តុលាការ​ដោះលែង ពលរដ្ឋ​៨​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល

ជាតិ
តុលាការ​ដោះលែង ពលរដ្ឋ​៨​នាក់ ដែល​ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នៅ​ស្រុក​ស្នួល
13, Mar 2018 , 2:20 pm         1512
រូបភាព
អយ្យការអមសាលាដំបូងខេត្តក្រចេះ ធ្វើសន្និសីទកាសែត ជុំវិញទំនាស់ដីធ្លីនៅស្រុកស្នួល
អយ្យការអមសាលាដំបូងខេត្តក្រចេះ ធ្វើសន្និសីទកាសែត ជុំវិញទំនាស់ដីធ្លីនៅស្រុកស្នួល
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ប៉ុន្មាន​មកនេះ ដោយសារ​តែមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​ព្រះរាជអាជ្ញា កែវ សុជាតិ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ នេះ​បើតាម​លោក ទីវ វុ​ធ​ធេ​ន អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​អយ្យការ​អម​តុលាការ​ខេត្តក្រចេះ​។



​លោក ទីវ វុ​ធ​ធេ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ទោះបីជា​ត្រូវបាន​ដោះលែង​ក្តី ប៉ុន្តែ​តុលាការ នៅតែ​អាច​កោះហៅ​ពួកគេ ឲ្យ​ចូល​បំភ្លឺ​ដដែល ប្រសិនបើជា​ការចាំបាច់​។ មន្ត្រី​ផ្នែក​រដ្ឋបាល​រូបនេះ បានបញ្ជាក់​បែបនេះ​៖«​គេ​ដោះលែង​ពួកគាត់​ហើយ​។ ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​»​។

​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២0១៨ ជម្លោះដីធ្លី​ដ៏​ធ្ងន់ធ្ងរ​មួយ​រវាង​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ បាន​ផ្ទុះឡើង ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ក្រុម​សមត្ថកិច្ច ដែល​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ បាន​ប្រើ​អាវុធ ខណៈ​ប្រជាពលរដ្ឋ​ទៅ​តវ៉ា​។ ក្រោយ​ផ្ទុះអាវុធ​ហើយ ប្រជាពលរដ្ឋ​ទាំង​៨​នាក់​ខាងលើ ក៏​ត្រូវបាន​ចាប់ខ្លួន​។

​ការផ្ទុះអាវុធ​នាពេលនោះ បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន រងរបួស​។ ប៉ុន្តែ អាជ្ញាធរ​រួមទាំង​តុលាការ​ក្នុង​ខេត្តក្រចេះ បាន​អះអាងថា ការផ្ទុះអាវុធ​នេះ ពុំបាន​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នោះទេ​។

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​ទៅ​ជួប​ហើយ​សួរ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​រក​មូលហេតុ​នៃ​ការកើតឡើង​នូវ​វិវាទ​ដីធ្លី​នេះ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ថា បាន​បញ្ជូន​ក្រុមការងារ ឲ្យ​ចុះទៅ​ស្រាវ​ជ្រាយ​ពី​ករណីនេះ​។ ប៉ុន្តែ មកដល់ពេលនេះ ក្រុមការងារ មិនទាន់បាន​ផ្តល់ព័ត៌មាន​បន្ថែម​មកកាន់​ក្រសួងមហាផ្ទៃ នោះទេ​៕   

អត្ថបទទាក់ទង




'
Tag:
 ជម្លោះដីធ្លី​
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next