អន្តរជាតិ
អាមេរិកស្នើ UN រក្សាទណ្ឌកម្មលើកូរ៉េខាងជើងរហូតជំនួបមេដឹកនាំចេញផ្លែផ្កា លោក HR McMaster ទីប្រឹក្សាសន្តិសុខអាមេរិក (រូបភាព៖ AFP)
× សហរដ្ឋអាមេរិក បានស្នើឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង រហូតមានដំណើការជាក់ស្ដែងលើកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនីស្តមួយនេះសិន។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងតំណាងប្រទសនៃសមាជិកក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី១២ ខែមីនា។
ទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្ដី អាមេរិកមិនបានបង្ហាញសញ្ញាបន្ធូរបន្ថយសម្ពាធលើកូរ៉េខាងជើងឡើយ។ អាមេរិកបានប្រាប់ឲ្យអន្តរជាតិបន្តដាក់សម្ពាធអតិបរមាលើកូរ៉េខាងជើង លុះត្រាណាកូរ៉េខាងជើងសុខចិត្តបោះបង់នុយក្លេអ៊ែររបស់ខ្លួន។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក HR McMaster ស្នើដូចនេះ ពេលជួបជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក។
លោកឧត្តមសេនីយ៍ HR McMaster និងអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley ជួបជាតំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ តំណាងកូរ៉េខាងត្បូង និងជប៉ុន ដើម្បីរាយការណ៍ពីគម្រោងជំនួបត្រាំ-គីម ដែលរៀបចំនៅខែឧសភា។ មន្ត្រីអាមេរិកបានរៀបរាប់ពីយុទ្ធសាស្ត្ររបស់ក្រុងវ៉ាស៊ីនតោន និងលើកឡើងពីសារសំខាន់ក្នុងការរក្សាសម្ពាធលើកូរ៉េខាងជើង ក្នុងរយៈពេលជំនួបចរចាប្រវត្តិសាស្ត្រនេះ។
ទាំងលោក HR McMaster និងលោកស្រី Haley សុទ្ធតែបានប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៤ប្រទេសផ្សេងទៀត រួមគ្នាប្រើប្រាស់ឆន្ទៈនយោបាយ និងធនធានដែលមានដើម្បអនុវត្តសេចក្ដីសម្រេចដាក់ទណ្ឌកម្មលើកូរ៉េខាងជើងឲ្យបានពេញលេញ។ ក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្មខ្លាំងៗលើក្រុងព្យុងយ៉ាងក្រោយការសាកល្បងនុយក្លេអ៊ែរលើកទី៦ មក ដោយសំដៅកាត់ផ្ដាច់ប្រភពហរិញ្ញវត្ថុរបស់រដ្ឋនេះ និងបង្ខំឲ្យចូលតុចរចាវិញ។
កន្លងមក ក្រុងវ៉ាស៊ីតោនអះអាងថា ការណ៍ដែលមេដឹកនាំកូរ៉េខាងជើងចង់ជួបលោក ត្រាំ គឺជាលទ្ធផលនៃទណ្ឌកម្មឥតស្រាកស្រាន្តរបស់អន្តរជាតិតែម្ដង។ ទណ្ឌកម្ម និងសម្ពាធជាអតិបរមាទាំងនោះ កំពុងធ្វើឲ្យកូរ៉េខាងជើងរងទុក្ខ និងបង្ខំចិត្តបោះដៃរកអន្តរជាតិដើម្បីសម្រាលបន្ទុកដ៏ធ្ងន់ ដែលកើតចេញពីមហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរ។ នេះក៏ជាសញ្ញាបង្ហាញថា កូរ៉េខាងជើងកាន់តែឯកោដែរ ព្រោះចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនោះ បានគាំទ្រការដាក់ទណ្ឌកម្មនេះដែរ។
សូមរំឭកបន្តិចថា កាលពីសប្ដាហ៍មុន លោក ត្រាំ បានយល់ព្រមតាមសំណើសុំជួបរបស់លោក គីម ជុងអ៊ុន ។ ប៉ុន្តែទីកន្លែង និងពេលវេលាជាក់លាក់មិនទាន់ត្រូវបានកំណត់នៅឡើយ។ ប្រធានបទនៃជំនួបនេះ គឺការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រកាសក្ដែងហើយថា ខ្លួនមានឆន្ទៈបោះបង់នុយក្លេអ៊ែរ បើសន្តិសុខរបស់ខ្លួនត្រូវបានធានានោះ។ លោក ត្រាំ ហាក់មានសុទិដ្ឋិនិយមខ្ពស់នៅមុនជំនួបនេះមកដល់ និងបានព្រលយពីកិច្ចព្រមព្រៀងមួយផងដែរ៕
Tag:
អាមេរិក
UN
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com