ជាតិ
សេដ្ឋកិច្ច
មិន​ថា​បន្លែ​សរីរាង្គ ឬ​បន្លែ​ធម្មតា ជួប​បញ្ហា​ផ្គត់ផ្គង់​មិនជា​ប់លាប់ ដែល​ត្រូវការ​អ្នក​ស​ម្រប​សម្រួល​
17, Mar 2018 , 8:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកជំនាញ​កសិកម្ម លោក​បណ្ឌិត យ៉ង សាំង​កុមារ ថ្លែងថា គន្លឹះ​ដោះស្រាយ​បញ្ហា​ទីផ្សារ​បន្លែ​របស់​កម្ពុជា គឺ​ត្រូវបង្កើត​ឲ្យ​មាន​អ្នកសម្របសម្រួល រវាង​ការដាំដុះ​របស់​កសិករ​នៅតាម​តំបន់​នីមួយៗ និង​ទីផ្សារ ព្រោះថា​បញ្ហា​កន្លងមក គឺ​នៅត្រង់​ការ​ផ្គង់​ផ្គង់​មិន​ទៀងទាត់​របស់​កសិករ​។



​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ អះអាងថា តម្រូវការ​បន្លែ​សរីរាង្គ​មាន​កាន់​ច្រើនឡើង ខណៈ​ការផ្គត់ផ្គង់​បន្លែ​របស់​កសិករ នៅតែមាន​ចំនួន​តិចតួច មិនទាន់​ឆ្លើយតប​ទីផ្សារ​។  មូល​ហេតុដែល​មិនសូវ​ឃើញ​បន្លែ​សរីរាង្គ​មាន​លើ​ទីផ្សារ លោក​បណ្ឌិត​កសិកម្ម​រូបនេះ ពន្យល់​ដូច្នេះ​ថា​៖«​ទីមួយ​ការផ្គត់ផ្គង់​បន្លែ​សរីរាង្គ​អត់​ទាន់​មាន​គ្រប់គ្រាន់ និង​មាន​ដោយ​កន្លែងៗ នៅ​ឆ្ងាយ ហើយ​ទី​ពីរ​ពលរដ្ឋ​សាញ​នឹង​តម្លៃ ដែល​ខ្ពស់​គួរសម​ដែរ ដែលជា​បញ្ហា​យើង​កំពុង​ប្រឈម ខណៈដែល​ជាទូទៅ ពលរដ្ឋ​ចាប់អារម្មណ៍​ត្រូវការ​បន្លែ​សរីរាង្គ ដែល​ល្អ​ដល់​សុខភាព​ពួកគាត់​»​។  
​អ្នកជំនាញ​ក្នុង​វិស័យនេះ​អះអាង​ដូ​គ្នា​ថា ចរាចរ​បន្លែ​សរីរាង្គ​លើ​ទីផ្សារ​កម្ពុជា មាន​មិន​ដល់ ១០​ភាគរយ​ផង​នៃ​ទីផ្សារ​បន្លែ​ទូទៅ​ទាំងមូល​។​
 
​ការផ្គត់ផ្គង់​បន្លែ​សរីរាង្គ តាមរយៈ​ការជួយ​សម្របសម្រួលរ​បស់​អង្គការ​សេ​ដាក គឺជា​ឧទាហរណ៍​មួយ នៃ​ការចាប់យក​ទីផ្សារ​មិនទាន់​អស់​លទ្ធភាព​។ នាយក​ប្រតិបត្តិ​អង្គការ​សេ​ដាក អ្នកស្រី តុង ចាន់​ធាង ឲ្យ​ដឹងថា ការផ្គត់ផ្គង់​របស់​សេ​ដាក​នេះ សម្រាប់តែ​ការលក់​រាយ​ប៉ុណ្ណោះ ដោយ​មិនទាន់មាន​សមត្ថភាព​ល​ក់បោះ​ដុំ ពិសេស​ទៅតាម​សណ្ឋាគារ​នៅឡើយ​។ អ្នកស្រី​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ការដាំដុះ​បន្លែ​សរីរាង្គ​របស់​កសិករ មិនទាន់​អាច​បោះ​ដុំ​បាន​នោះទេ ព្រោះ​ជួន​មាន​បន្លែ ជួន​អត់​»​។ 
​បន្លែ​សរីរាង្គ​ដែល​ផ្គត់ផ្គង់​ពី​កសិករ​មក​ទីផ្សារ តាមរយៈ​អង្គការ​សេ​ដាក មាន​បរិមាណ ១៥០​ទៅ​២០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ​។ ក្រៅពី​សេ​ដាក ការលក់​បន្លែ​សរីរាង្គ មានការ​បើក​ជា​ហាង​មួយចំនួន​ផ្សេងទៀត ពិសេស​គេ​ឃើញ​មាននៅ​តំបន់​បឹង​កេងកង និង​ទួល​ទំពូង​។ 
 
​មិន​ថា​ទីផ្សារ​បន្លែ​សរីរាង្គ ឬ​បន្លែ​ធម្មតា​នោះទេ បញ្ហា​នោះ​គឺ​ការ​ផ្គង់​ផ្គង់​មិនជា​ប់លាប់ ដែល​ខុសពី​ការផ្គត់ផ្គង់​បន្លែ​ពី​ប្រទេសជិតខាង​មក​កម្ពុជា​។ 
«​បញ្ហា​បន្លែ គឺ​ខុសពី​ស្រូវ​អង្ករ ព្រោះថា​គេ​ត្រូវការ​រាល់ថ្ងៃ ដូចនេះ​អ្វីដែល​សំខាន់​កសិករ​យើង​ត្រូវ​ចេះ​រួមគ្នា​ផលិត​ឲ្យ​មាន​រាល់ថ្ងៃ ឲ្យ​ទៀងទាត់​។ កុំ​ឲ្យ​ខែ​ណា​សម្បូរ​ត្រសក់​ក៏​សម្បូរ​ទៅ ខែ​ណា​អត់​ក៏​អត់​ទៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យ៉ង សាំង​កុមារ មុននឹង​លោក​បន្ថែម​ដូចនេះ​ទៀតថា​៖«​នេះ​ជា​បញ្ហា​ធំ​របស់​កសិករ​ខ្មែរ ហេតុនេះហើយ​បានជា​យើង​ត្រូវ​ការដឹក​បន្លែ​មកពី​ក្រៅប្រទេស​ច្រើន ដោយសារ​គេ​មាន​ឲ្យ​យើង​ទៀងទាត់​»​។​
​លោក យ៉ង សាំង​កុមារ បន្តថា កសិករ​នៅ​មិនទាន់​ចេះ​ដាំ​បន្លែ តាម​តម្រូវការ​ទីផ្សារ​នៅឡើយ​។ ការសហការ​រវាង​ក​សិ​ករ ដោយ​ផ្សារភ្ជាប់​ទៅ​ទីផ្សារ គឺជា​រឿង​ចាំបាច់ ដើម្បី​ជំរុញ​បញ្ហា​លក់​កសិផល​។​
 
«​ប៉ុន្តែ​បញ្ហា​នេះ បើ​និយាយ​ទៅ​ស្រួល តែ​អនុវត្ត​ជាក់ស្ដែង​ពិបាក​។ រឿងនេះ​ត្រូវការ​អ្នកដឹកនាំ​សម្របសម្រួល​នៅតាម​តំបន់​នីមួយៗ​»​។ លោក សាំង​កុមារ ថ្លែង​បែបនេះ​។​
​ស្ថាបនិក​អង្គការ​សេ​ដាក​រូបនេះ ប្រាប់ថា វិស័យនេះ ត្រូវការ​អ្នកសម្របសម្រួល​យ៉ាងតិច ក៏​បី​៣០០ ទៅ​៤០០​នាក់ សម្រាប់​ធ្វើការ​ជាមួយ​កសិករ​រាប់ម៉ឺន​នាក់ នៅ​គ្រប់​តំបន់ ដើម្បី​ផ្គូរ​ផ្គង់​ការដាំដុះ និង​តម្រូវការ​ទីផ្សារ​។ អ្នកសម្របសម្រួល ត្រូវធ្វើ​ការប្រមូលផ្ដុំ​កសិករ នៅ​កន្លែង​សក្ដានុពល កំណត់​កន្លែង​ប្រមូល​ចែកចាយ​បន្លែ ព្រមទាំង​ធ្វើ​កិច្ចការ​ដឹកជញ្ជូន និង​ស្តុក​។ 
​លោក​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​កិច្ចការ​សម្របសម្រួល​ទាំងនេះ     ខណៈ​វិស័យ​កសិកម្ម​ផ្នែក​បន្លែ មាន​សក្ដានុពល​ធំ​ដល់​សេដ្ឋកិច្ច និង​ជីវភាព​ពលរដ្ឋ​។​
​បន្លែ​ត្រូវបាន​នាំចូល​យ៉ាង​គគ្រឹកគគ្រេង ពី​ខាងក្រៅ​មក​ទីផ្សារ​កម្ពុជា​។ លោក ច័ន្ទ សុផល បាន​អះអាង​លើ​ការស្រាវជ្រាវ​របស់ខ្លួន​កន្លងមក​ថា កម្ពុជា​នាំចូល​បន្លែ​ពី ២០០ ទៅ​៤០០​តោន ក្នុង​មួយថ្ងៃ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា ការ​នាំចូល​បន្លែ​មានតម្លៃ​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​៕
 
 

Tag:
 យ៉ង សាំង​កុមារ​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com