ជាតិ
ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​អង្គរវត្ត នឹង​កើត​មាននៅ​សប្តាហ៍​ក្រោយ
13, Mar 2018 , 9:04 pm        
រូបភាព
​អ្នកទេសចរ​ផ្តិតរូបភាព​​ព្រះអាទិត្យ​រះ​នៅអង្គរវត្តកាលពីពេលកន្លងទៅ
​អ្នកទេសចរ​ផ្តិតរូបភាព​​ព្រះអាទិត្យ​រះ​នៅអង្គរវត្តកាលពីពេលកន្លងទៅ
​ភ្នំពេញ​៖ នៅ​ចន្លោះ​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២២ មីនា គឺជា​ថ្ងៃ​ដែល​នឹងមាន​ព្រឹត្តិការណ៍​ព្រះ​អា​ទ្យិ​ត​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ ឬ​បាតុភូត EQUINOX កើតឡើង ពី​ម៉ោង ៥ ទៀបភ្លឺ ដល់​ម៉ោង​៧​ព្រឹក​។ ដើម្បី ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ព្រះ​អា​ទ្យិ​ត​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​នេះ ក្រសួងទេសចរណ៍ បានប្រកាស​ពី​កម្មវិធី​ប្រកួតប្រជែង​ថតរូប Selfie ជា​លើក​ទី​៣ ក្រោម​ប្រធានបទ «Selfie អង្គរ​អច្ឆរិយៈ​»​។​



​ការប្រកួតប្រជែង​ថតរូប «Selfie អង្គរ​អច្ឆរិយៈ​»​នេះ នឹង​ចាប់ផ្ដើម​នៅ​ចន្លោះ​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២២ មីនា ដែលជា​ថ្ងៃ​កើតឡើង​នូវ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា ឬ EQUINOX ពី​ម៉ោង ៥​ទៀបភ្លឺ ដល់​ម៉ោង​៧​ព្រឹក​។ កម្មវិធី​ប្រកួតប្រជែង​ថតរូប​នេះ  រៀបចំឡើង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​។ 
 
​ក្រសួងទេសចរណ៍ នឹង​ជ្រើសរើស​រូបថត​ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ ដើម្បី​ទទួល​ថវិកា​១​លាន​រៀល សម្រាប់ ជ័យលាភី​លេខ​១ ថវិកា​៨០​ម៉ឺន​រៀល សម្រាប់​លេខ​២ និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល សម្រាប់​ជ័យលាភី​លេខ​៣ រួមទាំង​លិខិត​សរសើរ​ម្នា​ក់មួយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ចំនួន ២​ដង​ជា​រៀងរាល់ឆ្នាំ លើក​ទី​១ ក្នុង​ខែមីនា និង​លើក​ទី​២ ក្នុង​ខែកញ្ញា​៕
 

Tag:
 ព្រះអាទិត្យរះចំកំពូលអង្គរវត្ត
 ប្រកួត​ប្រ​ជែ​ង​
 ​ថតរូប​
 Selfie
 ​ក្រសួងទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com