ក្រោយ​បាត់​បក្ស​សង្គ្រោះ​ជាតិ លោក ម៉ម សូណង់ដូ ប្រកាស​កាន់​ទង់​ប្រជា​ធិប​តេ​យ្យ ដើម្បី​បន្ត​ការតស៊ូ​

ជាតិ
ក្រោយ​បាត់​បក្ស​សង្គ្រោះ​ជាតិ លោក ម៉ម សូណង់ដូ ប្រកាស​កាន់​ទង់​ប្រជា​ធិប​តេ​យ្យ ដើម្បី​បន្ត​ការតស៊ូ​
13, Mar 2018 , 9:39 pm         2507
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការឈាន​ជើង​ចូលក្នុង​ឆាកនយោបាយ​សាជាថ្មី​របស់លោក ម៉ម សូណង់ដូ គឺ​មិនមែន​ដើម្បី​ធ្វើជា​អ្នកប្រឆាំង ជំនួស​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​នោះទេ​។ ប៉ុន្តែ លោក មានបំណង​លើកស្ទួយ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោយ​អវត្តមាន​គណបក្សប្រឆាំង​។



​លោក ម៉ម សូណង់ដូ អ្នកនយោបាយ​ដែលមាន​វ័យ​ដល់​ទៅ​៧៥​ឆ្នាំ​ហើយ​នោះ បានសម្រេច​ចិត្ត វិល​មកកាន់​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​លោក បាន​ដើរចេញ ហើយ​ទុក​ឲ្យ​អ្នកដទៃ ដឹកនាំ​ជំនួស​អស់​មួយរយៈ​កន្លងមក​។ លោក ម៉ម សូណង់ដូ អះអាងថា ការបាត់បង់​គណបក្ស​សង្គ្រោះ​ជាតិ​ពី​កម្ពុជា គឺជា​ហេតុផល​ចម្បង ដែល​ជំរុញ​ឲ្យ​លោក វិល​មក​ចូល​ឆាកនយោបាយ​ម្តងទៀត​។​

​លោក ម៉ម សូណង់ដូ ទំនងជា​ចង់​បញ្ជាក់ថា លោក ត្រូវតែ​ត្រឡប់មក​តស៊ូ ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់ពី​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ យ៉ាងណាក៏ដោយ លោក បកស្រាយថា លោក រួមទាំង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ គ្មាន​បំណង​ធ្វើជា​គណបក្សប្រឆាំង ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២0១៨ លោក ម៉ម សូណង់ដូ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ មិនមាន​បំណង​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​។ [​ប៉ុន្តែ​] អ្វីដែល​ខ្ញុំ​ត្រូវ​តស៊ូ​ក្នុងនាម​ខ្ញុំ​ជា​អ្នក​ប្រជា​ធិ​បតេ​យ្យ គឺ​ខ្ញុំ ត្រូវ​កាន់​ទង់ជ័យ​អ្នកប្រជាធិបតេយ្យ​តទៅទៀត​»​។

បន្ទាប់មក លោក ម៉ម សូណង់ដូ ក៏​ថ្លែង​ការពារ​ថា ការសម្រេច​វិល​មកកាន់​ឆាកនយោបាយ​លើក​នេះ គឺជា​ឆន្ទៈ​របស់លោក ដោយ​មិនមាន​ការជំរុញ​ពី​គណបក្សកាន់អំណាច​នោះទេ​។ អ្នកនយោបាយ​ច្រើន​ជំនាន់​រូបនេះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្នុង​បទ​សម្ភាស​នោះ​ថា​៖«​មិនមែន​លោក ហ៊ុន សែន ឲ្យ​ភ្លើង​ខៀវ​ទេ​។ ទោះជា​មិន​ឲ្យ ក៏​ខ្ញុំ​ធ្វើ​ដែរ​។  ខ្ញុំ មាន​ម​ហិ​ច្ឆតា​មួយ គឺ​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស​នៅ​ស្រុក​ខ្មែរ​។  ហើយ​ប្រជាពលរដ្ឋ គាំទ្រ​ខ្ញុំ ឬ​មិន​គាំទ្រ គឺជា​សិទ្ធិ​របស់គាត់​»​។

​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​បើកផ្លូវ​ឲ្យ​លោក ម៉ម សូណង់ដូ ទៅកាន់​តំណែង​ជា​ប្រធាន​​ឡើងវិញ​។ ចំណែកឯ អនុប្រធាន​គណបក្ស​ពីររូប​ទៀត ដែល​រួមមាន លោក ផាត់ ស៊ី​កាន និង​លោក ហាង គឹម​ស្រឿ​ន ក៏​ត្រូវបាន​ជ្រើសតាំង​ក្នុង​សមាជ​វិសាមញ្ញ​នោះដែរ​។

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២0១៥ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិ​បតេ​យ្យ ត្រូវបាន​បង្កើតឡើង ដោយ​ស្ថិតនៅក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ម៉ម សូណង់ដូ ដែលជា​ស្ថាបនិក​។ ប៉ុន្តែ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី​៤ ក្នុង​ឆ្នាំ​២0១៧ លោក ម៉ម សូណង់ដូ ក៏បាន​លាឈប់​ពី​តំណែង​ប្រធាន​គណបក្ស ដោយសារតែ​មិន​ទទួលបាន​ការគាំទ្រ​តាម​ការរំពឹងទុក​។ ក្រោយ​លោក​ចាកចេញ តំណែង​ជា​ប្រធាន​គណបក្ស បាន​ធ្លាក់​ទៅលើ​លោកស្រី ហួន ផាន់​ណា​រី ដែលជា​អតីត​ជំនួយការ​របស់លោក​៕ 



'
Tag:
 ម៉ម សូណង់ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next