ជាតិ
នយោបាយជាតិ
អ្នករាយការណ៍នៃអង្គការសហប្រជាជាតិ ទៅសួរសម្តេច ស ខេង ពីជម្លោះដីធ្លីនៅស្រុកស្នួល លោកស្រី រ៉ូណា ស្មីត ជួបសម្តេច ស ខេង នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៨។ រូបពីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ ស្របពេលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កំពុងបំពេញទស្សកិច្ចនៅកម្ពុជា ស្រាប់តែជម្លោះដីធ្លីដ៏ធ្ងន់ធ្ងរមួយរវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏បានផ្ទុះឡើង។ ក្នុងជំនួបជាមួយសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៨ លោកស្រី រ៉ូណា ស្មីត ក៏ឆ្លៀតសួរពីវិវាទដីធ្លីនេះ ដើម្បីដឹងព័ត៌មានបន្ថែមនិងមូលហេតុពិតប្រាកដ។
ខ្លឹមសារនៃកិច្ចសន្ទនារវាងលោកស្រី រ៉ូណា ស្មីត និងសម្តេច ស ខេង ត្រូវបានផ្តល់ដល់អ្នកកាសែត ដោយលោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងមហាផ្ទៃ។ ក្រោយបញ្ចប់កិច្ចសន្ទនាបិទទ្វារប្រមាណជា២ម៉ោង អ្នកកាសែត មិនត្រូវបានអនុញ្ញាតឲ្យសម្ភាសលោកស្រី រ៉ូណា ស្មីត ឬសម្តេច ស ខេង នោះទេ។
បើតាមលោក ផាត សុផានិត សម្តេច ស ខេង ឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត ថា សម្តេច ទទួលបានរបាយការណ៍បឋមមួយចំនួនហើយ ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅស្រុកស្នូល ខេត្តក្រចេះ ដែលកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។ សម្តេច ស ខេង ប្រាប់លោកស្រី រ៉ូណា ស្មីត ទៀតថា សម្តេច បានចាត់ក្រុមការងារ ដែលរួមមាន ខាងនគរបាល និងខាងអធិការកិច្ច ឲ្យចុះទៅស្រាវជ្រាវបន្ថែមលើករណីនេះ។
ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិរូបនេះ បានស្រង់ចម្លើយរបស់សម្តេច ស ខេង ដែលផ្តល់ជូនលោកស្រី រ៉ូណា ស្មីត ទៅប្រាប់អ្នកកាសែតយ៉ាងណាដូច្នេះ ៖«សម្តេច [ប្រាប់លោកស្រីថា] មកដល់ពេលនេះ សម្តេច មិនទាន់ទទួលបានរបាយការណ៍ពីក្រុមការងារនោះទេ។ ពេលទទួលបានលទ្ធផលយ៉ាងណានោះ សម្តេច នឹងធ្វើកិច្ចការងារនេះ បន្តទៀត»។
គួររម្លឹកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២0១៨ ក្រុមសមត្ថកិច្ច ដែលការពារដីឲ្យក្រុមហ៊ុនឯកជនមួយ បានប្រើអាវុធ ខណៈប្រជាពលរដ្ឋទៅតវ៉ា។ អាជ្ញាធររួមទាំងតុលាការក្នុងខេត្តក្រចេះ បានអះអាងថា ការផ្ទុះអាវុធនេះ បានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន រងរបួស ប៉ុន្តែពុំមានអ្នកស្លាប់ នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com