ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី អាចប្រឈមមុខនឹងទោសមួយទៀត ពាក់ព័ន្ធករណីសន្យាកាត់ខេត្ត៤ ឲ្យវៀតណាម
× ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អាចប្រឈមមុខនឹងទោសមួយទៀត ពាក់ព័ន្ធនឹងករណីសន្យាកាត់ដីចំនួន៤ខេត្ត ឲ្យវៀតណាម។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ទង្វើរបស់លោក សម រង្ស៊ី បានចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំជនជាតិភាគតិចរបស់វៀតណាមនេះ គឺជារឿងក្បត់ជាតិ ដែលមិនអាចលើកលែងឲ្យបានឡើយ។
ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃទី១៤ មីនានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើករណីលោក សម រង្ស៊ី និងមេដឹកនាំជនជាតិភាគតិចវៀតណាម ដើម្បីប្រមូលភស្តុតាង ចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល គ្រោងទៅប្រទេសវៀតណាម ដើម្បីសួរនាំព័ត៌មានទាក់ទងនឹងការចុះហត្ថលេខារវាងលោក សម រង្ស៊ី និងលោក កុក ស នេះផងដែរ។ ការប្រតិកម្មរបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូឃ្លីបបង្ហោះនៅក្នុងបណ្ដាញហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពរបស់លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀណាម បានចុះហត្ថលេខារួមគ្នាមួយ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៣ ដែលត្រូវបានចែករំលែកតគ្នាឡើងវិញពេលថ្មីៗនេះ។
តាមរយៈវីដេអូជាង១នាទី ដែលបានបង្ហោះឡើងនេះលោក សម រង្ស៊ី បាននិយាយថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះឲ្យក្រុមជនជាតិភាគតិចវៀតណាម Degar (ម៉ុងតាញ៉ា) ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមានសិទ្ធិពេញលេញ អាចរស់នៅនិងមានសិទ្ធិដូចប្រជាជនកម្ពុជាដែរ។
តែយ៉ាងណាព័ត៌មាននេះ ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោកមិនបានចុះហត្ថលេខាសន្យាកាត់ដីឲ្យជនជាតិវៀតណាមទេ។ លោកថា ឯកសារដែលលោក ចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣នោះ គឺមានខ្លឹមសារ ចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិម៉ុងតាញ៉ា ដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងខេត្តទាំង៤ខាងលើនេះប៉ុណ្ណោះ៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com