កីឡាជាតិ
លីគកំពូល៖ ណាហ្គាវើលជួបអង្គរថាយហ្គឺរ, វេស្ទើនស្វាគមន៍សូលទីឡូអង្គរ ខណៈអាស៊ីអឺរ៉ុបប៉ះទ័ព ក្រុមណាហ្គាវើលប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងសប្តាហ៍ទី២នៅកីឡដ្ឋានអគ្គិសនីកម្ពុជា
× ការប្រកួតបាល់ទាត់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ បានាឈានដល់សប្តាហ៍ទី៣ ដោយនៅថ្ងៃសៅរ៍ទី១៧ ខែមីនា ឆ្នាំ២០១៨ នេះ មានការប្រកួតចំនួន៣គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ក្នុងនោះ ក្រុមណាហ្គាវើលយកពហុកីឡដ្ឋានជាតិតទល់ជាមួយក្រុមអង្គរថាយហ្គឺរ រីឯក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញស្វាគមន៍ក្រុមភ្ញៀវសូលទីឡូអង្គរ ខណៈម្ចាស់ផ្ទះអាស៊ីអឺរ៉ុបជួបក្រុមក្រសួងការពារជាតិ(ទ័ព)។
ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៥-១ កាលពីសប្តាហ៍មុន ណាហ្គាវើលត្រូវប្រជែងជាមួយក្រុមអង្គរថាយហ្គឺរ នាការប្រកួតសប្តាហ៍ទី៣នៃពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជានាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៧ មីនា នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតពីរសប្តាហ៍កន្លងមក ក្រុមអង្គរថាយហ្គឺរបានរងការខកចិត្តជាបន្តបន្ទាប់ ដោយចាញ់ក្រុមក្រសួងការពារជាតិ ១-០ នាជំនួបបើកឆាក និងបន្តចាញ់ក្រុមចំណូលថ្មីវិសាខា ២-០ ក្នុងជំនួបទី២។
ក្រុមណាហ្គាវើលប្រកួតជាមួយម្ចាសផ្ទះអគ្គិសនីកម្ពុជាកាលពីសប្តាហ៍ទី២
ជាមួយគ្នានេះក្រុមវេស្ទើនភ្នំពេញក្រោយចាញ់បឹងកេត ៣-១ កាលពីសប្តាហ៍មុន ត្រូវបើកទ្វារកីឡដ្ឋានវេស្ទើនភ្នំពេញស្វាគមន៍ក្រុមភ្ញៀវចំណូលថ្មីសូលទីឡូអង្គរនាវេលាម៉ោង៣រសៀលនេះ។ ឆ្លងកាត់ពីរប្រកួតដើមរដូវកាលកន្លងមក ក្រុមទើបឡើងមកពីលីគលំដាប់ទី២សូលទីឡូអង្គរទទួលលទ្ធផលមិនសមប្រកបឡើយ ដោយចាញ់ភ្នំពេញក្រោន ១-០ និងចាញ់អាស៊ីអឺរ៉ុប ២-១។
នាវេលាម៉ោង៣រសៀលនេះដែរ ក្រុមអាស៊ីអឺរ៉ុប ដែលយកឈ្នះសូលទីឡូអង្គរ ២-១ នាជំនួបទី២ និងចាញ់បឹងកេត ៤-៣ ក្នុងជំនួបបើកឆាក ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវក្រសួងការពារជាតិនៅកីឡដ្ឋានអាស៊ីអឺរ៉ុប។ ពីរប្រកួតកន្លងមក ទ័ព បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ១-០ នាជំនួបបើកឆាក និងចាញ់ក្រុមភ្នំពេញក្រោន ២-០ ក្នុងជំនួបទី២៕
Tag:
Cambodian League 2018
ណាហ្គាវើល
អង្គរថាយហ្គឺរ
© រក្សាសិទ្ធិដោយ thmeythmey.com