ជាតិ
ភូមិ​ចំនួន​២០ ទទួលបាន​កិច្ចព្រមព្រៀង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ពី​គម្រោង​រេ​ដ​បូក ដែនជម្រកសត្វព្រៃ​កែវ​សីមា​
18, Mar 2018 , 10:00 am        
រូបភាព
រូបពី WCS
រូបពី WCS
​មណ្ឌលគិរី​៖ ភូមិ​ចំនួន ២០ បានទទួល​កិច្ចព្រមព្រៀង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍ របស់​គម្រោង​រេ​ដ​បូក​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ពី​ក្រសួងបរិស្ថាន ដែល​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។ កិច្ចព្រមព្រៀង​នេះ សហគមន៍ នឹង​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កាបូន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​(WCS)​។​



​គម្រោង​រេ​ដ​បូក ជា​គម្រោង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ និង​ការ      រេចរឹល​នៃ​ព្រៃឈើ​។ គម្រោង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ត្រូវបាន​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ជាង​១៤​លាន​តោន​សម្រាប់​រយៈពេល​១០​ឆ្នាំ ចន្លោះ​ឆ្នាំ​២០១០ ដល់ ២០១៩​។​
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ WCS នៅ​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ WCS បាន​លក់​ឥណទាន​កាបូន​ដំបូង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋអាមេរិក​។ 
​លោក សូ ខន​ឬ​ទ្ធី​គុណ  អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ដើម្បី​លើក​ជំរុញ​ការការពារ​ព្រៃឈើ និង​សត្វព្រៃ និង​ជា​ប្រភព​ផ្តល់​ប្រាក់ចំណូល​សម្រាប់​ជីវភាព រស់នៅ​របស់​ប្រជា​សហគមន៍​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ បន្តថា ឥឡូវនេះ ប្រជា​សហគមន៍​អាច​ប្រើប្រាស់​ថវិកា​ពី​ការលក់​ឥណទាន​កាបូន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សម្រាប់​អភិវឌ្ឍន៍​សហគមន៍រ​បស់​ពួកគាត់​ដូចជា​ការសាងសង់​ហេ​រដ្ឋា​សម្ព័ន្ធ ការជីក​ជា​អណ្តូងទឹក ឬ​រៀបចំ​សហគ្រាស​សហគមន៍​ជាដើម​។​


 
​ប្រធាន​អង្គការ WCS ប្រចាំ​នៅ​កម្ពុជា លោក កែន សេរី​រដ្ឋា បាន​លើកឡើងថា ប្រជា​សហគមន៍ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឲ្យ​នៅ​គង់វង្ស​ជាច្រើន​ជំនាន់​មកហើយ​។ ប្រធាន​អង្គការ WCS ប្រចាំ​នៅ​កម្ពុជា​រូបនេះ បន្តថា ប្រជា​សហគមន៍ បាន​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាននិងកំពុង​លះបង់​ពេលវេលា និង​ប្រឈម​គ្រោះថ្នាក់​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ និង​បរបាញ់​សត្វព្រៃ​។​
​លោក កែន សេរី​រដ្ឋា បន្ថែមថា ការលក់​ឥណទាន​កាបូន ស្ថិតនៅ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ ដែល​ក្រសួងបរិស្ថាន និង​អង្គការ​WCS កំពុង​អនុវត្ត​រួមគ្នា​បង្កើត​នូវ​យន្តការ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ដើម្បី​អភិរក្ស​ធាន​ធាន​ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​នៅក្នុង​ដែនជម្រកសត្វព្រៃ​នេះ​។​
​ឥណទាន​កាបូន​នេះ ស្ថិតនៅលើ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នៅឡើយ​ដែល​អាច​ឲ្យ​ក្រុមហ៊ុន ឯកជន អង្គការ និង​បុគ្គល​ម្នាក់ៗ ធ្វើការ​បង់ប្រាក់​សម្រាប់​សកម្មភាព​ជាច្រើន​ដែល​រួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​។  នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បរិមាណ និង​គុណភាព​នៃ​ឥណទាន​កាបូន ត្រូវបាន ផ្ទៀងផ្ទាត់​ដោយ​ប្រព័ន្ធ​ត្រួតពិនិត្យ​ឈានមុខ​គេ​ចំនួន​០២ គឺ​ស្តង់ដារ​ផ្ទៀងផ្ទាត់​កាបូន និង​អាកាសធាតុ និង​ស្តង់ដារ​សហគមន៍ និង​ជីវចម្រុះ​។ 


 
​សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ​កែវ​សីមា ផ្តល់​ជាទី​ជម្រក​ដល់​សត្វព្រៃ និង​រុក្ខជាតិ​ជាង​៦០​ប្រភេទ​ដែល​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN​ជា​ប្រភេទ​រង​ការគំរាមកំហែង​ជា​សាកល​។ ដែនជម្រកសត្វព្រៃ​នេះ ក៏មាន​សា​រះ​សំខាន់​ជា​សាកល​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ​ពានរ ដូចជា​ស្វា​កន្ទុយ​ស និង​ទោច​ថ្ពាល់​លឿង ពពួក​ខ្លា ដំរី​អាស៊ី ក្រុម​គោ​សាទិស និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ផ្សេងទៀត​។ នេះ​បើតាម​សេចក្ដីប្រកាស​ដដែល​៕


 

Tag:
 គម្រោង​រេ​ដ​បូក​
  ដែនជម្រកសត្វព្រៃ​កែវ​សីមា​
  ក្រសួងបរិស្ថាន​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com