កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបមួយនៅក្រិកត្រូវបានឆាចោល ដោយសារម្ចាស់ក្លិប PAOK ដើរចូលទីលានទាំងសៀតកាំភ្លើងជាប់ចង្កេះ លោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។ រូបថត AFP
× ការប្រកួតនៅក្នុងក្របខណ្ឌកំពូលក្រិក Greek Super League រវាង PAOK Thessaloniki និងភ្ញៀវ AEK Athens ត្រូវបានឆាចោល បន្ទាប់ពីប្រធានក្លិបនៃក្រុមម្ចាស់ផ្ទះបានដើរចោលក្នុងទីលានទាំងសៀតកាំភ្លើងខ្លីនៅជាប់ចង្កេះ។ រឿងរ៉ាវបានកើតឡើងនៅនាទីចុងក្រោយនៃការប្រកួត។ នេះបើតាមការផ្សាយរបស់ AFP។
ឈានដល់នាទី៩០ទៅហើយ ការប្រកួតត្រូវបានព្យួរ បន្ទាប់ពីខ្សែការពារ Fernando Varela បានស៊ុតបាល់បញ្ចូលទី ប៉ុន្តែអាជ្ញាកណ្តាលបញ្ជាក់ថា បាល់ក្រៅល្បែង [អកហ្សឺ] ។ ការសម្រេចនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះ PAOK ខឹងសម្បារយ៉ាងខ្លាំង ហើយលោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។
ក្លិប AEK Athens បានចោទប្រកាន់លោក Ivan Savvidis មហាសេដ្ឋីក្រិក-រុស្ស៊ី ថា បានទៅគំរាមកំហែងលោកអាជ្ញាកណ្តាល Giogos Kominos។ ក្រោយមក លោក Kominos បានប្តូរការសម្រេចចិត្តរបស់ខ្លួន ដោយប្រកាសផ្តល់គ្រាប់បាល់នោះទៅឲ្យ PAOK ពោលគឺជ័យជម្នះ ១-០ ប៉ុន្តែក្រុមកីឡាករ AEK មិនវិលត្រឡប់ទៅកាន់ទីលានវិញនោះឡើយ។
ក្រុមភ្ញៀវ ក៏បានបញ្ជាក់ផងដែរថា លោក Savvidis បានវាយប្រហារទៅលើលោក Vasilis Dimitriadis ដែលជានាយកក្លិបរបស់ខ្លួន។
លោកអាជ្ញាកណ្តាល Kominos កំពុងរៀបចំរបាយការណ៍ទៅសហព័ន្ធកីឡាបាល់ទាត់ក្រិក ដើម្បីឈានដល់ការសម្រេចពិន័យបុគ្គល និងក្លិបដែលពាក់ព័ន្ធទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com