កីឡាអន្តរជាតិ
អន្តរជាតិ
Southampton បញ្ចប់​តំណែង​អ្នកចាត់ការ បន្ទាប់ពី​ក្រុម​ស្ថិត​ក្បែរ​តំបន់​ត្រូវ​កាត់ចោល​
13, Mar 2018 , 11:02 am        
រូបភាព
Southampton បានបញ្ចប់​តំណែង​អ្នកចាត់ការ​លោក Mauricio Pellegrino បន្ទាប់ពី​ដឹកនាំ​ក្រុម​ស្ថិត​ក្បែរ​តំបន់​ត្រូវ​កាត់ចោល ប្រឈម​នឹង​ធ្លាក់​ចេញពី​ក្របខណ្ឌ Premier League រដូវ​កាល​ក្រោយ​។



​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៤៦​ឆ្នាំ ដឹកនាំ​ក្រុម Saints មិន​បានល្អ​នោះទេ​ដោយ​ឈ្នះ​តែម្តង​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត ១៧​លើកចុងក្រោយ និង​ចាញ់ Newcastle United ៣-០ កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​។​

Saints រកបាន​តែ ២៨​ពិន្ទុ​ទេ ក្នុង​៣០​ប្រកួត ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ នាំ​មុន​ក្រុម​នៅ​តំបន់​ត្រូវ​កាត់ចោល​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ចាប់តាំងពី Pellegrino បាន​ឡើងមក​ដឹកនាំ​ក្រុម​នេះ​ជំនួស​តំណែង​លោក Claude Puel កាលពី​ខែមិថុនា ឆ្នាំ ២០១៧​។ ក្នុង​ក្របខណ្ឌ Premier League សល់​តែ​៨​ប្រកួត​ទៀត​នឹងត្រូវ​បញ្ចប់​រដូវ​កាល ២០១៧-២០១៨ នេះហើយ​។​

Southampton ស្ថិតក្នុង​រដូវ​កាល​ទី​៦​របស់​ពួគ​នៅ​លី​ក​កំពូល​អង់គ្លេស​នេះ  និង​មិន​ធ្លាប់​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ក្រោម​លេខ​១៤​ដែរ​។ ពួកគេ​ក៏​ជា​ក្លិប​ទី​៩ ដែរ​ដែល​បាន​ដកតំណែង​អ្នកចាត់ការ​សម្រាប់​រដូវ​កាល​នេះ​។​

​ក្លិប Southampton សង្ឃឹមថានឹង​តែងតាំង​អ្នកចាត់ការ​ថ្មី​ឲ្យ​បាន​ឆាប់ ពោលគឺ​មុនពេល​ប៉ះ​ជាមួយ Wigan ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។​
​ក្រៅពី​លោក Pellegrino ជំនួយការ​របស់លោក​ពីររូប​ទៀត​រួមមាន លោក Carlos Compagnucci និង​លោក Xavier Tamarit ក៏បាន​ចាក​ចេញពី​ក្លិប​នេះ​ផងដែរ​៕


Tag:
 បាល់ទាត់​
  Mauricio Pellegrino
  Southampton
© រក្សាសិទ្ធិដោយ thmeythmey.com