ជាតិ
សម្ដេច ហ៊ុន សែន នឹងជួបប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី៨០០នាក់
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ៨០០នាក់ នៅព្រឹកថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៨ ។សម្តេច ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី១៦-១៨ មីនា នាទីក្រុងស៊ីដនី ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក Malcolm Turnbull នាយករដ្ឋមន្ត្រីអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រសៀលថ្ងៃទី១៦ មីនា (ម៉ោងនៅអូស្ត្រាលី) មុននឹងសម្តេចបន្តជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលីផងដែរ។នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សម្តេច ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអាស៊ាន និងអូស្ត្រាលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ រវាងលោក ប៉េហាំង ដាតូ លឹម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។
វត្តមានសម្ដេច ហ៊ុន សែន នៅលើទឹកដីអូស្ត្រាលី មានទាំងការគាំទ្រពីប្រជាពលរដ្ឋខ្មែរនៅទីនោះ ហើយក៏មានក្រុមពលរដ្ឋខ្មែរដែលប្រឆាំងរដ្ឋាភិបាលកម្ពុជា បានត្រៀមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចនាយករដ្ឋមន្ត្រីផងដែរ៕
Tag:
ហ៊ុន សែន
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com