ជាតិ
សម្តេច ហ៊ុន សែន ទៅ​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ស្របពេល​មាន​ចលនា​បាតុកម្ម​
12, Mar 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នឹងមាន​វត្ត​មាននៅ​ប្រទេស​អូស្ត្រាលី ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​។ ក្រុម​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វត្តមាន​សម្ដេចនាយករ​ដ្ឋ​មន្ត្រី​នៅ​ទីនោះ​ដែរ​។



​បើ​មាន​បាតុកម្ម​តវ៉ា​ប្រមុខ​រដ្ឋាភិបាល​មែន​នោះ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ធានា​ចំពោះ​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​នេះ​។ សម្ដេច ហ៊ុន សែន ធ្លាប់​អំពាវនាវ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​បែបនេះ ចំពោះមុខ​កម្មករ​រោងចក្រ​កន្លងមក​។​

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាសថា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី បើទោះជា​អ្នកប្រឆាំង​រដ្ឋាភិបាល ព្រមាន​ធ្វើបាតុកម្ម​ក្តី​។
អត្ថបទទាក់ទង


​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា សម្តេច ហ៊ុន សែន , ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ រវាង​លោក ប៉េ​ហាំង ដា​តូ លឹម ជុក ហ័យ អគ្គលេខាធិការ​អាស៊ាន និង​លោកស្រី ជូ​លី ប៊ី​ហ្ស​ប រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។

​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី សម្តេច ហ៊ុន សែន នឹង​ជួបប្រជុំ​ទ្វេភាគី ជាមួយ លោក ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​ជួប​អាហារ​ពេលព្រឹក​ជាមួយ​នាយ​រដ្ឋមន្ត្រី​វៀតណាម និង​ឡាវ​ផងដែរ​។

​ក្នុងពេល​ស្នាក់នៅ​ទីនោះ នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​អញ្ជើញ​ទស្សនា​វិមាន​អូ​ប៉េ​រ៉ា​ស៊ីដនី ទទួល​ជួប​សហគមន៍​ខ្មែរ នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា និង​អតីត​និស្សិត​អូស្ត្រាលី​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com