ជាតិ
សហរដ្ឋអាមេរិក​រៀប​ចំ​ពិព័រណ៍​សិក្សា​លើកដំបូង​នៅ​ខេត្តសៀមរាប​
13, Mar 2018 , 2:48 pm        
រូបភាព
​សៀមរាប​៖ មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​ផ្នែក​អប់រំ សហការ​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានរៀបចំ​តាំង​ពិ​ព័រ​ណ៌​សិក្សា​ដំបូង​នៅក្នុង​ខេត្តសៀមរាប​។ ពិ​ព័រ​ណ៌​នេះ​បាន​ទាក់ទាញ​សិស្សានុសិស្ស​ជាច្រើន​ចូលរួម ដោយ​ពួកគេ​បានបង្ហាញ​ការចាប់អារម្មណ៍​ចំពោះ​ការសិក្សា​នៅ​សហរដ្ឋអាមេរិក​។​



​សិស្ស​ថ្នាក់​វិទ្យាល័យ​ចម្រុះ​ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា បាន​ចូលរួម​ក្នុង​កម្មវិធី​ពិ​ព័រ​ណ៌​សិក្សា ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក​។ យ៉ាងហោចណាស់ មាន​ស្តង់​ប្រឹក្សា​យោបល់​ប្រមាណ ២០​ស្តង់ ដែល​ត្រៀម​ផ្តល់​ប្រឹក្សា​យោបល់​ដល់​សិស្ស ដែលមាន​បំណង​ចង់ដឹង​ពី​ព័ត៌មាន ត្រៀម​ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​។

​លោក Michael Newbill  អនុប្រធាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​នៅ​សណ្ឋាគារ សោ​ម៉ា​ទី​វី អំពី​ភាពជោគជ័យ​នៃ​ការរៀបចំ​ពិធី​នេះ​ជា​លើកដំបូង​នៅ​ខេត្តសៀមរាប​។ លោក​បន្តថា ពិ​ព័រ​ណ៌​នេះ​ជាការ​ប្រាស្រ័យ​ទាក់ទង​រវាង​និស្សិត​កម្ពុជា និង​និស្សិត​សហរដ្ឋអាមេរិក​។



​តាម​ការលើកឡើង​រប​ស់លោក អនុប្រធាន​បេសកកម្ម​ស្ថានទូត​អាមេរិក បច្ចុប្បន្ន​មាន​និស្សិត​ខ្មែរ​ជាង ៥០០​នាក់ ដែល​បាននិងកំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​រយៈពេល​ចុងក្រោយ​នេះ សន្ទុះ​នេះ​មានការ​កើនឡើង​ច្រើន​។ លោក​បន្ថែមទៀតថា ជា​យុទ្ធសាស្ត្រ​សម្រាប់​សហ​អាមេរិក គឺ​ធ្វើ​យា​៉​ង​ណា ជំរុញ​ឱ្យ​សិស្ស​និស្សិត​ខ្មែរ ទៅ​សិក្សា​នៅ​អាមេរិក​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដែល​រួមមាន​តាមរយៈ​ការទំនាក់ទំនង​រវាង​អ្នកតំណាង​នៅតាម​សាកលវិទ្យាល័យ​ខ្មែរ និង​សហរដ្ឋអាមេរិក​។ មួយវិញទៀត លោក Michael Newbill លើកឡើងថា មុខ​វិទ្យា​សិក្សា​មួយចំនួន​នៅ​កម្ពុជា មាន​ភាពស្រដៀងគ្នា​ទៅនឹង​ប្រព័ន្ធ​អប់រំ​នៅ​សហរដ្ឋអាមេរិក​ដែរ ដូច្នេះ​វា​មាន​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ ឫ​ជំរុញឱ្យមាន​ការសិក្សា​ទៅកាន់​សហរដ្ឋអាមេរិក​។​

​អនុប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប លោក លី ប៊ុន​ណា បានឱ្យដឹងថា ពិ​ព័រ​ណ៌​ការសិក្សា​របស់​សហរដ្ឋ​អាមេរិក​នេះ គឺមាន​សារសំខាន់​ណាស់​សម្រាប់​ជាការ​ផ្តល់​ប្រឹក្សា ពិគ្រោះ​យោបល់ ដែលមាន​បំណង​សិក្សា​នៅ​សហរដ្ឋអាមេរិក​។ លោក​បន្ថែមថា បច្ចុប្បន្ន​សិស្ស និស្សិត​ខ្មែរ​មួយចំនួន​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ចេញទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន ដូចជា​សហរដ្ឋអាមេរិក​ជាដើម​៕










Tag:
 ពិ​ព័រ​ណ៌​សិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com