប​របស់ខ្លួន​។

​លោក​អាជ្ញាកណ្តាល Kominos កំពុង​រៀបចំ​របាយការណ៍​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​ក្រិ​ក ដើម្បី​ឈានដល់​ការសម្រេច​ពិន័យ​បុគ្គល និង​ក្លិប​ដែល​ពាក់ព័ន្ធ​ទាំងពីរ​៕



Tag:
 ក្រិ​ក​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com