ជាតិ
កម្ពុជា​-EU ព្រមព្រៀង​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បន្ថែមទៀត​
15, Mar 2018 , 5:23 pm        
រូបភាព
រូបថត ពីហ្វេសប៊ុកលោក​Huy Vannak៖ ជំនួបក្នុងកិច្ចប្រជុំគណៈកម្មការសហភាពអឺរ៉ុប និងកម្ពុជា នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១២-១៣ មីនា
រូបថត ពីហ្វេសប៊ុកលោក​Huy Vannak៖ ជំនួបក្នុងកិច្ចប្រជុំគណៈកម្មការសហភាពអឺរ៉ុប និងកម្ពុជា នៅទីក្រុងព្រុចសែល កាលពីថ្ងៃទី១២-១៣ មីនា
​ភ្នំពេញ​៖ កម្ពុជា​-​សហភាព​អឺរ៉ុប (EU) ព្រមព្រៀង​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​។ កិច្ចព្រមព្រៀង​គ្នា​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សហភាព​អឺរ៉ុប និង​កម្ពុជា កាលពី​ថ្ងៃទី​១២-១៣ មីនា​។​



​ក្នុង​កិច្ចប្រជុំ​ទ្វេ​ភាគី​នោះ កម្ពុជា​និង​សហភាព​អឺរ៉ុប បាន​ពិភាក្សាគ្នា​លើ​បញ្ហា​ពាណិជ្ជកម្ម​ទ្វេ​ភាគី និង​បរិយាកាស​វិនិយោគ​របស់​សហភាព​អឺរ៉ុប ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​កិច្ចប្រជុំ​នេះ​ភាគី​ទាំងពីរ បាន​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​ទាក់ទង​នឹង​ការយោគយល់​លើ​ការអនុគ្រោះ​ពន្ធ (Everything But Arm) នៃ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​។ ជាពិសេស​ការជំរុញ​ឲ្យ​វិស័យសេដ្ឋកិច្ច​ដ៏​ធំ​របស់​កម្ពុជា​កាន់តែ​រីកចម្រើន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​។ កម្ពុជា​និង​សហភាព​អឺរ៉ុប ក៏បាន​ពិភាក្សាគ្នា​លើ​ដំណើរ​ការបើក​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ការ​ពិនិត្យមើល​ការវិវត្ត​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ពហុភាគី​ផងដែរ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម កម្ពុជា​និង​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១៤ មីនា បានប្រកាស​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​លើ​ចំណុច​សំខាន់​នៃ​ការបើក​ច្រក​ទីផ្សារ និង​គម្រោង​វិនិយោគ​ដោយ​សេរី​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ពី​សហភាព​អឺរ៉ុប ចូលមក​កម្ពុជា ដើម្បី​គាំទ្រ​សង្វាក់តម្លៃ​ក្នុង​តំបន់ និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​»​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប មាន​ជាង​៥​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៧​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រវាង​ភាគី​ទាំងពីរ​។ កន្លងមក​ក្រសួងពាណិជ្ជកម្ម ធ្លាប់​បង្ហាញ​ទិន្នន័យ​ថា កម្ពុជា​ទទួលផល​ចំណេញ​ជាង​៦០០​លាន​ដុល្លារ​អាមេរិក ពី​ការអនុគ្រោះ​ពន្ធ​នេះ​ (​បើ​ត្រូវ​បង់ពន្ធ​វិញ កម្ពុជា​ត្រូវ​ចំណាយ ៦៧៦ លាន​ដុល្លារ )​ សម្រាប់​ការនាំ​ចូល​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ។​

​ទោះជា​មានការ​ព្រមព្រៀង​លើ​ការពង្រឹង​ពាណិជ្ជ​កម្មនេះ​ក្តី ក៏​សហភាព​អឺរ៉ុប មិន​ភ្លេច​រំឭក​ពី​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា​ឡើយ​។ សហភាព​អឺរ៉ុប បានស្នើ​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​សេរីភាព ក្នុងនោះ​រួមមាន សិទ្ធិ​និយោជិត ដើម្បី​អាចមាន​សិទ្ធិ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប សម្រាប់​ផ្ដល់​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​។ បញ្ហា​ដែល​សហភាព​អឺរ៉ុប​ព្រួយបារម្ភ​នោះ​ទាក់ទង​និង​ដី​សម្បទាន​សេដ្ឋកិច្ច ចំការ​ស្ករអំពៅ និង​បញ្ហា​កម្មករ​ដទៃទៀត ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​លើ​បញ្ហា​ទាំងនេះ​ជាបន្ទាន់​។


ប្រតិភូអន្តរក្រសួងកម្ពុជា។ រូបថត Huy Vannak

​ក្រៅពី​បញ្ហា​សិទ្ធិ​កម្មករ​នេះ សហភាព​អឺរ៉ុប ក៏​អំពាវនាវ​ច្រំ​ដែល​ទៀត ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្ដើម​គិតពី​ប្រយោជន៍​រួម ក្នុងការ​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​វិធានការ​ចាំបាច់ ក្នុងការ​ធានា​ពី​បរិយាកាស​នយោបាយ ជាមួយ​គណបក្សប្រឆាំង , សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្នុងការ​ប្រតិបត្តិការ​នៅ​ក​ម្ពិ​ជា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា និង​សហភាព​អឺរ៉ុប​។​

​ជាការ​ឆ្លើយតប កម្ពុជា បាន​បញ្ជាក់ថា បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​អាជ្ញាធរ​ចាត់វិធានការ និង​ការសម្រេច​របស់​ប្រព័ន្ធយុត្តិធម៌ គឺ​វា​ជាការ​អនុវត្ត​តាមផ្លូវ​ច្បាប់ ដើម្បី​ការពារ​អធិបតេយ្យភាព និង​ការពារ​សន្តិភាព ស្ថិរភាព ដែលជា​ផលប្រយោជន៍​សង្គម ក្នុង​ដំណើរការ​អភិវឌ្ឍ​កម្ពុជា​។ កម្ពុជា​បានប្រកាស​ជាថ្មី​ថា កម្ពុជា គោរព​គោលការណ៍​សេរីភាព និង​សិទ្ធិមនុស្ស ដែល​បានកំណត់​នៅក្នុង​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ ជាពិសេស​ការរៀបចំ​ដំណើការ​បោះឆ្នោត ឲ្យ​ប្រព្រឹត្តិ​ទៅដោយ​រលូន ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ​៕ 


Tag:
 ​កម្ពុជា​
 ​សហភាព​អឺរ៉ុប​
 ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com