ជាតិ
សម្ដេច ហ៊ុន សែន ដំណាល​រឿង​លោក សម រង្ស៊ី ប្រាប់​ពលរដ្ឋ​ខ្មែរ នៅ​អូស្ត្រាលី​
16, Mar 2018 , 5:11 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រៀបរាប់​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​ជាច្រើន ក្នុង​ការខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ភាព​រីកចម្រើន​ស្មើមុខ ស្មើ​មាត់​ជាមួយ​បណ្ដា​ប្រទេស​នានា នៅលើ​ឆាក​អន្តរជាតិ ចាប់តាំងពី​កម្ពុជា​រួច​ផុតពី​សម័យ​សង្គ្រាម​មក​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ពី​ជំហ​រដ្ឋាភិបាល ដែល​ប្ដេជ្ញា​ការពារ​សន្តិភាព ស្ថេរភាព បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេស ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ចង់​បំផ្លាញ​កម្ពុជា​បាន​ដោយ​ងាយៗ​ឡើយ ដរាបណា​មាន​វត្តមាន​សម្ដេច​។​

​អម​ជាមួយ​ការលើកឡើង​ពី​ការលះបង់​កម្លាំងកាយ​ចិត្ត​ខ្លួន អស់​រយៈពេល​ជាង​៣​ទស្សវត្ស ដើម្បី​ស្ដារ​កិត្តិយស និង​រៀបចំ​ប្រទេស​ឡើងវិញ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​មិន​ភ្លេច​ដំណាល​រឿង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ផងដែរ​។ ប៉ុន្តែ​រឿង​លោក សម រង្ស៊ី គ្មាន​ឡើយ នូវ​ចំណុច​វិជ្ជមាន​។​

​តាមរយៈ​វោហារកោសល​របស់​សម្ដេច ហ៊ុន សែន បានលើកឡើង​ពី​ចំណុច​អវិជ្ជមាន​របស់លោក សម រង្ស៊ី ដែល​តែងតែ​ដើរ​ធ្វើ​នយោបាយ បែប​ឃោសនា​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ , ប្រាប់​បរទេស​ឲ្យ​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់ និង​ដាក់​សម្ពាធ​មកលើ​រដ្ឋាភិបាល ។ មិន​ត្រឹម​ប៉ុណ្ណេះ សម្ដេច ហ៊ុន សែន ថែមទាំង​បញ្ចេញ​សំឡេង​របស់លោក សម រង្ស៊ី ដែល​បាន​និយាយ​គ្នា​ក្នុងជំនួប​ជាមួយ​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច Degar (​ម៉ុង​តា​ញ៉ា​) របស់​វៀតណាម ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កន្លងមក ក្នុងករណី​ចុះហត្ថលេខា​សន្យា​កាត់​ដី​ខេត្ត​៤ ឲ្យ​ជនជាតិភាគតិច​របស់​វៀតណាម​រស់នៅ ក្នុង​វេទិការ​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ផងដែរ​។​

​ក្នុង​កែវភ្នែក​សម្ដេច ហ៊ុន សែន គ្មាន​ឡើយ​ចំណុច​វិជ្ជមាន​របស់លោក សម រង្ស៊ី ដែល​ត្រូវ​លើក​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​នេះ​។ ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​៨០០​នាក់​នៅ​អូស្ត្រាលី​ថា «​សម្ដេច គឺជា​អ្នកបម្រើ​ជាតិ​ដ៏​ស្មោះត្រង់​» ។​

​គួរ​បញ្ជាក់ថា សម្ដេច ហ៊ុន សែន រួមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២0១៨ ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អូស្ត្រាលី​។ កិច្ចប្រជុំ​នេះ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២0១៨៕


Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com