ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​ចំណាយ​ថវិកា​ជាង​២៣​លាន​ដុល្លារ​អាមេរិក​

ជាតិ
ដំណើរការ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​ចំណាយ​ថវិកា​ជាង​២៣​លាន​ដុល្លារ​អាមេរិក​
13, Mar 2018 , 8:39 pm         2171
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​១ ប្រវែង​៤​គីឡូម៉ែត្រ ដែល​ចំណាយ​ថវិកា​ជាង​២៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​១៦​លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ចំនួន ៧,៨៧​លាន​ដុល្លារ ជា​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ គោលនយោបាយ និង​ផលប៉ះពាល់​។



​ក្រោម​ការសាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន កំណាត់​ផ្លូវជាតិ​លេខ​១ ដែលមាន​ប្រវែង​៤​គីឡូម៉ែត្រ ត្រង់ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស ត្រើយ​ខាងកើត​គីឡូម៉ែត្រ លេខ​០+០០០ ដល់​គី​ឡួ​ម៉ែត្រ​៤+០០០ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវ​បានដាក់​ដំណើរការ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ។​

​នា​ពិធី​សម្ពោធ កាលពី​ព្រឹក​មិញ សម្ដេច ហ៊ុន សែន បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ហើយ​ការស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការកសាង​ផ្លូវជាតិ​លេខ​១​ទាំងមូល​។



​បើទោះបីជា​ក្រុមហ៊ុន​ជប៉ុន​ដឹកនាំ​ការសាងសង់​ក៏ដោយ តែ​សម្តេច​ហ៊ុន សែន បាន​បញ្ជាក់ថា ៖«​ចាប់ពីពេលនេះ​ទៅ​កម្ពុជា មាន​សមត្ថភាព​ធ្វើ​ស្ពាន​ឆ្លងកាត់​ទន្លេ​បាន ហើយ​ការសាងសង់​ទៀតសោត ដោយ​វិស្វករ​ខ្មែរ​»​។​

​ប្រមុខ​រដ្ឋាភិបាល បាន​ណែនាំ​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទាំងអស់​បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន ពោលគឺ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ ជាមួយគ្នានេះ សម្តេច បាន​រម្លឹក​ទៅ អាជ្ញាធរ​ឲ្យ​ចាត់វិធានការ តឹងរឹង​បន្ថែមទៀត ចំពោះ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដូចជា​អ្នកជិះ​បញ្ច្រាសទិស មិន​ពាក់មួក​សុវត្ថិភាព និង​រថយន្ត​ត​ទ្រុង​ជាដើម​៕


'
Tag:
 ​ផ្លូវជាតិ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next