អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​៖ ​« អាស៊ាន​ជា​បេះដូង​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អូស្ត្រាលី​»
13, Mar 2018 , 9:59 pm        
រូបភាព
លោកស្រី Jolie Bishop (រូបភាព ABC)
លោកស្រី Jolie Bishop (រូបភាព ABC)
​ប្រមុខ​ការទូត​អូស្ត្រាលី​បានចាត់ទុក​អាស៊ាន​ជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​អង្គការ​តំបន់​នេះ​ក៏មាន​តួនាទី​ស្នូល​ក្នុង​ការរក្សា​ស្ថិរភាព សន្តិភាព និង​វិបុលភាព​តំបន់​ផងដែរ​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​មុន ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ចំនួន​ប្រាំបួន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី នៅក្នុង​ទីក្រុង​ស៊ីដនី​។



​ក្នុង​កិច្ចសន្ទនា​អាស៊ាន​-​អូស្ត្រាលី​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែមីនា លោកស្រី​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop  បាន​ថ្លែងថា អាស៊ាន ក្លាយជា​ដៃគូ​អាទិភាព​ក្នុង​វិស័យសេដ្ឋកិច្ច ការពារជាតិ និង​សន្តិសុខ​របស់​អូស្ត្រាលី ហើយ​គេ​អាច​និយាយបានថា អាស៊ាន​ជា​បេះដូង​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អូស្ត្រាលី​ផង​។​

​យោងតាម​សារព័ត៌មាន Financial Review លោកស្រី Bishop បាន​អះអាងថា អូស្ត្រាលី​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​ធ្វើយ៉ាងណា​រក្សា​សណ្តាប់ធ្នាប់​ពិភពលោក​ដោយ​ផ្អែកលើ​ច្បាប់ និង​ទប់ទល់​បញ្ហា​ប្រឈម​នានា​ផងដែរ​។​

​លោកស្រី​បាន​អះអាង​ដូច្នេះ​៖ «​អាស៊ាន​អង្គុយ​នៅ​ចំ​ពីលើ​បេះដូង​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​មាន​រៀបចំ​កិច្ចប្រជុំ​ពហុភាគី​សំខាន់ៗ​ជាច្រើន​»​។

​លោកស្រី Bishop បាន​បន្ថែមថា ផ្អែកលើ​សារសំខាន់​នេះ អូស្ត្រាលី​ក៏​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ធានា​រក្សា​សន្តិភាព ស្ថិរភាព​តំបន់ និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។ បើតាម​លោកស្រី ប្រទេស​ធំៗ​ខ្លះ​នោះ​កំពុង​ប្រើប្រាស់​ទម្ងន់​សេដ្ឋកិច្ច និង​យោធា​គំរាមកំហែង​ប្រទេស​ដទៃ​ដែល​តូចតាច​ជាង​ខ្លួន​ថែមទៀត​។​

«​សណ្តាប់ធ្នាប់​អន្តរជាតិ​ពឹង​ផ្អែកលើ​ច្បាប់​ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ឥរិយាបថ​របស់​បណ្តា​ប្រទេស​នានា ហើយក៏​ដើម្បី​ធានាថា ប្រទេស​ទាំងនោះ​ប្រកួតប្រជែង​គ្នា​ដោយ​ត្រឹមត្រូវ ដោយ​មិន​បង្ក​ការគំរាមកំហែង​ឬ​បង្ក​អស្ថិរភាព​នៅក្នុង​តំបន់ ឬ​ក្នុង​ពិភពលោក​ឡើយ​។ សណ្តាប់ធ្នាប់​គ្រប់គ្រង​សិទ្ធិ​របស់​រដ្ឋ​តូចៗ និង​ប្រទេស​ធំ​តាមរយៈ​ការបង្កើត​បទបញ្ញត្តិ​រួម​»​។ លោកស្រី​រដ្ឋមន្ត្រី​កាបរទេស​អូ​ស្ត្រា​បាន​បន្ថែម​ដូច្នេះ​។

​យ៉ាងណាក៏ដោយ លោកស្រី​រដ្ឋមន្ត្រីការបរទេស​រូបនេះ​មិនបាន​បញ្ជាក់​ឲ្យ​ចំឈ្មោះ​របស់​មហាអំណាច​នោះឡើយ​។ ប៉ុន្តែ​គេ​អាច​យល់បាន​ថា លោកស្រី​កំពុង​សំដៅលើ​មហា​យក្ស​ចិន​ដែល​កំពុង​រះ​ត្រដែត​ឡើង​នៅក្នុង​តំបន់ និង​កំពុងមាន​ជម្លោះ​អធិបតេយ្យ​ជាមួយ​បណ្តា​រដ្ឋ​អាស៊ាន​លើ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ​។

​ចិន​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហើយ​មហាអំណាច​នេះ​បានទាមទារ​យក​តំបន់​ជម្លោះ​ស្ទើរតែ​ទាំងស្រុង​ដោយ​ផ្អែកលើ​កត្តា​ប្រវត្តិសាស្ត្រ និង​ផែនទី​ប្រាំបួន​ត្រេ​ដែល​ចិន​បាន​គូស​ជា​ឯកតោភាគី​នោះ​។ អ្វីដែល​សំខាន់​ចិន​រក្សា​ជំហរ​កោងកាច​ក្នុង​ជម្លោះ ហើយ​មហាអំណាច​នេះ​បាន​បន្ត​វាតទី​ដោយ​កសាង​កោះ​សិប្បនិម្មិត និង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ​ផងដែរ​។​

​ត្រឡប់មកវិញ កិច្ចប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី នឹងត្រូវ​រៀបចំឡើង​ចាប់​ថ្ងៃ ១៧ ដល់​ថ្ងៃ ១៨ ខែមីនា ហើយ​វា​ជា​ជំនួប​លើកដំបូង​បំផុត​ដែល​រៀបចំឡើង​នៅលើ​ទឹកដី​អូស្ត្រាលី​។ កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​ជាពិសេស​ប្រយុទ្ធប្រឆាំង​ភេរវកម្ម និង បញ្ហា​សេដ្ឋកិច្ច នយោបាយ ក៏ដូចជា​ការទូត​ផងដែរ​។ ការរៀបចំ​កិច្ចប្រជុំ​នេះ ក៏​ជា​យុទ្ធសាស្ត្រ​របស់​នាយករ​ដ្ឋ​មន្ត្រី​អូស្ត្រាលី ម៉ា​ល់​ខុម ធើ​ន​ប៊ូល ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​អាស៊ាន និង​ពង្រឹង​ឥទ្ធិពល​របស់​អូស្ត្រាលី​ក្នុង​តំបន់​ផងដែរ​។​


Tag:
 Julie Bishop
  អូស្ត្រាលី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com