អន្តរជាតិ
អាមេរិក​ស្នើ UN រក្សា​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​រហូត​ជំនួប​មេដឹកនាំ​ចេញ​ផ្លែផ្កា​
13, Mar 2018 , 3:20 pm        
រូបភាព
លោក HR McMaster ទីប្រឹក្សាសន្តិសុខអាមេរិក (រូបភាព៖ AFP)
លោក HR McMaster ទីប្រឹក្សាសន្តិសុខអាមេរិក (រូបភាព៖ AFP)
​សហរដ្ឋអាមេរិក បានស្នើ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង រហូត​មានដំណើ​ការជាក់ស្ដែង​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​សិន​។  សំណើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក និង​តំណាង​ប្រ​ទស​នៃ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​១២ ខែមីនា​។



​ទោះជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្រម​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្ដី អាមេរិក​មិនបាន​បង្ហាញ​សញ្ញា​បន្ធូរបន្ថយ​សម្ពាធ​លើ​កូរ៉េខាងជើង​ឡើយ​។ អាមេរិក​បាន​ប្រាប់​ឲ្យ​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ​អតិបរមា​លើ​កូរ៉េខាងជើង លុះត្រា​ណា​កូរ៉េខាងជើង​សុខចិត្ត​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក HR McMaster ស្នើ​ដូចនេះ ពេល​ជួប​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ទីក្រុង​ញូវយ៉ក​។

​លោក​ឧ​ត្ត​ម​សេនីយ៍ HR McMaster និង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley ជួប​ជា​តំណាង​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ តំណាង​កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​រាយការណ៍​ពី​គម្រោង​ជំនួប​ត្រាំ​-​គីម ដែល​រៀបចំ​នៅ​ខែឧសភា​។ មន្ត្រី​អាមេរិក​បាន​រៀបរាប់​ពី​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន និង​លើកឡើង​ពី​សារសំខាន់​ក្នុងការ​រក្សា​សម្ពាធ​លើ​កូរ៉េខាងជើង ក្នុង​រយៈពេល​ជំនួប​ចរចា​ប្រវត្តិសាស្ត្រ​នេះ​។​

​ទាំង​លោក HR McMaster និង​លោកស្រី Haley សុទ្ធតែ​បាន​ប្រាប់​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៤​ប្រទេស​ផ្សេងទៀត រួមគ្នា​ប្រើប្រាស់​ឆន្ទៈ​នយោបាយ និង​ធនធាន​ដែលមាន​ដើ​ម្ប​អនុវត្ត​សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឲ្យ​បាន​ពេញលេញ​។ ក្រុមប្រឹក្សាសន្តិសុខ​បានដាក់​ទណ្ឌកម្ម​ខ្លាំងៗ​លើ​ក្រុង​ព្យុងយ៉ាង​ក្រោយ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ មក ដោយ​សំដៅ​កាត់ផ្ដាច់​ប្រភព​ហរិញ្ញវត្ថុ​របស់​រដ្ឋ​នេះ និង​បង្ខំ​ឲ្យ​ចូល​តុ​ចរចា​វិញ​។​

​កន្លងមក ក្រុង​វ៉ា​ស៊ី​តោន​អះអាងថា ការណ៍​ដែល​មេដឹកនាំ​កូរ៉េខាងជើង​ចង់​ជួប​លោក ត្រាំ គឺជា​លទ្ធផល​នៃ​ទណ្ឌកម្ម​ឥត​ស្រាកស្រាន្ត​របស់​អន្តរជាតិ​តែម្ដង​។ ទណ្ឌកម្ម និង​សម្ពាធ​ជា​អតិបរមា​ទាំងនោះ កំពុង​ធ្វើ​ឲ្យ​កូរ៉េខាងជើង​រង​ទុក្ខ និង​បង្ខំចិត្ត​បោះដៃ​រក​អន្តរជាតិ​ដើម្បី​សម្រាល​បន្ទុក​ដ៏​ធ្ងន់ ដែល​កើតចេញពី​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​។ នេះ​ក៏​ជា​សញ្ញា​បង្ហាញថា កូរ៉េខាងជើង​កាន់តែ​ឯកោ​ដែរ ព្រោះ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នោះ បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​នេះដែរ​។​

​សូម​រំឭក​បន្តិច​ថា កាលពី​សប្ដាហ៍​មុន លោក ត្រាំ បាន​យល់ព្រម​តាម​សំណើសុំ​ជួប​របស់លោក គីម ជុង​អ៊ុន ។ ប៉ុន្តែ​ទីកន្លែង និង​ពេលវេលា​ជាក់លាក់​មិនទាន់​ត្រូវបាន​កំណត់​នៅឡើយ​។ ប្រធានបទ​នៃ​ជំនួប​នេះ គឺ​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ កូរ៉េខាងជើង​បានប្រកាស​ក្ដែ​ង​ហើយ​ថា ខ្លួន​មាន​ឆន្ទៈ​បោះបង់​នុយក្លេអ៊ែរ បើ​សន្តិសុខ​របស់ខ្លួន​ត្រូវបាន​ធានា​នោះ​។ លោក ត្រាំ ហាក់​មាន​សុទិដ្ឋិនិយម​ខ្ពស់​នៅមុន​ជំនួប​នេះ​មកដល់ និង​បាន​ព្រលយ​ពី​កិច្ចព្រមព្រៀង​មួយ​ផងដែរ​៕


Tag:
 អាមេរិក​
  UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com