ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពីលើកមុខមាត់ប្រទេស អ្នករបាំបុរាណ ជាអ្នកបន្តវេន និងផ្ទេរចំណេះទៅក្មេងជំនាន់ក្រោយ
× ភ្នំពេញ៖ របាំបុរាណ បានជួយលើកមុខមាត់ប្រទេសជាតិ និងធ្វើឲ្យបរទេសស្គាល់ពីតម្លៃសិល្បៈវប្បធម៌ខ្មែរច្រើន។ រាល់ការចេញទៅសម្ដែងនៅក្រៅប្រទេសម្ដងៗ បរទេសតែងពោលសរសើរថា នារីខ្មែររាំរបាំស្អាត និងមានកាយវិការទន់ភ្លន់ បង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួន។ អ្នករបាំបុរាណ មិនត្រឹមតែបានជួយលើកមុខប្រទេសជាតិ នៅក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដែលត្រូវបន្តវេនពីអ្នកជំនាន់មុន អ្នកអភិរក្ស និងជាអ្នកផ្ទេរចំណេះ ជំនាញរបាំបុរាណ ទៅកាន់អ្នកជំនាន់ក្រោយដែរ។
អ្នកនាង ប្រសិទ្ធ វិច្ឆិការ គឺជាអ្នករបាំបុរាណដែលមានបទពិសោធន៍ជិត១០ឆ្នាំមកហើយ។ ជាគ្រូរបាំបុរាណផង អ្នកនាង ប្រសិទ្ធ វិច្ឆិការ បាននាំយករបាំបុរាណ ទៅសម្ដែងនៅក្រៅប្រទេសប្រមាណ២០ប្រទេសរួចមកហើយ។ អ្នកនាងថា រាល់ការចេញទៅសម្ដែងនៅក្រៅប្រទេស អ្នកនាងតែងតែឮភ្ញៀវបរទេស សរសើរពីវប្បធម៌ខ្មែរ ពីរបាំខ្មែរ និងសរសើរពីភាពទន់ភ្លន់របស់នារីខ្មែរពេលរាំរបាំ។ គ្រូរបាំបុរាណរូបនេះថា ស្ត្រីខ្មែរ បានជួយលើកមុខមាត់ប្រទេសតាមរយៈរបាំ ដោយបានបង្ហាញប្រទេសដទៃ បានឃើញពីភាពស្រស់ស្អាត នៃរបាំខ្មែរ និងអាចធ្វើឲ្យភ្ញៀវទាំងអស់ជាប់ចិត្ត និងពោលសរសើរមិនដាច់ពីមាត់។ អ្នកនាង វិច្ឆិការ បញ្ជាក់៖ «រាល់ពេលដែលខ្ញុំទៅសម្ដែងនៅក្រៅប្រទសម្ដងៗ ខ្ញុំមានមោទកភាពខ្លាំង ព្រោះជនជាតិគេ គេសរសើររបាំខ្មែរថាអស្ចារ្យ ស្អាត អ្នករាំក៏រាំទន់ភ្លន់។ នេះជាចំណែកមួយ ដែលនារីបានជួយលើកមុខមាត់របស់ប្រទេសតាមរយៈរបាំ»។
កុមារី ទេព ច័ន្ទដាលីន ជាអ្នករបាំបុរាណមួយរូបទៀត ដែលបានចូលហាត់របាំ ដោយសារការស្រឡាញ់។ មានអាយុ ១៤ឆ្នាំ ក្មេងស្រីរូបនេះ បានចេញទៅសម្ដែងក្រៅប្រទេសបាន២ដងដែរ ហើយរូបគេបានសង្កេតឃើញថា ភ្ញៀវបរទេសតែងពោលថា នារីខ្មែរ ពេលដើរ ឬអង្គុយ មានរបៀបរៀបរយសមជាអ្នកសិល្បៈ ជាពិសេស ពេលរាំ គឺមានភាពទន់ភ្លន់។ កុមារី ទេព ច័ន្ទដាលីន បន្ថែមថា នារីមានភាពអត់ធ្មត់ច្រើនក្នុងការហាត់រៀនរបាំ ទោះតែមានការពិបាកដោយការហាត់ពត់ដៃ ពត់ជើងក៏ដោយ។ ដាលីនបញ្ជាក់៖«ខ្ញុំចូលរៀនរបាំអាយុ១០ឆ្នាំហើយ ពេលរៀនមានពត់ដៃ ពត់ជើងច្រើន សម្រាប់ខ្ញុំមិនសូវពិបាកខ្លាំងទេ ព្រោះខ្ញុំមានទេពកោសល្យខ្លះ ហើយខ្លួនខ្ញុំទន់ស្រាប់ផង។ តែអ្នកខ្លះ ពេលកាច់ដៃជើងយំក៏មាន តែនៅតែស៊ូរៀនទៀត»។
ចំណែកឯអ្នកគ្រូ ណុប ធីតា គ្រូបង្ហាត់របាំអប្សរា បានឲ្យដឹងថា របាំបុរាណខ្មែរ មានតែនារីប៉ុណ្ណោះ ដែលរាំ។ នារីមានតួនាទីយ៉ាងសំខាន់ក្នុងសិល្បៈ ព្រោះនារីជាអ្នកជួយបន្តវេនរបាំ និងជួយបណ្ដុះបណ្ដាលរបាំដល់សិស្សជំនាន់ក្រោយៗទៀត។ អ្វីដែលសំខាន់ទៀត នារីខ្មែរ បានជួយយ៉ាងច្រើនដល់សិល្បៈលើឆាកអន្តរជាតិ។ អ្នកគ្រូ ធីតា បញ្ជាក់ថា៖«នារីខ្មែរ មានតួនាទីសំខាន់ណាស់ក្នុងសិល្បៈ ទាំងជាអ្នកបន្តវេន និងបណ្ដុះបណ្ដាលក្មេងបន្ត។ នារីខ្មែរពេលចេញទៅសម្ដែងក្រៅប្រទេស គាត់បានផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរច្រើន ជាពិសេសការស្លៀកពាក់ជារបៀបខ្មែរ។ ពេលគាត់រក្សាបានអ្វីដែលជាខ្មែរ បរទេសនឹងបានដឹងថា ខ្មែរមានភាសា មានសិល្បៈ ប្រពៃណី មានវប្បធម៌ របស់ខ្លួនច្បាស់លាស់ »។
អ្នកគ្រូ ធីតា បានផ្ដាំផ្ញើទៅកាន់នារីខ្មែរទាំងអស់ បើមានពេលទំនេរសូមមករៀនរបាំខ្មែរ ឲ្យបានច្រើនដើម្បីបានស្វែងយល់ពីរប្បធម៌ជាតិកាន់តែច្បាស់។ ម្យ៉ាងវិញទៀត ទោះបីជាស្ត្រីខ្មែរមិនចេះរបាំបុរាណ យ៉ាងហោចណាស់ឲ្យចេះ រាំក្បាច់ រាំវង់ សារ៉ាវ៉ាន់ ដែរ ព្រោះនេះជាចង្វាក់របស់ខ្មែរ។ អ្នកគ្រូថាគ្រាន់តែចេះរាំចង្វាក់របស់ខ្មែរប៉ុណ្ណឹងក៏អាចចាត់ចូលថា នារីខ្មែរបានចូលរួមចំណែកជួយថែរក្សាសិល្បៈខ្មែរដែរ៕
Tag:
សិទ្ធិនារី
IWD2018
របាំបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com