ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​ប្រពន្ធ​លោក​កែម​ឡី​ថា «​កុំ​យក​សម្ដេច​ធ្វើជា​សត្រូវ​»
16, Mar 2018 , 5:32 pm        
រូបភាព
អ្នក​ស្រី ប៊ូ រតនា និង​កូនទាំង​ប្រាំនាក់ ដែលជាចំណងអាពាហ៍ពិពាហ៍ជាមួយ​លោក កែម ឡី កំពុង​រស់នៅមែលប៊ន ប្រទេសអូស្ត្រាលី។ រូបថត AFP
អ្នក​ស្រី ប៊ូ រតនា និង​កូនទាំង​ប្រាំនាក់ ដែលជាចំណងអាពាហ៍ពិពាហ៍ជាមួយ​លោក កែម ឡី កំពុង​រស់នៅមែលប៊ន ប្រទេសអូស្ត្រាលី។ រូបថត AFP
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​អារម្មណ៍​សោកស្ដាយ​ចំពោះ​ការស្លាប់​របស់លោក កែម ឡី នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​អូស្ត្រាលី​។ សម្ដេច ហ៊ុន សែន បាន​និយាយថា សម្ដេច​មិនបាន​នៅ​ពីក្រោយ​នៃ​ការស្លាប់​របស់លោក កែម ឡី ឡើយ ហើយ​ករណីនេះ​គឺ​គណបក្សប្រឆាំង​ទេ ដែលជា​អ្នក​ចំណេញ​នយោបាយ ពី​សាកសព​លោក កែម ឡី​។​



​ថ្លែង​ក្នុង​វេ​ទិ​ការជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​៨០០​នាក់ នៅ​អូស្ត្រាលី នៅ​ថ្ងៃទី​១៦ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​អះអាងថា លោក កែម ឡី គឺជា​មនុស្ស​ម្នាក់ ដែល​សម្ដេច គោរព​រាល់​ទស្សនបណ្ឌិត​របស់លោក ចំពោះ​ការវិភាគ​លើ​បញ្ហា​នានា​ក្នុងសង្គម​។ និយាយ​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ភរិយា​លោក​កែម ឡី គឺ​លោកស្រី ប៊ូ រចនា កុំ​មានការ​យល់ច្រឡំ​លើស​ម្ដេច ក្នុងករណី​ស្លាប់​របស់លោក កែម ឡី​។ សម្ដេច ប្រាប់​ឲ្យ​លោកស្រី ប៊ូ រចនា កុំ​យក​សម្ដេច​ធ្វើជា​សត្រូវ​ផងដែរ​។​

សូមស្ដាប់សំឡេងនាយករដ្ឋមន្រ្តី៖


​សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាតកម្ម​នេះ​កើតឡើង សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន លោក ជួប សម្លាប់ ក្នុង​ថ្ងៃនោះ​តែម្តង​។ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៧ លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ដោយ​រង​ការចោទប្រកាន់ថា បាន​បាញ់សម្លាប់​លោក កែម ឡី​។ យ៉ាងណាក៏ដោយ លោកស្រី  ប៊ូ រចនា រួមទាំង​សហគមន៍​អន្តរជាតិ​មួយចំនួន ហាក់​មិនសូវ​ជឿ​នោះទេ​ថា ជួប សម្លាប់ ពិតជា​ឃាតក​។ ពួកគេ នៅតែ​ចង់​ឲ្យ​សមត្ថកិច្ច​បន្ត​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​៕


Tag:
 ហ៊ុន សែន​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com