ជាតិ
ក្រសួងមហាផ្ទៃ ឲ្យអង្គការសមធម៌កម្ពុជា ធ្វើសកម្មភាពឡើងវិញ អង្គការ-សមធមកម្ពុជា
× អង្គការសមធម៌កម្ពុជា អាចធ្វើសកម្មភាពដូចដើមវិញហើយ ក្រោយត្រូវបានក្រសួងមហាផ្ទៃ ផ្អាកអស់រយៈពេលប្រមាណជាកន្លះឆ្នាំ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានផ្ញើជូនលោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។
លិខិតនោះ បញ្ជាក់ថា ការអនុញ្ញាតឲ្យធ្វើសកម្មភាពឡើងវិញ ដោយសារតែអង្គការសមធម៌កម្ពុជា បានបំពេញកាតព្វកិច្ចនានា តាមការទាមទាររបស់ក្រសួងមហាផ្ទៃ។ យ៉ាងណាក៏ដោយ តាមរយៈលិខិតខាងលើ ក្រសួងមហាផ្ទៃ បានឆ្លៀតដាស់តឿន អង្គការសមធម៌កម្ពុជា ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងលិខិតបទដ្ឋានគតិយុត្តនានា។
គួររម្លឹកថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានស្នើឲ្យអង្គការសមធម៌កម្ពុជា ផ្អាកសកម្មភាពមួយរយៈសិន ដោយសារតែមិនបានបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។ កាលនោះ ក្រសួងមហាផ្ទៃ បានទាមទារឲ្យអង្គការនេះ ផ្តល់នូវឯកសារមួយចំនួន ដែលរួមមាន គណនីសម្រាប់ប្រតិបត្តិ និងរបាយការណ៍ហិរញ្ញវត្ថុ ជាដើម ទើបអាចធ្វើសកម្មភាពឡើងវិញ៕
Tag:
មហាផ្ទៃ
អង្គការសមធម៌កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com