អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៖ « អាស៊ានជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អូស្ត្រាលី» លោកស្រី Jolie Bishop (រូបភាព ABC)
× ប្រមុខការទូតអូស្ត្រាលីបានចាត់ទុកអាស៊ានជាបេះដូងនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយអង្គការតំបន់នេះក៏មានតួនាទីស្នូលក្នុងការរក្សាស្ថិរភាព សន្តិភាព និងវិបុលភាពតំបន់ផងដែរ។ ការថ្លែងបែបនេះធ្វើឡើងមុន ប្រមុខរដ្ឋ និងរដ្ឋាភិបាលអាស៊ានចំនួនប្រាំបួនអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី នៅក្នុងទីក្រុងស៊ីដនី។
ក្នុងកិច្ចសន្ទនាអាស៊ាន-អូស្ត្រាលីនៅថ្ងៃអង្គារទី ១៣ ខែមីនា លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានថ្លែងថា អាស៊ាន ក្លាយជាដៃគូអាទិភាពក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខរបស់អូស្ត្រាលី ហើយគេអាចនិយាយបានថា អាស៊ានជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អូស្ត្រាលីផង។
យោងតាមសារព័ត៌មាន Financial Review លោកស្រី Bishop បានអះអាងថា អូស្ត្រាលីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីធ្វើយ៉ាងណារក្សាសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ និងទប់ទល់បញ្ហាប្រឈមនានាផងដែរ។
លោកស្រីបានអះអាងដូច្នេះ៖ «អាស៊ានអង្គុយនៅចំពីលើបេះដូងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានរៀបចំកិច្ចប្រជុំពហុភាគីសំខាន់ៗជាច្រើន»។
លោកស្រី Bishop បានបន្ថែមថា ផ្អែកលើសារសំខាន់នេះ អូស្ត្រាលីក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដើម្បីធានារក្សាសន្តិភាព ស្ថិរភាពតំបន់ និងគ្រប់គ្រងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ។ បើតាមលោកស្រី ប្រទេសធំៗខ្លះនោះកំពុងប្រើប្រាស់ទម្ងន់សេដ្ឋកិច្ច និងយោធាគំរាមកំហែងប្រទេសដទៃដែលតូចតាចជាងខ្លួនថែមទៀត។
«សណ្តាប់ធ្នាប់អន្តរជាតិពឹងផ្អែកលើច្បាប់ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងឥរិយាបថរបស់បណ្តាប្រទេសនានា ហើយក៏ដើម្បីធានាថា ប្រទេសទាំងនោះប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ ដោយមិនបង្កការគំរាមកំហែងឬបង្កអស្ថិរភាពនៅក្នុងតំបន់ ឬក្នុងពិភពលោកឡើយ។ សណ្តាប់ធ្នាប់គ្រប់គ្រងសិទ្ធិរបស់រដ្ឋតូចៗ និងប្រទេសធំតាមរយៈការបង្កើតបទបញ្ញត្តិរួម»។ លោកស្រីរដ្ឋមន្ត្រីកាបរទេសអូស្ត្រាបានបន្ថែមដូច្នេះ។
យ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះមិនបានបញ្ជាក់ឲ្យចំឈ្មោះរបស់មហាអំណាចនោះឡើយ។ ប៉ុន្តែគេអាចយល់បានថា លោកស្រីកំពុងសំដៅលើមហាយក្សចិនដែលកំពុងរះត្រដែតឡើងនៅក្នុងតំបន់ និងកំពុងមានជម្លោះអធិបតេយ្យជាមួយបណ្តារដ្ឋអាស៊ានលើសមុទ្រចិនខាងត្បូងផងនោះ។
ចិនជាភាគីជម្លោះសមុទ្រចិនខាងត្បូង ហើយមហាអំណាចនេះបានទាមទារយកតំបន់ជម្លោះស្ទើរតែទាំងស្រុងដោយផ្អែកលើកត្តាប្រវត្តិសាស្ត្រ និងផែនទីប្រាំបួនត្រេដែលចិនបានគូសជាឯកតោភាគីនោះ។ អ្វីដែលសំខាន់ចិនរក្សាជំហរកោងកាចក្នុងជម្លោះ ហើយមហាអំណាចនេះបានបន្តវាតទីដោយកសាងកោះសិប្បនិម្មិត និងធ្វើយោធូបនីយកម្មនៅក្នុងតំបន់ជម្លោះផងដែរ។
ត្រឡប់មកវិញ កិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី នឹងត្រូវរៀបចំឡើងចាប់ថ្ងៃ ១៧ ដល់ថ្ងៃ ១៨ ខែមីនា ហើយវាជាជំនួបលើកដំបូងបំផុតដែលរៀបចំឡើងនៅលើទឹកដីអូស្ត្រាលី។ កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើបញ្ហាសន្តិសុខជាពិសេសប្រយុទ្ធប្រឆាំងភេរវកម្ម និង បញ្ហាសេដ្ឋកិច្ច នយោបាយ ក៏ដូចជាការទូតផងដែរ។ ការរៀបចំកិច្ចប្រជុំនេះ ក៏ជាយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខុម ធើនប៊ូល ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន និងពង្រឹងឥទ្ធិពលរបស់អូស្ត្រាលីក្នុងតំបន់ផងដែរ។
Tag:
Julie Bishop
អូស្ត្រាលី
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com