ជាតិ
ដំណើរការកំណាត់ផ្លូវជាតិលេខ១ ដែលចំណាយថវិកាជាង២៣លានដុល្លារអាមេរិក
× ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រ ដែលចំណាយថវិកាជាង២៣លានដុល្លារអាមេរិក ក្នុងនោះ១៦លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងចំនួន ៧,៨៧លានដុល្លារ ជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយ គោលនយោបាយ និងផលប៉ះពាល់។
ក្រោមការសាងសង់ដោយក្រុមហ៊ុនជប៉ុន កំណាត់ផ្លូវជាតិលេខ១ ដែលមានប្រវែង៤គីឡូម៉ែត្រ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើតគីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។
នាពិធីសម្ពោធ កាលពីព្រឹកមិញ សម្ដេច ហ៊ុន សែន បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយការស្ថាបនាកំណាត់ផ្លូវជាតិលេខ១នេះ ជាដំណាក់កាលចុងក្រោយនៃការកសាងផ្លូវជាតិលេខ១ទាំងមូល។
បើទោះបីជាក្រុមហ៊ុនជប៉ុនដឹកនាំការសាងសង់ក៏ដោយ តែសម្តេចហ៊ុន សែន បានបញ្ជាក់ថា ៖«ចាប់ពីពេលនេះទៅកម្ពុជា មានសមត្ថភាពធ្វើស្ពានឆ្លងកាត់ទន្លេបាន ហើយការសាងសង់ទៀតសោត ដោយវិស្វករខ្មែរ»។
ប្រមុខរដ្ឋាភិបាល បានណែនាំប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់បើកបរដោយមានការប្រុងប្រយ័ត្ន ពោលគឺគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ សម្តេច បានរម្លឹកទៅ អាជ្ញាធរឲ្យចាត់វិធានការ តឹងរឹងបន្ថែមទៀត ចំពោះការអនុវត្តច្បាប់ចរាចរណ៍ ដូចជាអ្នកជិះបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព និងរថយន្តតទ្រុងជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com