ជាតិ
តុលាការដោះលែង ពលរដ្ឋ៨នាក់ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅស្រុកស្នួល អយ្យការអមសាលាដំបូងខេត្តក្រចេះ ធ្វើសន្និសីទកាសែត ជុំវិញទំនាស់ដីធ្លីនៅស្រុកស្នួល
× ប្រជាពលរដ្ឋចំនួន៨នាក់ ដែលត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នអស់រយៈពេលប៉ុន្មានមកនេះ ដោយសារតែមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ ក្នុងស្រុកស្នួល ខេត្តក្រចេះ ត្រូវបានព្រះរាជអាជ្ញា កែវ សុជាតិ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ។ នេះបើតាមលោក ទីវ វុធធេន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃអយ្យការអមតុលាការខេត្តក្រចេះ។
លោក ទីវ វុធធេន បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ទោះបីជាត្រូវបានដោះលែងក្តី ប៉ុន្តែតុលាការ នៅតែអាចកោះហៅពួកគេ ឲ្យចូលបំភ្លឺដដែល ប្រសិនបើជាការចាំបាច់។ មន្ត្រីផ្នែករដ្ឋបាលរូបនេះ បានបញ្ជាក់បែបនេះ៖«គេដោះលែងពួកគាត់ហើយ។ ប៉ុន្តែដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ»។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២0១៨ ជម្លោះដីធ្លីដ៏ធ្ងន់ធ្ងរមួយរវាងក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ បានផ្ទុះឡើង ក្នុងស្រុកស្នួល ខេត្តក្រចេះ។ ក្រុមសមត្ថកិច្ច ដែលការពារដីឲ្យក្រុមហ៊ុនឯកជននោះ បានប្រើអាវុធ ខណៈប្រជាពលរដ្ឋទៅតវ៉ា។ ក្រោយផ្ទុះអាវុធហើយ ប្រជាពលរដ្ឋទាំង៨នាក់ខាងលើ ក៏ត្រូវបានចាប់ខ្លួន។
ការផ្ទុះអាវុធនាពេលនោះ បានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួន រងរបួស។ ប៉ុន្តែ អាជ្ញាធររួមទាំងតុលាការក្នុងខេត្តក្រចេះ បានអះអាងថា ការផ្ទុះអាវុធនេះ ពុំបានប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានទៅជួបហើយសួរសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរកមូលហេតុនៃការកើតឡើងនូវវិវាទដីធ្លីនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់លោកស្រី រ៉ូណា ស្មីត ថា បានបញ្ជូនក្រុមការងារ ឲ្យចុះទៅស្រាវជ្រាយពីករណីនេះ។ ប៉ុន្តែ មកដល់ពេលនេះ ក្រុមការងារ មិនទាន់បានផ្តល់ព័ត៌មានបន្ថែមមកកាន់ក្រសួងមហាផ្ទៃ នោះទេ៕
Tag:
ជម្លោះដីធ្លី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com