អន្តរជាតិ
ចិនរុះរើរចនាសម្ព័ន្ធដឹកនាំរដ្ឋាភិបាលទ្រង់ទ្រាយធំដើម្បីបង្កើនប្រសិទ្ធភាពការងារ កិច្ចប្រជុំសភាប្រជាជនចិន (រូបភាព៖ Xinhua)
× នៅថ្ងៃទី១៣ ខែមីនា ចិនបានបញ្ចេញផែនការរុះរើរចនាសម្ព័ន្ធរដ្ឋាភិបាលទ្រង់ទ្រាយធំមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ស្ថាប័នរដ្ឋមួយចំនួន នឹងត្រូវបានច្របាច់បញ្ចូលគ្នាដើម្បីបង្កើតក្រសួងថ្មី ហើយក្រសួងខ្លះនឹងត្រូវបង្កើតថ្មីតែម្ដង។ ផែនការកែទម្រង់នេះ ត្រូវបានដាក់ឲ្យពិភាក្សាក្នុងកិច្ចប្រជុំសភាប្រជាជននៅថ្ងៃនេះ ហើយរំពឹងថា នឹងត្រូវបានអនុម័តនៅចុងសប្ដាហ៍នេះ។
ក្នុងគោលដៅបង្កើនប្រសិទ្ធភាព តួនាទី និងអំណាចស្ថាប័នរដ្ឋ រដ្ឋាភិបាលចិនបានលើកសំណើផ្លាស់ប្ដូររចនាសម្ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួន។ ក្នុងផែនការកែទម្រង់ដែលបញ្ជូនទៅឲ្យសភានៅថ្ងៃទី១៣ ខែមីនា ស្ថាប័នទទួលបន្ទុកការងារហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាទីភ្នាក់ងារការងារបរិស្ថាន នឹងត្រូវបញ្ចូលគ្នាដើម្បីពង្រឹងការងាររៀងៗខ្លួន ខណៈកិច្ចការហិរញ្ញវត្ថុ និងបរិស្ថាននេះ គឺជាអាទិភាពសំខាន់របស់ប្រធានាធិបតី ស៊ី ជិនភីង ក្នុងអាណត្តិនេះ។
បើតាមគម្រោង គណៈកម្មការត្រួតពិនិត្យធនាគារ និងគណៈកម្មការត្រួតពិនិត្យធានារ៉ាប់រង នឹងត្រូវបញ្ចូលគ្នាបង្កើតជាគណៈកម្មការថ្មីមួយ។ ការបញ្ចូលគណៈកម្មការទាំងពីរនេះ ត្រូវបានរំពឹងជាយូរមកហើយ ខណៈដែលចិនមានគោលដៅបង្កើនការគ្រប់គ្រងវិស័យហិរញ្ញវត្ថុដើម្បីទប់ស្កាត់ហានិភ័យ។ ចំណែកក្រសួង និងស្ថាប័នត្រូវបានបង្កើតថ្មីមានដូចជា ក្រសួងកសិកម្ម និងកិច្ចការជនបទ ក្រសួងអតីតយុទ្ធជន និងក្រសួងបរិស្ថានអេកូឡស៊ី ជាដើម។
ក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយ ចិនក៏បង្កើតគណៈកម្មការត្រួតពិនិត្យថ្នាក់ជាតិដើម្បីដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលត្រូវបញ្ចូលយន្តការប្រឆាំងអំពើពុករលួយរបស់រដ្ឋ និងបក្សចូលគ្នាតែម្ដង។ ក្រសួងត្រួតពិនិត្យរបស់រដ្ឋាភិបាលចិន និងការិយាល័យប្រឆាំងអំពើពុករលួយ នឹងត្រូវបញ្ចូលទៅក្នុងគណៈកម្មការថ្នាក់ជាតិ ដែលត្រូវបង្កើតថ្មី និងមានអំណាចខ្លាំងលើសតុលាការទៅទៀត។ ច្បាប់ស្ដីពីការត្រួតពិនិត្យអំពើពុករលួយត្រូវបានបញ្ចូនទៅកាន់សភាហើយ ដើម្បីអនុម័ត។
ជារួម ក្នុងករណីសំណើខាងលើត្រូវបានសភាប្រជាជនអនុម័តនោះ ក្រសួង និងគណៈកម្មការចំណុះរដ្ឋាភិបាលចិននឹងមានចំនួន២៦ ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ ចិនក៏មានផែនការបង្កើតទីភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ការបង្កើតទីភ្នាក់ងារនេះ គឺជាការផ្ដល់តួនាទីពេញលេញទៅឲ្យជំនួយអន្តរជាតិក្នុងការអនុវត្តនយោបាយការទូត និងជំរុញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ ទីភ្នាក់នេះនឹងទទួលខុសត្រូវរៀបចំគោលនយោបាយផ្ដល់ជំនួយ ត្រួតពិនិត្យ ក៏ដូចជាវាយតម្លៃប្រសិទ្ធភាពជំនួយផង។
នេះមានន័យថា នៅពេលខាងមុខ ក្រុងប៉េកាំងនឹងផ្ដោតការយកទុកដាក់លើការបង្កើនឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិតាមរយៈការផ្ដល់ជំនួយសន្ធឹកសន្ធាប់ទៅប្រទេស ជាពិសេសក្រោមក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវតែម្ដង។ លោក ស៊ី ជិនភីង ជាអ្នកដាក់ចេញគំនិតផ្ដួចផ្ដើមមានទំហំទឹកប្រាក់ពាន់លានដុល្លារនេះក្នុងឆ្នាំ២០១៣ ដើម្បីបង្កើតឡើងវិញផ្លូវសូត្របុរាណដែលភ្ជាប់អាស៊ី អាហ្វ្រិក និងអឺរ៉ុបឡើងវិញ។
ការរុះរើរចនាសម្ព័ន្ធរដ្ឋាភិបាលទ្រង់ទ្រាយធំនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ស៊ី ជិនភីង ក្នុងការពង្រឹងការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិនលើស្ថាប័នរដ្ឋ និងប្រសិទ្ធភាពការងារ។ ភាគច្រើននៃក្រសួង និងស្ថាប័នដែលត្រូវបញ្ចូលគ្នានោះ មានការទទួលខុសត្រូវជាន់គ្នា។ ជាមួយអំណាចពេញដៃ លោក ស៊ី មានលទ្ធភាពច្រើនក្នុងសម្រេចគោលដៅរបស់លោកដូចជាការកាត់បន្ថយភាពក្រីក្រ ដោះស្រាយបញ្ហាបរិស្ថាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ៕
© រក្សាសិទ្ធិដោយ thmeythmey.com