កីឡាជាតិ
ជាតិ
ព្រៃវែង​ជួប​កោះកុង​ដណ្តើម​ជើងឯក U14 រីឯ​យុវជន​បាទី​ប៉ះ​ស្វាយរៀង​ដណ្តើម​ជើងឯក U16
17, Mar 2018 , 6:30 am        
រូបភាព
ដោយ:
​ក្រោយ​ប្រកួត​អស់​រយៈពេល​ប្រមាណ​ជិត​៥​ខែ ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​១៦​ឆ្នាំ និង​ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រៀងៗ​ខ្លួន​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ​។ ក្នុងនោះ​ក្រុម​ព្រៃវែង​ប្រជែង​គ្នា​ជាមួយ​កោះកុង​ដណ្តើមពាន​យុវជន U14 រីឯ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​តទល់​ជាមួយ​ក្រុម​ស្វាយរៀង​ដណ្តើមពាន​យុវជន U16​។ ចំណែក​ក្រុម​កំពង់ស្ពឺ​ប្រជែង​ជាមួយ​ក្រុម​បាត់ដំបង​ដណ្តើមពាន​បាល់ទាត់​នារី​។​

 
​ក្រុមយុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​របស់​ខេត្តព្រៃវែង ត្រូវ​ប្រជែង​គ្នា​ជាមួយ​ក្រុមយុវជន​រប​ស់​ខេត្តកោះកុង ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ នា​វេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​ក្នុងនោះ​ក្រុម​ព្រៃវែង​បាន​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ៤-២ ខណៈ​កោះកុង​បាន​យកឈ្នះ​កំពង់ស្ពឺ ១-០​។ ក្រុមយុវជន​ខេត្តកំពង់ស្ពឺ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-១​។ 
 
​ជាមួយគ្នានេះ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ដែល​យកឈ្នះ​ក្រុម​កោះកុង ១៦-២ ត្រូវ​តទល់​ជាមួយ​ក្រុម​ស្វាយរៀង​ដែល​យកឈ្នះ​ក្រុមយុវជន​ក្រសួងការពារជាតិ ៦-២ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា ដើម្បី​ដណ្តើមពាន​យុវជន U16​។ ការប្រកួត​នឹង​ព្រឹ​ត្ត​ទៅនា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេ​ម៉ត់​។ ក្រុម​កោះកុង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រសួងការពារជាតិ ៦-៤ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ 
 
​មុន​ការប្រកួត​ទាំងពីរ​ខាងលើ នៅ​កីឡដ្ឋាន​នេះដែរ ក្រុមបាល់ទាត់​នារី​របស់​ខេត្តកំពង់ស្ពឺ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​បាត់ដំបង ដើម្បី​ដណ្តើមពាន​បាល់ទាត់​នារី​ប្រចាំឆ្នាំ​២០១៧ នា​ម៉ោង​៧:៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ មីនា ឆ្នាំ២០១៨៕ 

Tag:
 បាល់ទាត់​
  ពាន​ជម្រើស​យុវជន U14
  U16
  បាល់ទាត់​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com