អន្តរជាតិ
ចិន​រុះរើ​រចនាសម្ព័ន្ធ​ដឹកនាំ​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​
13, Mar 2018 , 7:39 pm        
រូបភាព
កិច្ចប្រជុំសភាប្រជាជនចិន (រូបភាព៖ Xinhua)
កិច្ចប្រជុំសភាប្រជាជនចិន (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​១៣ ខែមីនា ចិន​បាន​បញ្ចេញ​ផែនការ​រុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ស្ថាប័នរដ្ឋ​មួយចំនួន នឹង​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ក្រសួង​ថ្មី ហើយ​ក្រសួង​ខ្លះ​នឹងត្រូវ​បង្កើត​ថ្មី​តែម្ដង​។ ផែនការ​កែទម្រង់​នេះ ត្រូវបាន​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​កិច្ចប្រជុំសភា​ប្រជាជន​នៅថ្ងៃនេះ ហើយ​រំពឹងថា នឹងត្រូវ​បានអនុម័ត​នៅ​ចុង​សប្ដាហ៍​នេះ​។​



​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព តួនាទី និង​អំណាច​ស្ថាប័នរដ្ឋ រដ្ឋាភិបាល​ចិន​បាន​លើកសំណើ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ក្រសួង​ស្ថាប័ន​របស់ខ្លួន​។ ក្នុង​ផែនការ​កែទម្រង់​ដែល​បញ្ជូនទៅ​ឲ្យ​សភា​នៅ​ថ្ងៃទី​១៣ ខែមីនា ស្ថាប័ន​ទទួលបន្ទុក​ការងារ​ហិរញ្ញវត្ថុ និង​ធនាគារ ក៏ដូចជា​ទីភ្នាក់ងារការងា​រ​បរិស្ថាន នឹងត្រូវ​បញ្ចូល​គ្នា​ដើម្បី​ពង្រឹង​ការងារ​រៀងៗ​ខ្លួន ខណៈ​កិច្ចការ​ហិរញ្ញវត្ថុ និង​បរិស្ថាន​នេះ គឺជា​អាទិភាព​សំខាន់​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុង​អាណត្តិ​នេះ​។​

​បើតាម​គម្រោង គណៈកម្មការ​ត្រួតពិនិត្យ​ធនាគារ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​ធានារ៉ាប់រង នឹងត្រូវ​បញ្ចូល​គ្នា​បង្កើតជា​គណៈកម្មការ​ថ្មី​មួយ​។ ការបញ្ចូល​គណៈកម្មកា​រទាំង​ពីរ​នេះ ត្រូវបាន​រំពឹង​ជា​យូរ​មកហើយ ខណៈដែល​ចិន​មាន​គោលដៅ​បង្កើន​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​។ ចំណែក​ក្រសួង និង​ស្ថាប័ន​ត្រូវបាន​បង្កើត​ថ្មី​មានដូចជា ក្រសួងកសិកម្ម និង​កិច្ចការ​ជនបទ ក្រសួង​អតីតយុទ្ធជន និង​ក្រសួងបរិស្ថាន​អេកូ​ឡ​ស៊ី ជាដើម​។

​ក្នុង​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ ចិន​ក៏​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ថ្នាក់ជាតិ​ដើម្បី​ដឹកនាំ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​ត្រូវ​បញ្ចូល​យន្តការ​ប្រឆាំង​អំពើពុករលួយ​របស់រ​ដ្ឋ និង​បក្ស​ចូលគ្នា​តែម្ដង​។ ក្រសួង​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ចិន និង​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ នឹងត្រូវ​បញ្ចូល​ទៅក្នុង​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ត្រូវបង្កើត​ថ្មី និង​មានអំណាច​ខ្លាំង​លើស​តុលាការ​ទៅទៀត​។ ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​អំពើពុករលួយ​ត្រូវបាន​បញ្ចូនទៅ​កាន់​សភា​ហើយ ដើម្បី​អនុម័ត​។​

​ជារួម ក្នុងករណី​សំណើ​ខាងលើ​ត្រូវបាន​សភា​ប្រជាជន​អនុម័ត​នោះ ក្រសួង និង​គណៈកម្មការ​ចំណុះ​រដ្ឋាភិបាល​ចិន​នឹងមាន​ចំនួន​២៦ ។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ចិន​ក៏មាន​ផែនការ​បង្កើត​ទីភ្នាក់ងា​រ​ផ្ដល់ជំនួយ​អន្តរជាតិ​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ការបង្កើត​ទីភ្នាក់ងារ​នេះ គឺជា​ការផ្ដល់​តួនាទី​ពេញលេញ​ទៅ​ឲ្យ​ជំនួយ​អន្តរជាតិ​ក្នុងការ​អនុវត្ត​នយោបាយ​ការទូត និង​ជំរុញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​។ ទី​ភ្នា​ក់​នេះ​នឹង​ទទួលខុសត្រូវ​រៀបចំ​គោលនយោបាយ​ផ្ដល់ជំនួយ ត្រួតពិនិត្យ ក៏ដូចជា​វាយតម្លៃ​ប្រសិទ្ធភាព​ជំនួយ​ផង​។​

​នេះ​មានន័យថា នៅពេល​ខាងមុខ ក្រុង​ប៉េកាំង​នឹង​ផ្ដោត​ការយក​ទុកដាក់​លើ​ការបង្កើន​ឥទ្ធិពល​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការ​ផ្ដល់ជំនួយ​សន្ធឹកសន្ធាប់​ទៅ​ប្រទេស ជាពិសេស​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​តែម្ដង​។ លោក ស៊ី ជិន​ភីង ជា​អ្នក​ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​មាន​ទំហំ​ទឹកប្រាក់​ពាន់​លាន​ដុល្លារ​នេះ​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​បង្កើត​ឡើងវិញ​ផ្លូវ​សូត្រ​បុរាណ​ដែល​ភ្ជាប់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​ឡើងវិញ​។ 

​ការរុះរើ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់លោក ស៊ី ជិន​ភីង ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​របស់​បក្ស​កុម្មុយនីស្ត​ចិន​លើ​ស្ថាប័នរដ្ឋ និង​ប្រសិទ្ធភាព​ការងារ​។ ភាគច្រើន​នៃ​ក្រសួង និង​ស្ថាប័ន​ដែល​ត្រូវ​បញ្ចូល​គ្នា​នោះ មានការ​ទទួលខុសត្រូវ​ជាន់គ្នា​។ ជាមួយ​អំណាច​ពេញដៃ លោក ស៊ី មានលទ្ធភាព​ច្រើន​ក្នុង​សម្រេច​គោលដៅ​របស់លោក​ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ ដោះស្រាយ​បញ្ហា​បរិស្ថាន និង​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​៕


Tag:
 ចិន​
  លី ខឹ​ឈាំ​ង
© រក្សាសិទ្ធិដោយ thmeythmey.com