ជាតិ
អ្នកស្រាវជ្រាវ​ពិភាក្សាគ្នា​លើ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ​នៅ​កម្ពុជា​
12, Mar 2018 , 10:59 pm        
រូបភាព
​សៀមរាប​៖ និស្សិត និង​អ្នកស្រាវជ្រាវ​ជាតិ និង​អន្ដរជាតិ បាន​ជួបគ្នា​ពិភាក្សាគ្នា​ក្នុង​សិក្ខាសាលា​រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ឈានដល់​ការបង្កើត​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​ដំបូង​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​នេះ នឹងចូលរួម​បណ្ដុះបណ្តាល​អ្នកស្រាវជ្រាវ​ខ្មែរ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា​។



​សិក្ខាសាលា​ស្តីពី «​ការអភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​នៅ​កម្ពុជា គឺជា​គម្រោង​របស់ GEReSH-CAM  (Governance and Emergence of Research in Humanities In Cambodia) សម្របសម្រួល​ដោយ វិទ្យាស្ថាន​ជាតិ ភាសា និង អរិយធម៌​បូព៌ា បារាំង (Institut National des Langues et Civilisation Orientales de Paris) ដែល​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប​។ គម្រោង​នេះ​មាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៦ ដល់​២០១៩​។ បច្ចុប្បន្ននេះ មាន​សាកលវិទ្យាល័យ​ចំនួន​៣ ដែល​កំពុង​ចូលរួម​មាន​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​ជាតិ​អប់រំ រួមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



​បណ្ឌិត យូ​ស្សេ​ហ្វ ថាច់ ប្រធាន​គម្រោង និង​ជា​សាស្ត្រាចារ្យ​នៃ​វិទ្យាស្ថាន​ជាតិ ភាសា និង អរិយធម៌​បូព៌ា ហៅ​កាត់​ថា INALCO បាន​លើកឡើងថា សិក្ខាសាលា​នេះ​ផ្តោតលើ​២​ចំណុច​សំខាន់​។ ទីមួយ ចង់​ស្វែងយល់ថា អ្វី​ទៅជា​មនុស្សសាស្ត្រ និង​ថា​តើ​វា​មាន​សារសំខាន់​អ្វីខ្លះ​នៅក្នុង​សង្គម​។ ទី​ពីរ ព្យាយាម​យល់​ពីអ្វី​ជាការ​ស្រាវជ្រាវ​ផ្នែក​សង្គមសាស្ត្រ និង​ការយល់ដឹង​ពី​ទំនៀមទម្លាប់ ថា​តើ​វា​មាន​ទំនាក់ទំនង​ដូចគ្នា និង​ខុសគ្នា​បែបណា ដើម្បី​ឈានដល់​ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​នៅ​កម្ពុជា​។​



​លោក​បណ្ឌិត​បាន​ពន្យល់​ថា ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មនុស្សសាស្ត្រ​នៅ​កម្ពុជា មាន​សារសំខាន់​ណាស់ ព្រោះថា ការអប់រំ​ដែល​គ្មាន​ការស្រាវជ្រាវ នឹង​ធ្វើឱ្យ​ការអប់រំ​គ្មាន​ការផ្លាស់ប្តូរ និង​មិន​ដើរទៅ​មុខ​។ មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ទាំងអស់​អាចធ្វើ​ការ​ជាមួយគ្នា ព្យាយាម​យល់​ពី​កម្មវត្ថុ​ផ្សេងៗ ទាក់ទង​នឹង​មនុស្សសាស្ត្រ​។​

​ទាក់ទង​នឹង​ការស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ​នេះដែរ បណ្ឌិត យូ​ស្សេ​ហ្វ ថាច់ សង្កេតឃើញថា នៅតាម​បណ្តា​សាកលវិទ្យាល័យ​នៅ​កម្ពុជា នៅ​ខ្វះខាត​អ្នកស្រាវជ្រាវ​នៅឡើយ ពិសេស​អ្នកស្រាវជ្រាវ​ផ្នែក​សង្គមសាស្ត្រ និង​មនុស្សសាស្ត្រ ពួកគេ​មិនទាន់មាន​ឳ​កាស​ធ្វើ​ស្នាដៃ​ផ្ទាល់ខ្លួន​សម្រាប់​សាកលវិទ្យាល័យ​ពួកគេ ពិសេស​ជាងនេះទៀត​នោះ គឺ​កម្ពុជា​មិនទាន់មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្ទាល់ខ្លួន​។ លោក​បណ្ឌិត​រំពឹងថា តាមរយៈ​សិក្ខាសាលា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​១៦ ខែមីនា នៅ​មជ្ឈមណ្ឌល​ខេមរភាសា វត្ត​ដំណាក់ និង​សិក្ខាសាលា​ជាង​១០​ទៀត​នៅក្នុង​គម្រោង​នេះ នឹង​ជំរុញឱ្យមាន​អ្នកស្រាវជ្រាវ​យល់​ពីសារ​សំខាន់​នៃ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​មនុស្សសាស្ត្រ​នៅ​កម្ពុជា ថា​តើ​វា​បង្កើតឡើង​ដើម្បី​អ្វី ធ្វើ​អ្វីខ្លះ ដោយ​មិន​ចង់​គ្រាន់តែ​បង្កើត​ហើយ គ្មាន​មនុស្ស​ធ្វើការ​នោះឡើយ​។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​ជានា​យក​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា លោក យក់ ង៉ុ​យ មានប្រសាសន៍ថា គម្រោង​ខាងលើ នឹង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មនុស្សសាស្ត្រ​មួយ​នៅ​កម្ពុជា ដែលមាន​លក្ខណៈ​ជា​អន្ដរគ្រឹះ​ស្ថាន​។ លោក រំពឹងថា ទៅ​អនាគត នឹងមាន​គ្រឹះស្ថាន​អប់រំ និង​ក្រសួង​ចូលរួម​បន្ថែមទៀត ដើម្បី​គាំទ្រ​ធ្វើឱ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មនុស្សសាស្ត្រ​កាន់តែ​មាន​ភាព​សម្បូរបែប និង​ពេញលេញ​។​

​តាម​លោក យក់ ង៉ុ​យ រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​អប់រំ កំពុង​យកចិត្តទុកដាក់​លើ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​គណិតវិទ្យា ដើម្បី​ឆ្លើយតប​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ដើម្បី​ឈានដល់​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​។ លោក​បន្ថែមទៀតថា វិស័យ​សិក្សា​ស្រាវជ្រាវ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ ទាមទារ​ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ បណ្តុះបណ្តាល ដើម្បីឱ្យ​ប្រទេសមួយ​ក្លាយជា​ប្រទេស​មានការ​អភិវឌ្ឍ និង​ពេល​លេញ​។  លោក​បញ្ជាក់ថា តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា និស្សិត​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ៨០% សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​២០% ផ្នែក​វិស្វកម្ម​គណិតវិទ្យា ឬ​ហៅ​កាត់​ថា STEM ហើយ​ក្នុង​២០%​នោះ មាន​ប្រមាណ ១២%​ប៉ុណ្ណោះ ដែល​បានបញ្ចប់​ដោយ​ជោគជ័យ ដូច្នេះ​វា​មាន​អតុល្យភាព​ខ្ពស់​៕










Tag:
 ស្រាវជ្រាវ​
  យក់ ង៉ុ​យ
© រក្សាសិទ្ធិដោយ thmeythmey.com