ជាតិ
សង្រ្កាន្តឆ្នាំថ្មី
«​សង្ក្រាន្ត​ព្រៃវែង​» ត្រៀមខ្លួន​បម្រើ​ភាព​រីករាយ​៥​ថ្ងៃ​នាឱកាស​អបអរ​បុណ្យចូលឆ្នាំថ្មី​
17, Mar 2018 , 10:00 pm        
រូបភាព
​ព្រៃវែង​៖ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ ខេត្តព្រៃវែង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ក្រុង​ព្រៃវែង រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី ១២ -១៦ ខែមេសា​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​បង្កលក្ខណៈ​សប្បាយរីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ​។ «​សង្ក្រាន្ត​ព្រៃវែង​» រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង សហការ​ជា​រដ្ឋបាល​ខេត្តព្រៃវែង​។​


​នេះ​ជា​ឆ្នាំ​ទី ៣ ហើយ ដែល​ខេត្តព្រៃវែង រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​»​។ ក្នុង​ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» នឹង​ប្រារព្ធ​ឡើង​ក្នុង​ទឹកដី​នៃ​ក្រុង​ព្រៃវែង រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី ១២ ដល់ ទី​១៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីតាំង​ចំនួន ៣ រួមមាន តំបន់​សួនច្បារ​សម្ដេច​ជាស៊ីម តំបន់​ចុង​ប៉ម និង​តំបន់​កីឡដ្ឋាន​បាល់ទាត់​។ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ព្រៃវែង​» ជាការ​ផ្តួចផ្ដើម​គំនិត​របស់ លោក ហ៊ុន ម៉ា​នី និង​លោក ស សុខា ដោយមាន​ការសហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រៃវែង ក្នុងការ​គាំទ្រ​ព្រឹត្តិការណ៍​ស​ង្រា​ន្ត​ព្រៃវែង​ឆ្នាំ​២០១៨​នេះ​។​


 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង លោក ខៀវ ភា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ ប្រជាកសិករ និង​កម្មករ កម្មការិនី បានមក​កម្សាន្ត​ក្នុង​ថ្ងៃ​ចូលឆ្នាំ ជាមួយ​កម្មវិធី​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​នេះ​។ លោក ខៀវ ភា​រិ​ទ្ធ បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​កម្មវិធី​ជាច្រើន​ទាក់ទង​នឹង​វប្បធម៌ សាសនា ការលេង​ល្បែង​ប្រជាប្រិយ រួមទាំង​ការប្រគំ​តន្ត្រីបុរាណ និង​សម័យ​ផងដែរ​។ 
 
​បើតាម​ប្រធាន​ស​.​ស​.​យ​.​ក ខេត្តព្រៃវែង ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​នឹងមាន​កម្មវិធី​ប្លែក​ជាច្រើន ពិសេស​ការ​រំលេច​ចេញ​នូវ​រូបរាង រូប​យក្ស​ចំនួន ៥ នៅ​កណ្ដាល​សួនច្បារ​នៃ​ក្រុង​ព្រៃវែង​។ ជាមួយគ្នានេះ ក្នុង​ព្រឹត្តិការណ៍​នេះ មានការ​តាំងពិព័រណ៍​ជាតិ និង​អន្តរជាតិ ប្រមាណ ៣០០​ស្ដង់ រួមទាំង​ការប្រកួត​បវរកញ្ញា​ឯក​ចាស់ៗ និង​ការប្រកួត​ចំរៀង​ឯក និង​ស្រី​ស្អាត ប្រុស​ស្អាត​ផងដែរ​។ 
 
​លោក ខៀវ ភា​រិ​ទ្ធ បញ្ជាក់ថា «​សង្ក្រាន្ត​ព្រៃវែង​»​នេះ មាន​ល្បែង​ប្រជាប្រិយ​ខ្មែរ​ច្រើន​ប្រភេទ​ដូចជា ទាញព្រ័ត្រ ឡើង​សសរ​ខ្លាញ់ បោះ​អ​ង្គុ​ញ ជាពិសេស​ការ​រំលឹក​អនុស្សាវរីយ៍​ក្នុង​ទសវត្ស​ទី ៨០ ដែល​រំលឹក​ពី​កុមារភាព​ផងដែរ​។ ម្យ៉ាង​វិញ ការ​លើកយក​នូវ​ទស្ស​នី​យ​ភាព​ល្ខោនខោល ល្ខោនបាសាក់ និង​ការប្រគំ​តន្ត្រីសម័យ ដែលមាន​តារា​ល្បីៗ​ចូលរួម​ផងដែរ​។  ប្រធាន​ស​.​ស​.​យ​.​ក ខេត្តព្រៃវែង​រូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍​លើក​ទី​៣​នេះ នឹងមាន​ប្រជាពលរដ្ឋ​ចូលរួម​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​នាក់​។​
 
​សូមបញ្ជាក់ថា   កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ខេត្តព្រៃវែង បានរៀបចំ​ព្រឹត្តិការណ៍​នេះ នៅក្នុង​ស្រុក​កញ្ជ្រៀច និង​ឆ្នាំ​២០១៧ រៀបចំ​ស្រុក​បាភ្នំ ដែលមាន​រយៈពេល ៥​ថ្ងៃ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​។ នេះ​បើតាម​ប្រធាន​ស​.​ស​.​យ​.​ក ខេត្តព្រៃវែង​ខាងលើ​៕
 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

Tag:
 សង្ក្រាន្ត​
  ចូលឆ្នាំ​ខ្មែរ​
  ខៀវ ភា​រិ​ទ្ធ​
  ព្រៃវែង​
© រក្សាសិទ្ធិដោយ thmeythmey.com