សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមួយ នឹងសង់រោងចក្រច្នៃដំឡូងមីខ្នាតធំនៅខេត្តក្រចេះ
17, Mar 2018 , 7:00 pm        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
ដោយ:
ភ្នំពេញ៖  ក្រុមហ៊ុន GreanLeader នឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំមួយ នៅក្នុងខេត្តក្រចេះ នៅក្នុងខែមេសាខាងមុខ។ នេះបើតាមការឲ្យដឹងរបស់លោក Michael Tse នាយកប្រតិបត្តិក្រុមហ៊ុនចិនមួយនេះ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ខែមីនា ហើយដែលខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួង។



លោក Michael Tse បានថ្លែងថា ក្រុមហ៊ុន GreanLeader ដែលចុះបញ្ជីផ្សារហ៊ុននៅហុងកុង ចូលមកកម្ពុជាដើម្បីបង្កើតរោងចក្រផលិតម្សៅដំឡូងមីខ្នាតធំ។ លោកបន្ថែមថា រោងចក្រទី១ នឹងត្រូវសាងសង់នៅខេត្តក្រចេះ នៅក្នុងអំឡុងខែមេសា ដោយមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ហើយរោងចក្រនេះត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០ម៉ឺនតោនក្នុងមួយឆ្នាំ។
 
លោក  Michael Tse បន្តថា ក្រុមហ៊ុនលោកនឹងប្រើប្រាស់យន្តការកិច្ចសន្យាកសិកម្មជាមួយកសិករ ដោយផ្ដល់នូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន GreanLeader រូបនេះ ក្រុមហ៊ុនមួយនេះគ្រោងនឹងសាងសង់រោងចក្រច្នៃដំឡូងមីចំនួន ៥ ក្នុងរយៈពេលពីរឆ្នាំ៕
 

Tag:
 ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com