បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ច្រឡំ​ហៅ Uber ជិះ​លើ​ចម្ងាយ​ផ្លូវ​៥០០​គីឡូម៉ែត្រ​

អន្តរជាតិ
បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង ច្រឡំ​ហៅ Uber ជិះ​លើ​ចម្ងាយ​ផ្លូវ​៥០០​គីឡូម៉ែត្រ​
13, Mar 2018 , 10:39 pm         19775
រូបភាព
ដោយ: ធីតា
​ស្វាង​តឹង​ស្រវឹង​ធូរ​? បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Kenny Bachman បានធ្វើ​រឿង​ដែល​មិនអាច​បំភ្លេច​មួយ ក្រោយ​ពិធីជប់លៀង​ជាមួយ​មិត្តភក្តិ​។ គាត់​បាន​ហៅ Uber ជិះ​ត្រឡប់ទៅផ្ទះ​វិញ​ដែល​ស្ថិតនៅ​រដ្ឋ West Virginia ប៉ុន្តែ​ដោយ​ស្ថានភាព​ស្រវឹង គាត់​បាន​ចុច​លើ​គោលដៅ​មួយ​នៅ​រដ្ឋ New Jersey ដែលមាន​ចម្ងាយ​ដល់​ទៅ​៥០០​គីឡូម៉ែត្រ​ឯណោះ​។​



​លោក Bachman បើតាម​ការផ្សាយ​របស់​កាសែត NJ Advance Media ស្រក់​ទឹកភ្នែក​មិន​ចេញ​នោះឡើយ ព្រោះ​ភាពស្រវឹង បានធ្វើ​ឲ្យ​លោក​ចំណាយលុយ​រហូតដល់​ទៅ​ជាង​១៦០០​ដុល្លារ​អាមេរិក​លើ Uber​។​

​លោក Bachman បាន​បញ្ជាក់ថា ក្រោយ​ហៅ Uber ជិះ លោក​បាន​គេង​លក់ ហើយបី​បួន​ម៉ោង​ក្រោយមក លោក​បាន​ភ្ញាក់ឡើង ដោយ​គិតថា ជិត​ដល់ផ្ទះ ប៉ុន្តែ​តាមពិត លោក​ស្ថិត​លើ​ដំណើរ​នៅក្នុង​រដ្ឋ New Jersey ដែលមាន​ចម្ងាយ​ខុសពី​ផ្ទះ​របស់លោក​រហូតដល់​ទៅ ៥០០​គីឡូម៉ែត្រ​។​

​ទឹកប្រាក់​ដែល​លោក​ត្រូវ​បង់​នោះ គឺ ១៦៣៥.៩៣​ដុល្លារ​អាមេរិក​។ បន្ថែម​ពីលើ​នេះ លោក បាន​ជិះ UberXL ដែល​អាច​ផ្ទុក​អ្នកដំណើរ​៦​នាក់ ដោយ​តម្លៃ​របស់​វា ខុសពី Uber ធម្មតា​។ ដំបូង​ឡើយ លោក​បាន​បដិសេធ​លើ​ការបង់ថ្លៃ ប៉ុន្តែ​ទីបំផុត​សម្រេចចិត្ត​បង់ ដោយ​អំពាវនាវ​សុំ​ជំនួយ​សប្បុរស​បន្ថែម​តាមរយៈ​គេហទំព័រ GoFundMe​។ លោក​ទទួលបាន​ជំនួយ​តែ​៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ដឹកជញ្ជូន​ចំណីអាហារ​មួយ​ឈ្មោះ Eat Clean Bro នៅ​ទីក្រុង New Jersey បានប្រកាសថា ពួកគេ​នឹង​ជួយ​សម្រាល​ចំណាយ​របស់លោក Bachman​។ លោក Jamie Giovinazzo ដែលជា​ស្ថាបនិក​ក្រុមហ៊ុន​បាន​អះអាងថា ការសម្រេចចិត្ត​ជួយ​លោក Bachman ដោយសារ​គាត់​បានផ្តល់​គំរូ​ល្អ​ដល់​សង្គម ដោយ​ស្រវឹង​មិន​បើកបរ​៕


Tag:
 Uber
© រក្សាសិទ្ធិដោយ thmeythmey.com