អន្តរជាតិ
នយោបាយអន្តរជាតិ
ចុងក្រោយ លោក ត្រាំ បណ្តេញលោក ធីល័រសិន ពីតំណែងរដ្ឋមន្ត្រីការបរទេសអាមេរិក
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចបណ្តេញរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក រិច ធីល័រសិន ពីតំណែងនៅថ្ងៃអង្គារទី ១៣ ខែមីនានេះ។ ពេលនេះលោក ត្រាំ ត្រៀមតែងតាំងប្រធានភ្នាក់ងារចារកម្មស៊ីអាយអេ លោក Mike Pompeo ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសម្តង។
ចុងក្រោយពាក្យចរចាមអារ៉ាមដែលថា លោក ត្រាំ ចង់ដកហូតតំណែងរដ្ឋមន្ត្រីការបរទេសខ្លួនលោក រិច ធីល័រសិន នោះបានក្លាយជាការពិតហើយ។ ប្រធានាធិបតីរូបនេះបានប្រកាសជាផ្លូវការនៅថ្ងៃអង្គារពីការប្តូរតំណែងនេះ ហើយលោកក៏ត្រៀមស្នើតែងតាំងប្រធានទីភ្នាក់ងារចារកម្មមជ្ឈិមស៊ីអាយអេ លោក Mike Pompeo ជារដ្ឋមន្ត្រីការបរទេសថ្មីដែរ។
លោក ត្រាំ បានសរសេរបង្ហោះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួនដូច្នេះថា៖« លោក Mike Pompeo ប្រធានទីភ្នាក់ងារចារកម្មមជ្ឈិម ស៊ីអាយអេ នឹងក្លាយជារដ្ឋមន្ត្រីការបរទេសថ្មីរបស់យើង។ លោកនឹងធ្វើការងារបានល្អអស្ចារ្យ។ អរគុណលោក រិច ធីល័រសិនសម្រាប់ការបម្រើការងារកន្លងមក។ ចំណែកអ្នកស្រី Gina Haspel នឹងក្លាយជាប្រធានស្ថាប័នស៊ីអាយអេថ្មី ហើយគាត់ក្លាយជាស្ត្រី ដំបូងបង្អស់ដែលកាន់តំណែងនេះ។ អបអរសាទរអ្នកទាំងអស់គ្នា»។
តាមពិតទៅ ព័ត៌មានពាក់ព័ន្ធការដកតំណែងលោក ធីល័រសិន នេះមិនមានជារឿងថ្មីឡើយ។ កន្លងមកគេបានលេចលឺពាក្យចរចាអារ៉ាមច្រើនមកហើយ តែខាងសេតវិមានច្រានចោលពាក្យចរចាមអារ៉ាមនោះ។ នេះក៏ដោយ ដោយសារលោកធ្លាប់មានការទាស់ទែងខ្វែងគំនិតគ្នាច្រើនដង ហើយអ្វីដែលសំខាន់នោះលោក ធីល័រសិន ធ្លាប់ហៅចៅហ្វាយនាយរបស់ខ្លួនគឺលោក ត្រាំ នោះថាជា «មនុស្សជាឆ្កួតឡប់» ទៀតផង។ កាលនោះលោក ត្រាំ ខឹងនឹងលោក ធីល័រសិន ដាច់ក្បាលដាច់កន្ទុយរហូតប្រកាសហៅលោក ធីល័រសិនមកប្រកួតល្បងប្រាជ្ញាជាមួយគ្នាទៀតផង។
សារព័ត៌មាន CNN ស្រង់សម្តីអ្នកនៅក្បែរប្រធានាធិបតីថា លោក ធីល័រសិន មិនដែលត្រូវគ្នាជាមួយលោក ត្រាំ ហើយលោកក៏មិនគាំទ្រជំហរក្នុងនយោបាយការបរទេសរបស់លោក ត្រាំ ដែរ។ លោក ធីល័រសិន ចង់ដឹកនាំនយោបាយការបរទេសតាមជំហររបស់ខ្លួន ដោយមិនចាំបាច់មានការលូកលាន់ពីលោក ត្រាំ។ ដូច្នេះហើយលោក ត្រាំ ដឹងច្បាស់ថា ខ្លួនមិនអាចបន្តទុកលោក ធីល័រសិន ឲ្យកាន់តំណែងប្រមុខការទូតឡើយ។
ត្រឡប់មកវិញទាក់ទិននឹងការបណ្តេញលោក ធីល័រសិន ពីតំណែងនេះ លោកស្រី Sarah Sander ដែលជាអ្នកនាំពាក្យសេតវិមានបានអះអាងថា លោក ត្រាំ ជាអ្នកស្នើសុំផ្ទាល់ទៅកាន់លោក ធីល័រសិនឲ្យចុះពីតំណែង។ លោកស្រីបានបញ្ជាក់ដូច្នេះថា លោកត្រាំ គិតថា វាជាពេលវេលាសមរម្យដែលត្រូវមានការផ្លាស់ប្តូរ ដោយពេលខាងមុខនេះវានឹងមានការចរចាជាមួយកូរ៉េខាងជើង និងការចរចាពាណិជ្ជកម្មច្រើនផង។
យ៉ាងណាក៏ដោយ បើតាមការផ្សាយរបស់សារព័ត៌មាន CNN ដែលស្រង់សម្តីរបស់លោក Steve Goldstein ដែលជាអនុរដ្ឋលេខាធិការទទួលបន្ទុកនយោបាយការទូតសាធារណៈ លោក ធីល័រសិនមិនបាននិយាយជាមួយលោក ត្រាំ នៅឡើយទេ ហើយលោកក៏មិនបានដឹងដែរថា លោកត្រាំ ពិតជាបណ្តេញលោកពីតំណែងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com