អន្តរជាតិ
បុរសម្នាក់ក្នុងស្ថានភាពស្រវឹង ច្រឡំហៅ Uber ជិះលើចម្ងាយផ្លូវ៥០០គីឡូម៉ែត្រ
× ស្វាងតឹងស្រវឹងធូរ? បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Kenny Bachman បានធ្វើរឿងដែលមិនអាចបំភ្លេចមួយ ក្រោយពិធីជប់លៀងជាមួយមិត្តភក្តិ។ គាត់បានហៅ Uber ជិះត្រឡប់ទៅផ្ទះវិញដែលស្ថិតនៅរដ្ឋ West Virginia ប៉ុន្តែដោយស្ថានភាពស្រវឹង គាត់បានចុចលើគោលដៅមួយនៅរដ្ឋ New Jersey ដែលមានចម្ងាយដល់ទៅ៥០០គីឡូម៉ែត្រឯណោះ។
លោក Bachman បើតាមការផ្សាយរបស់កាសែត NJ Advance Media ស្រក់ទឹកភ្នែកមិនចេញនោះឡើយ ព្រោះភាពស្រវឹង បានធ្វើឲ្យលោកចំណាយលុយរហូតដល់ទៅជាង១៦០០ដុល្លារអាមេរិកលើ Uber។
លោក Bachman បានបញ្ជាក់ថា ក្រោយហៅ Uber ជិះ លោកបានគេងលក់ ហើយបីបួនម៉ោងក្រោយមក លោកបានភ្ញាក់ឡើង ដោយគិតថា ជិតដល់ផ្ទះ ប៉ុន្តែតាមពិត លោកស្ថិតលើដំណើរនៅក្នុងរដ្ឋ New Jersey ដែលមានចម្ងាយខុសពីផ្ទះរបស់លោករហូតដល់ទៅ ៥០០គីឡូម៉ែត្រ។
ទឹកប្រាក់ដែលលោកត្រូវបង់នោះ គឺ ១៦៣៥.៩៣ដុល្លារអាមេរិក។ បន្ថែមពីលើនេះ លោក បានជិះ UberXL ដែលអាចផ្ទុកអ្នកដំណើរ៦នាក់ ដោយតម្លៃរបស់វា ខុសពី Uber ធម្មតា។ ដំបូងឡើយ លោកបានបដិសេធលើការបង់ថ្លៃ ប៉ុន្តែទីបំផុតសម្រេចចិត្តបង់ ដោយអំពាវនាវសុំជំនួយសប្បុរសបន្ថែមតាមរយៈគេហទំព័រ GoFundMe។ លោកទទួលបានជំនួយតែ៥០ដុល្លារអាមេរិកប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារមួយឈ្មោះ Eat Clean Bro នៅទីក្រុង New Jersey បានប្រកាសថា ពួកគេនឹងជួយសម្រាលចំណាយរបស់លោក Bachman។ លោក Jamie Giovinazzo ដែលជាស្ថាបនិកក្រុមហ៊ុនបានអះអាងថា ការសម្រេចចិត្តជួយលោក Bachman ដោយសារគាត់បានផ្តល់គំរូល្អដល់សង្គម ដោយស្រវឹងមិនបើកបរ៕
© រក្សាសិទ្ធិដោយ thmeythmey.com