ជាតិ
ក្រសួងមហាផ្ទៃ ឲ្យ​អង្គការ​សមធម៌​កម្ពុជា ធ្វើ​សកម្មភាព​ឡើងវិញ
13, Mar 2018 , 8:19 pm        
រូបភាព
អង្គការ-សមធមកម្ពុជា
អង្គការ-សមធមកម្ពុជា
ដោយ: ថ្មីៗ
​អង្គការ​សមធម៌​កម្ពុជា អាចធ្វើ​សកម្មភាព​ដូចដើម​វិញ​ហើយ ក្រោយ​ត្រូវបាន​ក្រសួងមហាផ្ទៃ ផ្អាក​អស់​រយៈពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្ញើជូន​លោក អៀង វុទ្ធី ប្រធាន​អង្គការ​សមធម៌​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨​។



​លិខិត​នោះ បញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ឡើងវិញ ដោយសារតែ​អង្គការ​សមធម៌​កម្ពុជា បាន​បំពេញ​កាតព្វកិច្ច​នានា តាម​ការទាមទារ​រប​ស់​ក្រសួងមហាផ្ទៃ​។ យ៉ាងណាក៏ដោយ តាមរយៈ​លិខិត​ខាងលើ ក្រសួងមហាផ្ទៃ បាន​ឆ្លៀត​ដាស់តឿន អង្គការ​សមធម៌​កម្ពុជា ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល រួមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​។

​គួររម្លឹកថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អង្គការ​សមធម៌​កម្ពុជា ផ្អាក​សកម្មភាព​មួយរយៈ​សិន ដោយសារតែ​មិនបាន​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ កាលនោះ ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យ​អង្គការ​នេះ ផ្តល់នូវ​ឯកសារ​មួយចំនួន ដែល​រួមមាន គណនី​សម្រាប់​ប្រតិបត្តិ និង​របាយការណ៍​ហិរញ្ញវត្ថុ ជាដើម ទើប​អាចធ្វើ​សកម្មភាព​ឡើងវិញ​៕



Tag:
 ​មហាផ្ទៃ​
  អង្គការ​សមធម៌​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com