អន្តរជាតិ
អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស​ទទូច​ឲ្យ​អូស្ត្រាលី​ឈប់​ធ្វើគ​ថ្លង់​រឿង​រំលោភសិទ្ធិ​មនុស្ស​នៅ​បណ្តា​រដ្ឋ​អាស៊ាន​
14, Mar 2018 , 8:59 pm        
រូបភាព
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី លើកឡើង​ពី​ក្តីបារម្ភ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបី ពេល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ម៉ា​ល់​ខុម ធើ​ន​ប៊ូល ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​ពិសេស​ចុង​សប្តាហ៍​នេះ​។ ក្នុងចំណោម​បញ្ហា​សិទ្ធិមនុស្ស​ទាំងនោះ​ដែល​អ​ង្គ​ការ​អន្តរជាតិ​នេះ​ស្នើ​ឲ្យ​អូស្ត្រាលី​លើកឡើង​នោះ ក៏មាន​ការបង្ក្រាប​បក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​។



​អូស្ត្រាលី​គួរ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ក្នុងនោះ​មាន​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ​មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន ការបង្ក្រាប​បក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​ការបន្ត​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​នៅ​ថៃ វៀតណាម ម៉ាឡេស៊ី និង​សិង្ហ​បុរី​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ក្នុង​ឯកសារ​សង្ខេប​របស់ខ្លួន​ចុះ​ថ្ងៃ ១៣ ខែមីនា​។

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល នឹង​ស្វាគមន៍​មេដឹកនាំ​ដែលជា​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​អាស៊ាន​ចំនួន​ប្រាំបួន​នៅ​ថ្ងៃ ១៧ និង​ថ្ងៃ ១៨ ខែមីនា​ខាងមុខនេះ​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន​មាត់ដាច់ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​មិនមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​នេះឡើយ ដោយ​លើក​មូល​ហេតុថា ។​

​ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះដែរ ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អូស្ត្រាលី​លោកស្រី Elaine Pearson ក៏បាន​បញ្ជាក់​ផងដែរ​ថា ការបរាជ័យ​របស់​អូស្ត្រាលី​ក្នុងការ​លើ​ឡើងជា​សាធារណៈ​ពី​បញ្ហា​ព្រួយបារម្ភ​រឿង​សិទ្ធិមនុស្ស ប្រៀបដូចជា​ការលើកទឹកចិត្ត​បន្ថែម​ឲ្យ​មេដឹកនាំ​អាស៊ាន​បន្ត​បំពាន​សិទ្ធិមនុស្ស​ថែម​ទៀតផង​។

​លោកស្រី​បន្ថែម​ដូច្នេះ​ថា​៖« ការចូលរួម​ពិភាក្សា​ពី​បញ្ហា​អភិបាលកិច្ច​ល្អ , សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅក្នុង​តំបន់​មិនមែន​មានន័យថា ជាការ​បង្រៀន​គេឯង​ឡើយ ប៉ុន្តែ​វា​ជាការ​ពិភាក្សា​ស៊ីជម្រៅ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ដែលជា​ចំណុច​ស្នូល​របស់​រដ្ឋាភិបាល​និង​ប្រជាជន​អាស៊ាន​ប៉ុណ្ណោះ​»​។

-​អូស្ត្រាលី​មិន​បង្រៀន​គេឯង​រឿង​សិទ្ធិមនុស្ស តែ​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​ដោះស្រាយ​

​តាមពិតទៅ​ការអញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​មក​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៅ​អូស្ត្រាលី​គឺជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច សន្តិសុខ នយោបាយ និង​ការទូត​ជាមួយ​អាស៊ាន ស្រប​ពេលដែល​រដ្ឋ​អាស៊ាន​ភាគច្រើន​ងាក​ទៅជិត​ស្និទ្ធ​ជាមួយ​ចិន​នោះ​។

​ការលើកស្ទួយ​សិទ្ធិមនុស្ស​គឺ​វា​ស្របទៅនឹង​ចំណុច​ស្នូល​ដែលមាន​ចែង​ក្នុង​សៀវភៅ​ស​នយោបាយ​ការបរទេស​របស់​អូស្ត្រាលី​ឆ្នាំ ២០១៧ ដែល ដោយ​ប្រយោជន៍​អូស្ត្រាលី​គឺ​ផ្តោតលើ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​ការគាំទ្រ​សិទ្ធិ​និង​សេរី​ភាពជា​មូលដ្ឋាន រួមជាមួយ​អភិបាលកិច្ច តម្លាភាព និង​គណនេយ្យភាព​។  ការលើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ជា ​លោកស្រី Elaine Pearson បានផ្តល់​យោបល់​ថា ការធ្វើ​គ​ធ្វើ​ថ្លង់​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​នៅ​អាស៊ាន​ព្រោះតែ​ចង់​ប្រជែង​ជាមួយ​ចិន​នៅ​តំបន់​អាស៊ាន​ឬ​មិន​ចង់​រុញ​បណ្តា​រដ្ឋ​អាស៊ាន​ឲ្យ​កាន់តែ​កៀត​ជាមួយ​ចិន​នោះ ជា​កំហុសឆ្គង​មួយ​ដ៏​ធំ​របស់​អូស្ត្រាលី​។

«​ការបិទ​ភ្នែក​ដោយ​សង្ឃឹមថា ចំណង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​សន្តិសុខ​ជិតស្និទ្ធ​អាច​នឹង​ជួយ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ដែល​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ឲ្យ​ទៅជា​រដ្ឋាភិបាល​មួយ​គោរព​សិទ្ធិមនុស្ស​នោះ​មិនអាច​ទៅរួច​ឡើយ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី មិនគួរ​ជា​ឱកាស​សម្រាប់​ឲ្យ​មេដឹកនាំ​អូស្ត្រាលី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​ឡើយ តែ​ពេលដែល​អូស្ត្រាលី​ជំរុញ​ឲ្យ​មានការ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ និង​បំពាន​សិទ្ធិ​ធ្ងន់ធ្ងរ​ក្នុង​តំបន់​។​

​បើតាម​លោកស្រី ជំនួស​ឲ្យ​ការបង្ហាត់បង្រៀន អូស្ត្រាលី គួរ​ដាស់តឿន និង​ជំរុញ​មេដឹកនាំ​អាស៊ាន​ឲ្យ​បន្តធ្វើ​ការងារ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល និង​សាធារណជន​ដើម្បី​កសាង​ប្រជាធិបតេយ្យ​ដែល​គោរព​សិទ្ធិមនុស្ស​បាន​ខ្ជាប់ខ្ជួន​។ ហើយ​អូស្ត្រាលី​ផ្ទាល់​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​នោះ​គួរផ្តល់​ជំនួយ​សម្រាប់​ការប្រឹងប្រែង​កែទម្រង់ និង​ធានាបាន​នូវ​ការលូតលាស់​នៃ​ប្រជាធិបតេយ្យ​ដែរ​៕


Tag:
 អូស្ត្រាលី​
  អាស៊ាន​
  អង្គការ​ឃ្លាំមើល​មនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com