កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
ខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi មានរថយន្តទំនើបៗជាង១០គ្រឿង Messi បើករថយន្តផ្ទាល់ខ្លួន ក្រោយការហ្វឹកហាត់មួយនៅ Camp Nou។ រូបថត AFP
× Lionel Messi មានរថយន្តទំនើបជាច្រើន ក្នុងចំណោមនោះ មានរថយន្តជាង១០ ដែលត្រូវបានគេមើលឃើញថា ខ្សែប្រយុទ្ធឆ្នើមរបស់អាហ្សង់ទីន និងក្លិប Barcelona រូបនេះ ចូលចិត្តជិះបំផុត។
Messi មានរថយន្ត Ferrari 335 S Spider Scaglietti 1957 មួយគ្រឿង ហើយបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានា ខ្សែប្រយុទ្ធឆ្នើមរូបនេះ ទិញបានពីការដេញថ្លៃមួយក្នុងតម្លៃ ៣២លានអឺរ៉ូ ដោយឈ្នះ Cristiano Ronaldo ដែលជាគូប្រជែងនៅលើទីលានរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ Messi បានបដិសេធពាក្យចចាមអារ៉ាមនេះ តាមរយៈគណនី Instagram របស់ខ្លួន ដោយបង្ហោះរូបថតខ្លួនកាន់កូនរថយន្ត Ferrari តូចមួយក្នុងដៃ។
Lexus ទំហំម៉ាស៊ីន៥លីត្រ និងកម្លាំង៤២៣សេះ ត្រូវបានខ្សែប្រយុទ្ធកំពូលរូបនេះ ទិញក្នុងតម្លៃ៧៥០០០ដុល្លារអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បន្ទាប់មក គេឃើញ Messi ប្រើប្រាស់ Ferrari F430 Spider ដែលមានតម្លៃប្រមាណ ១៩០ ០០០ដុល្លារអាមេរិក។
Maserati Granturismo MC Stradale ដែលមានកម្លាំង៤៥០សេះ នេះ ត្រូវបានគេរាយការណ៍ថា Messi បានទិញធ្វើជាកាដូជូនដល់មិត្តភក្តិដ៏ជិតស្និទ្ធិម្នាក់ ខណៈរថយន្តម៉ាស៊ីនកម្លាំងខ្លាំង Dodge Charger SRT8 ជារថយន្តសំណព្វរបស់កីឡាកររូបនេះ កាលពីអំឡុងឆ្នាំ២០១៥ ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ Messi ធ្លាប់បើករថយន្ត Audi Q7 ឌុបភរិយារបស់ខ្លួន គឺនាង Antonella និងកូនប្រុស Thiago និង Mateo។ ម៉ាករថយន្តនេះ គេមានយ៉ាងហោចណាស់ពីរគ្រឿងទៀត គឺ Audi R8 ដែលមានតម្លៃប្រមាណ២០០ ០០០ដុល្លារអាមេរិក និង Audi R8 GT ដែលមានតម្លៃប្រមាណ៤០០ ០០០ដុល្លារអាមេរិក។
រថយន្តខ្នាតតូច Mini Cooper S Cabriolet ស្ថិតក្នុងចំណោមរថយន្តដែល Messi ប្រើប្រាស់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ជាមួយគ្នានេះ Messi ទទួលបានកាដូរថយន្តតម្លៃ ២០ ០០០ដុល្លារអាមេរិកពីក្រុមតូយ៉ូតា គឺ Toyota Prius បន្ទាប់ពី Barcelona បានយកឈ្នះក្រុមអាហ្សង់ទីន Estudiantes de La Plata នាការប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA Club World Cup កាលពីឆ្នាំ២០០៩ ។
Range Rover Vogue គឺជារថយន្តដ៏ថ្មីសន្លាងមួយសម្រាប់ Messi ហើយត្រូវបានគេសង្កេតឃើញថា កីឡាកររូបនេះ និយមជិះជាទីបំផុត។ បើតាមការផ្សាយរបស់ Steerzy.com រថយន្តផ្សេងទៀតរបស់ Messi រួមមាន Maserati Gran Turismo S, Cadillac Escalade, Lexus 4x4, Mercedes SLS និង Pagani Huayra ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com