អន្តរជាតិ
របាយការណ៍៖ សព្វាវុធលក់ដាច់ខ្លាំងដោយសារសង្គ្រាម និងជម្លោះនៅអាស៊ី និងមជ្ឈិមបូព៌ា
× របាយការណ៍ស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវសន្តិភាពអន្តរជាតិនៃក្រុងស្តុកខុល (SIPRI) បានបង្ហាញថា ការនាំចូលអាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ីមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ ការកើនឡើងនៃការទិញអាវុធនេះ ក៏ដោយសារក្នុងតំបន់សម្បូរជម្លោះ ភាពតានតឹង និងសង្គ្រាមផងដែរ។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទំហំសព្វាវុធ ៣២ ភាគរយនៃអាវុធនាំនាំចូលទូទាំងពិភពលោកត្រូវបានគេនាំទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយការនាំចូលសព្វាវុធនេះកើនឡើងដោយសារតែជម្លោះ និងសង្គ្រាមរ៉ាំរ៉ៃដែលបន្តកើតឡើងក្នុងតំបន់នោះផង។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់របាយការណ៍សិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពពិភពលោកនៃក្រុងស្តុកខុលដូច្នេះថា ចន្លោះពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ អាវុធដែលត្រូវនាំចេញទៅមជ្ឈិមបូព៌ាកើនឡើងដល់ ១០៣ ភាគរយបើប្រៀបធៀបរយៈពេលប្រាំឆ្នាំមុនដែរនោះ។
របាយការណ៍នោះបានរកឃើញទៀតថា ប្រទេសអារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសដែលនាំអាវុធចូលច្រើនជាងគេលំដាប់ទីពីរលើពិភពលោក បន្ទាប់ពីឥណ្ឌា។ រដ្ឋឈូងសមុទ្រដែលប្រកាន់សាសនាឥស្លាមស៊ូនីនេះនាំចូលអាវុធច្រើនដោយខ្លួនព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ផង និងបន្តធ្វើសង្គ្រាមនៅយេម៉ែនប្រឆាំងក្រុមឧទ្ទាមឥស្លាមប្រកាន់និកាយស៊ីអ៊ីតហ៊ូធីផងដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ អារ៉ាប៊ីសាអូឌីតនាំចូលអាវុធពីអាមេរិករហូតដល់ ៦១ ខណៈដែលរដ្ឋអារ៉ាប់នេះនាំចូលអាវុធត្រឹម ៣១ ភាគរយប៉ុណ្ណោះពីចក្រភពអង់គ្លេស។ ចុងសប្តាហ៍កន្លងទៅ អារ៉ាប៊ីសាអូឌីត ទើបចុះហត្ថលេខាទិញយន្តហោះចម្បាំងស៊េរីទំនើប Typhoon ចំនួន ៤៨ គ្រឿងពីអង់គ្លេស ប៉ុន្តែសកម្មជនសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីលនាំគ្នាតវ៉ា និង ថ្កោលទោសកិច្ចព្រមព្រៀងនេះ ដោយសារអាវុធទាំងនោះនឹងត្រូវអារ៉ាប៊ីសាអូឌីតប្រើប្រាស់ដើម្បីសម្លាប់ជនស៊ីវិលជាពិសេសកុមារតែម្តងនៅយេម៉ែន។
ចំណែកនៅអាស៊ី និងអូសេអានីវិញនោះក៏មិនធម្មតាដែរ។ តំបន់នេះនាំចូលសព្វាវុធមានទំហំរហូតដល់ ៤២ ភាគរយនៃសព្វាវុធនាំចូលទាំងអស់លើពិភពលោក។ មហាយក្សអាស៊ីខាងត្បូងឥណ្ឌាជាប្រទេសដែលនាំចូលសព្វាវុធច្រើជាងគេ ខណៈដែលរុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធរហូតដល់ ៦២ ភាគរយនៃអាវុធដែលឥណ្ឌានាំចូលសរុបផងដែរ។
គេអាចនិយាយបានថាជម្លោះ និងភាពតានតឹងតាមព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថាន រួមជាមួយចិនផងនោះ ធ្វើឲ្យឥណ្ឌាបន្តពង្រឹងអំណាចយោធារបស់ខ្លួនជាបន្តបន្ទាប់ និងនាំចូលអាវុធច្រើនសន្ធឹកផង។ ហើយ បច្ចុប្បន្ននោះ ឥណ្ឌាក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីផលិតអាវុធសម្រាប់បំពេញតម្រូវការក្នុងស្រុកបាននៅឡើយដែរ។
រីឯមហាយក្សចិនឯណោះវិញ បានក្លាយខ្លួនជាប្រទេសនាំចេញសព្វាវុធទៅកាន់ទីផ្សារអាស៊ីរួចទៅហើយ ក្រៅពីអាចផលិតអាវុធសម្រាប់ប្រើប្រាស់ក្នុងស្រុកនោះ។ យោងតាមរបាយការណ៍ដដែលនោះ សព្វាវុធដែលចិននាំចេញមានការកើនឡើងរហូតដល់ ៣៨ ភាគរយក្នុងរយៈពេលប្រាំឆ្នាំមកនេះ ហើយអាវុធទាំងនោះត្រូវបាននាំចូលទៅមីយ៉ាន់ម៉ា បង់ក្លាដែស និងប៉ាគីស្ថានផងដែរ។ មីយ៉ាន់ម៉ានាំចូលអាវុធ ៦៨ ភាគរយពីចិន ខណៈដែលបង់ក្លាដែសនាំអាវុធ ៧១ ភាគរយពីចិនដូចគ្នា។ ចំណែកសត្រូវឥណ្ឌា ប៉ាគីស្ថានក៏នាំចូលអាវុធប្រហែល ៧០ ភាគរយពីចិនដូចគ្នា។
© រក្សាសិទ្ធិដោយ thmeythmey.com