ជាតិ
រថយន្ត
ពលរដ្ឋ​ខ្មែរ គួរ​បញ្ឈប់​ប្រើ​ទង្វើ​ហិង្សា​ឃោរឃៅ​!
12, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​ពលរដ្ឋ​ខ្មែរ​មួយចំនួន ចាប់ផ្ដើម​ឃោរឃៅ តាមរយៈ​ការប្រើប្រាស់​ហិង្សា​ទៅលើ​ជនសង្ស័យ ឬ​ជនបង្ក​ហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​បទល្មើស​ខុសច្បាប់​ផ្សេងៗ ក្រៅ​ប្រព័ន្ធ​ច្បាប់​។ សកម្មភាព​ពលរដ្ឋ​ទាំងនោះ កំពុង​បង្ហាញ​ពី​ទង្វើ​អសីលធម៌​នៅក្នុង​សង្គម​ខ្មែរ ដែល​ពលរដ្ឋ​គួរតែ​កែប្រែ​វិញ​ជាបន្ទាន់​។​

«​បើ​ប៉ះ​សាច់​គេ យើង​មិនដឹង​ឈឺ​ទេ ទាល់តែ​ប៉ះ​សាច់​ខ្លួនឯង​ទើប​ដឹង​ឈឺ​»​។ ពាក្យ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នាពេល​បច្ចុប្បន្ន និយម​ប្រើប្រាស់​សម្រាប់​ជះ​កំហឹង ឬ​ប្រើ​ហិង្សា​ទៅលើ​ជនសង្ស័យ ដែល​ប្រព្រឹត្ត​អំពើចោរកម្ម លួច ឆក់ ប្លន់ និង​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។

​ជាក់ស្ដែង​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បើទោះជា​អ្នកបើកបរ​ខុសច្បាប់ ហើយ​ព្រម​ឈប់​ដោះស្រាយ ឬ​រត់គេច​ក៏ដោយ ក៏​តែងតែ​ទទួលរង​ការប្រើប្រាស់​ហិង្សា ពី​សំណាក់​ប្រជាពលរដ្ឋ​ដែរ នៅពេលដែល​ពលរដ្ឋ​ឡោមព័ទ្ធ​ចាប់បាន​។ នោះ​ក៏​ព្រោះតែ ប្រជាពលរដ្ឋ​មួយចំនួន កំពុងមាន​និន្នាការ​តាម​គ្នា ក្នុង​ការប្រើ​ហិង្សា​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​ដាក់ទោស​ទៅលើ​អ្នកបើកបរ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​សង្គម ឬថា​ម្យ៉ាងទៀត​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ផ្ដល់​ទិដ្ឋភាព​គ្រោះថ្នាក់​សោកសៅ និង​រូបភាព​អាក្រក់ (​មាន​អ្នកស្លាប់ ឬ​ដាច់​ដៃ​-​ជើង​) ដល់​អារម្មណ៍​ប្រជាពលរដ្ឋ ទើប​ធ្វើ​ឲ្យ​ពួកគេ​ទប់​កំហឹង​មិនបាន​។ ប៉ុន្តែ​ការគិត​របស់​ពលរដ្ឋ​ខ្មែរ​បែបនេះ កំពុង​ជំរុញ​ឲ្យ​សង្គម​ខ្មែរ ធ្លាក់​ចូលទៅក្នុង​ការប្រព្រឹត្ត​អំពើហិង្សា​ឃោរឃៅ និង​អសីលធម៌​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​ថ្ងៃទី​១១ មីនា មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចោមរោម​ប្រើ​ហិង្សា​ទៅលើ​ជនសង្ស័យ​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះថា ស៊ុយ សារ៉េត សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើ​ដងផ្លូវ​ចាប់ពី​ម្ដុំ​ទួល​សង្កែ រហូតដល់​ម្ដុំ​ពេទ្យ​ព្រះ​កុស​មៈ ហៅ​ពេទ្យ​លោកសង្ឃ ។​

​ពលរដ្ឋ បាន​ជះ​កំហឹង​ទៅ​អ្នកបើកបរ​ខាងលើ​នោះ  ដោយ​ព្រួត​គ្នា​ប្រើ​ដំ​ថ្ម ដំបង និង​វត្ថុ​រឹង វាយ​ទៅលើ​ម្ចាស់​រថយន្ត និង​រថយន្ត​ខូចខាត​យ៉ាងដំណំ ដោយសារ​ពួកគេ​ភាគច្រើន ខឹង​នឹង​បុរស​នោះ បើករថយន្ត​គេច​មិន​ទទួលខុសត្រូវ ចំពោះ​កំហុស​ខ្លួន​ដែល​បាន​បុក​មនុស្ស​លើ​ដងផ្លូវ​។ ហេតុផល​ខឹង​នឹង​អ្នកបើកបរ​គេចខ្លួន​នេះ វា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​អារម្មណ៍​របស់​ពលរដ្ឋ ដើម្បី​ឈានទៅ​បង្ក​ហិង្សា​សងសឹក​ឲ្យ​ជនរងគ្រោះ ដែល​បុរស​ខាងលើនេះ បាន​បុក​ឲ្យ​គ្រោះថ្នាក់​ដូចគ្នា​។ ហើយ​អាច​និយាយ​ម្យ៉ាងទៀត តាម​ភាសា​និយាយ​លេង​របស់​មនុស្ស​ទូទៅ​ថា​«​ជីវិត​មួយ ដូរ​ជីវិត​មួយ​» (​អ្នកប្រព្រឹត្ត​ខុស​ឲ្យ​តែ​ពលរដ្ឋ​ចាប់បាន បើ​មិន​សល់​ដង្ហើមចង្រិត ក៏​ពិការ​ដែរ​) ។​

​តើ​មូល​ហេតុអ្វី​បានជា​ពលរដ្ឋ ជះ​កំហឹង​ទៅលើ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​?


​ទោសៈ​ក្នុង​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ ដែល​តែង​ប្រើ​ហិង្សា​ឃោរឃៅ​ទៅ​អ្នកប្រព្រឹត្ត​ខុសច្បាប់ នៅតាម​សាធារណៈ អាច​កើតឡើង​ពី​ដើមចម​មួយចំនួន​ជាអាទិ៍ ទី​១ ពលរដ្ឋ​ខ្មែរ​មិន​ទុកចិត្ត​លើ​ប្រព័ន្ធតុលាការ​បច្ចុប្បន្ន (​អំពើ​និ​ទណ្ឌ​ភាព «​អ្នកមាន​មូលធន និង​អំណាច តែងតែ​រួច​ទោស​») ។ ទី​២ ពលរដ្ឋ​អាចមាន​គំនិត​ស្អប់​អ្នកមាន​ទ្រព្យធន និង​សម្ភារ​និយម (​គិតថា ពួក​អ្នកមាន​ទ្រព្យធន​ទាំងនោះ ភាគច្រើន មើលងាយ​ជីវិត​អ្នកក្រ ដោយ​អាង​លុយ និង​អំណាច​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​)​។ ទី​៣ ជាតិ​សាសន៍​និយម (​បញ្ឆេះ​កំហឹង​ទៅលើ​អ្នកប្រព្រឹត្ត​ខុស ដោយ​ចោទ​ពួកគេ​ថា ជា​ជនជាតិ​វៀតណាម ឬក៏​ចិន​… ថា​មើលងាយ​ខ្មែរ​) និង​ទី​៤ ពលរដ្ឋ​ខ្វះ​ការពិចារណា ហើយ​កាត់ក្តី​ដោយ​ខ្លួនឯង (​តុលាការ​មហាជន​) ដោយ​គ្រាន់តែ​ជឿ​តាម​គ្នា និង​មិនចាំបាច់​ឃើញ​រូបភាព និង​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​…​។

​តើ​ទង្វើ​បស់​ពលរដ្ឋ ដែល​សម្រេចចិត្ត​ប្រើ​ហិង្សា ទៅលើ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ទស្សន​បែបនេះ ជា​រឿង​ត្រឹមត្រូវ​មែន​ទេ​? ចម្លើយ​នោះ គឺ​មិនត្រូវ​ទេ​! ព្រោះ​វា​សុទ្ធតែជា​ទស្សន​ខុសឆ្គង​របស់​ពលរដ្ឋ ដែល​កំពុង​ប្រាស់ចាក​សីលធម៌ ដែល​ធ្លាប់​ត្រូវបាន​គេ​លើកតម្កើង ជា​ជាតិ​សាសន៍​សុភាពរាបសារ ស្លូតបូត និង​ថ្លៃថ្នូរ ឲ្យ​ប្រែក្លាយជា​ជាតិ​សាសន៍​អមនុស្សធម៌ សាហាវព្រៃផ្សៃ ដែល​ពោរពេញ​ទៅដោយ​ទោសៈ​ក្នុង​ខ្លួន ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ សកម្មភាព​ពលរដ្ឋ​ទាំងនេះ កំពុងផ្ដល់​គំរូ​អាក្រក់​ដល់​ក្មេងជំនាន់ក្រោយ​។ ជាពិសេស​ធ្វើ​ឲ្យ​បរទេស​នានា ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា មាន​ភាពភ័យខ្លាច និង​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ពួកគេ​ទៀតផង​។ ហើយ​បើ​ព័ត៌មាន​អវិជ្ជមាន​ទាំងនេះ មានការ​ផ្សព្វផ្សាយ​ចេញពី​មាត់​ជនបរទេស​ដែល​រស់នៅ​កម្ពុជា នោះ​ចង់​មិន​ចង់ ក៏​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា​ដែរ​។

​ងាក​មក​និយាយ​ពី​ផ្លូវច្បាប់​វិញ ក្រុម​ពលរដ្ឋ​ដែល​បង្ក​ហិង្សា វាយ​ទៅ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​តាមច្បាប់​។ ជនបង្ក​ហិង្សា អាច​ជាប់ចោទ​ពីបទ​ល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏មាន​ស្ថាន​ទម្ងន់ទោស​ដែរ ព្រោះ​ពួកគេ​បាននាំគ្នា​ប្រើ​ហិង្សា​ជា​ក្រុម វាយបំផ្លាញ​ទៅ​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នកដទៃ​។​

​ចំណែក​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ពិតណាស់​ច្បាប់​ជា​អ្នក​ចាត់វិធានការ​។  ត្រង់​មាត្រា​៨០ ដល់ មាត្រា​៨៣ នៃ​ជំពូក​ទី​១០ ដែល​ចែង​អំពី​ទោស​បញ្ញត្តិ ក្នុង​ច្បាប់​ស្តី ចរាចរណ៍​ផ្លូវគោក ក៏មាន​ចែង​អំពី​ការដាក់ទោសទណ្ឌ​ទៅលើ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​ឲ្យ​មាន​ស្លាប់ របួស​ពិការ​ដៃ​-​ជើង​ដែរ​។​

​ប្រទេស​កម្ពុជា​មានច្បាប់ ហើយ​ពលរដ្ឋ​ក៏ត្រូវ​រស់នៅ​ក្រោម​ច្បាប់  ដូចនេះ​មាន​ទុក​ឲ្យ​អ្នកច្បាប់ ឬ​តុលាការ​ទេ ដែលជា​អ្នកដោះស្រាយ​លើ​បញ្ហា​នេះ​។ រីឯ​តុលាការ​ទៀតសោត ក៏ត្រូវ​ដាក់ទោស​ជនបង្ក​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ តាម​បច្ចេកទេស​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​ភាពយុត្តិធម៌​ដល់​ជនរងគ្រោះ និង​បង្ហាញ​ពី​សុក្រឹតភាព ឲ្យ​ពលរដ្ឋ​ជឿទុកចិត្ត​បាន​។​

​ដូច្នេះ​សរុបមក​វិញ ពលរដ្ឋ​ខ្មែរ​គួរ​បញ្ឈប់​ទង្វើ​ប្រើប្រាស់​ហិង្សា វាយ​ទៅលើ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍  អំពើ​លួច ឆក់ ប្លន់​នេះ​។ គប្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ខុសឆ្គង​ខាងលើនេះ មក​គិតពី​រឿង​សីលធម៌ សប្បុរសធម៌ សេចក្តី​សណ្ដោស​មេត្តា តាម​ទស្សន​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ប្រោស​សត្វលោក ឲ្យ​ចេះ​អធ្យាស្រ័យ យោគយល់​គ្នា ,​អប់រំ​ឲ្យ​មនុស្ស​ស្គាល់​អ្វី​ល្អ អ្វី​អាក្រក់ និង​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា ទើប​វា​ជា​រឿង​ប្រសើរ​ជាង​៕


Tag:
 ហិង្សា​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com