សេដ្ឋវិទូ​ព្រមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ​ឡើង​បន្ទាប់ពី​ការដាក់​ពន្ធ​ដែកថែប​របស់​អាមេរិក​

សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋវិទូ​ព្រមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ធ្ងន់ធ្ងរ​ឡើង​បន្ទាប់ពី​ការដាក់​ពន្ធ​ដែកថែប​របស់​អាមេរិក​
13, Mar 2018 , 7:59 pm         2138
រូបភាព
រូបភាព៖​ Openeyesopinion.com
រូបភាព៖​ Openeyesopinion.com
ដោយ: VOA
​ឡុង​ដ៍ ៖ ​ក្នុង​យុទ្ធនា​ការឃោសនា​សម្រាប់​តំណែង​ប្រធានាធិបតី លោក Donald Trump បាន​សន្យា​ការពារ​វិស័យ​ឧស្សាហកម្ម​របស់​សហរ​ដ្ឋ​អាមេរិក ដែល​លោក​បាន​និយាយថា ឧស្សាហកម្ម​អាមេរិក​ត្រូវបាន​បំផ្លាញ​ដោយ​ផលិតផល​ថោកៗ​នាំចូល​ពី​បរទេស​។ ខណៈដែល​រដ្ឋបាល​លោក Trump រៀបចំ​ធ្វើតាម​ការសន្យា​នេះ ដៃគូ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​សច្ចា​ថា​និង​សងសឹក​វិញ​។​



​ការនាំចេញ​អាលុយមីញ៉ូម​របស់​ប្រទេស​ចិន បាន​កើនឡើង​ច្រើនជាង ២៥ ភាគរយ ក្នុង​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​បន្ថែម​ពន្ធ​ថ្មី​លើ​ទំនិញ​នាំចូល​។​

​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi ថ្លែងថា​៖

«​វា​នឹង​ប៉ះពាល់​ដល់​ភាគី​ទាំងពីរ ហើយ​ប្រទេស​ចិន​ប្រាកដជា​នឹងធ្វើ​ការឆ្លើយតប​ដែល​ចាំបាច់​និង​សម​ហេតុផល​មួយ​»​។​

​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក៏បាន​ព្រមាន​ដាក់​វិធានការ​តទល់ សំដៅលើ​ការនាំចេញ​ទំនិញ​អាមេរិក​ផងដែរ​។​

​លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថ្លែងថា​៖

«​ផលិតផល​ដែកថែប ដែល​រាប់បញ្ចូល​ផលិតផល​ឧស្សាហកម្ម​និង​ផលិតផល​កសិកម្ម ហើយ​ប្រភេទ​ស្រា​វី​ស្គី Bourbon មួយចំនួន ក៏ដូចជា​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា​ប៊ឺ​ធ្វើ​ពី​សណ្ដែកដី ផ្លែ Cranberries ទឹកក្រូច​ច្របាច់ គឺ​ពិតជា​ស្ថិតក្នុង​បញ្ជី​ដំឡើង​ពន្ធ​នេះ​»​។​

​ប្រធានាធិបតី Trump អះអាងថា ឧស្សាហកម្ម​ដែកថែប​និង​អាលុយមីញ៉ូម​របស់​សហ​រដ្ឋ​អាមេរិក មាន​សារៈសំខាន់​សម្រាប់​វិស័យ​ការពារជាតិ ដូច្នេះហើយ​ពន្ធ​ទាំងឡាយ​លើ​ទំនិញ​ទាំងនេះ គឺ​ចាំបាច់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។​

​អ្នកវិភាគ លោក​សាស្ត្រាចារ្យ Ken Shadlen និយាយថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO អាច​ជួបប្រទះ​និង​ការសម្រេចចិត្ត​ដ៏​ពិបាក​មួយ​។ លោក​ពន្យល់ថា​៖

«​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អាច​និយាយថា សហរដ្ឋអាមេរិក​អាច​ដំឡើង​ពន្ធ​បាន​ក្នុង​លក្ខខណ្ឌ​លើកលែង លើ​ករណី​សន្តិសុខ​ជាតិ​។ ហើយ​បើ​រឿងនេះ​កើតឡើង ប្រព័ន្ធ​របស់​អង្គការ​ទាំងមូល​គឺ​ត្រូវ​ខូច​។ ពីព្រោះ​សំខាន់ អ្នក​អាចធ្វើ​អ្វី​ក៏បាន​ដែរ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​»​។​

​លោក​សាស្ត្រាចារ្យ Shadlen និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ ១៩៩៤ ដោយ​យល់ថា ពន្ធ​នាំចូល​របស់​សហរដ្ឋអាមេរិក មានការ​កំណត់​តឹងរ៉ឹង​អំពី​ការដំឡើង​ពន្ធ ដែល​គេ​ហៅថា ពន្ធ​មានកំណត់​ព្រំដែន​។​

​លោក​បញ្ជាក់ថា​៖ «​ប្រទេស​ខ្លះ​ពេញ​ចិត្តនឹង​កិច្ចព្រមព្រៀង​ទាំងនោះ​។ ប្រទេស​ខ្លះទៀត​មិន​ពេញចិត្ត​ផ្នែក​មួយចំនួន​នៃ​កិច្ចព្រមព្រៀង​ទាំងនោះ​។ អ្នក​ព្រម​ទទួលយក​អ្វីដែល​អ្នក​មិន​ចង់​ធ្វើ ដើម្បី​ទទួលបាន​សម្បទាន​អ្វីមួយ​។ ហើយ​សម្បទាន​មួយ​ក្នុងចំណោម​សម្បទាន​ផ្សេងទៀត គឺ​ពន្ធ​របស់​សហរដ្ឋអាមេរិក​ដែល​កំណត់ព្រំដែន​ក្នុង​អត្រា​ដែល​ទាប​សមរម្យ​មួយ​។ ហើយ​នេះ​ជា​លក្ខខណ្ឌ​ព្រមព្រៀងគ្នា​ក្នុង​ឆ្នាំ ១៩៩៤​។ ដូច្នេះ​ឥឡូវនេះ ២៥​ឆ្នាំ​ក្រោយមក បើសិន​សហរដ្ឋអាមេរិក​អាច​លុបបំបាត់​ការកំណត់​ព្រំដែន​ពន្ធ​នេះ​យ៉ាង​ងាយស្រួល វា​ពិត​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​»​។​

​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប និយាយថា គេ​កំពុង​សម្រប​សម្រួលការ​ខំប្រឹងប្រែង​មួយ​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក ដើម្បី​ត្រៀមខ្លួន​ប្រឈម​នឹង​ពន្ធ​របស់​សហរដ្ឋអាមេរិក​។ ស្រមោល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​លេចឡើង ហើយ​គ្រប់គ្នា​ខ្លាច​ថា​នឹងមាន​ការខាតបង់​សេដ្ឋកិច្ច​ចំពោះ​គ្រប់ភាគី​ទាំងអស់​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com