អ្នករាយការណ៍​នៃ​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ពី​ដំណើរការ​ដឹកនាំ​ឯក​បក្ស​នៅ​កម្ពុជា​

ជាតិ
អ្នករាយការណ៍​នៃ​អង្គការសហប្រជាជាតិ ព្រួយបារម្ភ​ពី​ដំណើរការ​ដឹកនាំ​ឯក​បក្ស​នៅ​កម្ពុជា​
13, Mar 2018 , 3:51 pm         2874
រូបភាព
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ដំណើការ​ដឹកនាំ​ឯក​បក្ស​នៅ​កម្ពុជា ស្របពេល​គណបក្សប្រឆាំង​ដ៏​ធំ​ត្រូវបាន​តុលាការ​រំលាយ​។​



​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​លើកយក​បញ្ហា​រៀបចំ​ដំណើការ​បោះឆ្នោត ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​១៣ មីនា​នេះ​។ ក្នុងជំនួប​ពិភាក្សាគ្នា លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​លើកយក​ពី​ការដឹកនាំ​ព្រឹទ្ធសភា ដែល​មានតែ​គណបក្ស​ប្រជាជន​ទទួលបាន​អាសនៈ ក្នុង​នីតិកាល​ទី​៤​នេះ ដែល​លោកស្រី ស្មី​ត ចាត់ទុកថា វា​ជាស​ញ្ញា​មួយ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ សម្រាប់​ដំណើការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​។

​ឆ្លើយ​នឹង​សំនួរ​អ្នកសារព័ត៌មាន ដែល​សួរ​អំពី​កង្វល់​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​កម្ពុជា​នោះ អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា បើ​ឈានទៅរក​ការដឹកនាំ​បែប​ឯក​បក្ស​នោះ ខ្ញុំ​យល់ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​ប្រទេស​កម្ពុ​ជាមាន​រដ្ឋធម្មនុញ្ញ​មួយ ដែល​បានចែង​និង​ធានា​ឲ្យ​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ហើយ​នោះ​»​។​

​ជាមួយគ្នានេះ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បានស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ធានា​ដល់​ដំណើការ​បោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ ដើម្បី​អាច​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​គណបក្សនយោបាយ ដែល​ពួកគេ​ពេញចិត្ត​។​

​ត្រង់ចំណុច​នេះ​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត បាន​និយាយថា គជប ប្ដេជ្ញា​រៀបចំ​ការបោះឆ្នោត ឲ្យ​មាន​ភាពត្រឹមត្រូវ សេរី និង​យុត្តិធម៌ ដើម្បី​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។ ចំពោះ​ក្តី​ព្រួយបារម្ភ​របស់លោក​ស្រី រ៉ូ​ណា​ល់ ស្មី​ត វិញ លោក ហង្ស ពុទ្ធា បាន​ពន្យល់ថា អាសនៈ​ព្រឹទ្ធសភា ដែល​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នីតិកាល​ទី​៤​នេះ វា​កើតចេញពី​លទ្ធផល​បោះឆ្នោត​ ដូច្នេះ​គ្មានអ្វី​ដែល​អាច​ជំទាស់​លទ្ធផល​បោះឆ្នោត​នេះឡើយ​។ លោក ពុទ្ធា បាន​បន្ថែមថា គ​.​ជ​.​ប គឺជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដោយ​អនុវត្ត​តាមច្បាប់ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​លើ​បញ្ហានយោបាយ​នោះទេ​។​

​អ្នកនាំពាក្យ​គជប​រូបនេះ បាន​ស្រង់​សម្តី​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ ប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប មាន​តួនាទី​រៀបចំ​ការបោះឆ្នោត ដូច្នេះ​បើសិន​ជាមាន​សំឡេង​បក្ស​តែមួយ​នៅក្នុង​ព្រឹទ្ធសភា នោះ​គឺជា​ផល​ដែល​ទទួលបាន​ជាក់ស្ដែង​ពី​ការបោះឆ្នោត​។ ហើយ​សម្រាប់​ពេលអនាគត គ.ជ.ប មានការ​ប្ដេជ្ញា​រៀបចំ​ការបោះឆ្នោត​មួយ ឲ្យ​ពលរដ្ឋ​ទទួលយកបាន​… ដែល​គណបក្ស​ទាំងអស់​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់ ស្មើភាព​គ្នា​ក្នុង​ការធ្វើសកម្មភាព​ផ្សេងៗ​ស្របតាម​ច្បាប់​»​។​

​បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ចុះឈ្មោះ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២០ មេសា ខាងមុខ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​សន្លឹកឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា ។ បន្ថែម​ពីនេះ​លោក ហង្ស ពុទ្ធា ស្នើ​ឲ្យ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ត្រៀម​ដាក់​មន្ត្រី​សង្កេតការណ៍ ឬ​ដាក់​ការិយាល័យ​មួយ នៅ​ទីស្នាក់ការ គ​.​ជ​.​ប ដើម្បី​ឃ្លាំមើល​ពី​ភាព​អ​ព្យា​ក្រឹត្យ​របស់ គ​.​ជ​.​ប ក្នុង​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ខាងមុខនេះ​៕


'
Tag:
 រ៉ូ​ណា​ល់ ស្មី​ត​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next