ជាតិ
សង្គមជាតិ
ពិព័រណ៍​សត្វ​ស្លាបមាន​ស្តង់​បង្ហាញ​សត្វ​ស្លាប​កម្ពុជា និង​អន្តរជាតិ​
17, Mar 2018 , 11:00 pm        
រូបភាព
ដោយ:
​ស្តង់​ពិព័រណ៍​សត្វ​ស្លាប​លើកទីមួយ​នៅ​កម្ពុជា មាន​ប្រមាណ ៦០​ស្តង់ ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​អាស៊ី កម្ពុជា ចិន តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ថៃ ឡាវ ស្រីលង្កា និង​មី​យ៉ាន់​ម៉ា​។ ស្តង់​ពិព័រណ៍​នេះ​រៀបចំឡើង ដើម្បី​ឲ្យ​សាធារណជន សិស្សានុសិស្ស និស្សិត មក​ទស្សនា​សត្វ​ស្លាប​នៅ​កម្ពុជា នៅ​ទី​១៧ និង​ទី​១៨ ខែមីនា​នេះ នៅ​បរិវេណ​សួនច្បារ​វត្តភ្នំ​។

 
​បើតាម​លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ពិព័រណ៍​សត្វ​ស្លាប​នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ចំនួន​៦០​ស្តង់ ចូលរួម​ផ្សព្វផ្សាយ​ពី កម្ពុជា ចិន តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ថៃ ឡាវ ស្រីលង្កា និង​មី​យ៉ាន់​ម៉ា ដើម្បី​ដាក់​តាំងនៅ​ឯកសារ និង​រូបថត​អំពី​សត្វ​ស្លាប ណែនាំ​ដល់​សាធារណជន​បាន​ស្គាល់​ឲ្យ​កាន់តែច្បាស់​។ 
 



​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​បាន​ឲ្យ​ដឹងថា ចំនួន​ស្តង់​នេះ គឺមាន​តំណាង​ភាគី​កម្ពុជា និង​ចិន និង​បណ្តា​ប្រទេស​ដទៃទៀត ចូលរួម​ផ្តល់យោបល់ បង្រៀន​ពី​ការមើល​សត្វ​ស្លាប និង​មានការ​ប្រកួតប្រជែង​គូររូប​សត្វ​ស្លាប​ដើម្បី​ទទួលបាន​រង្វាន់​។ 
 
​លោក​ក៏បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន បានរៀបចំ​តាំងពិព័រណ៍​នេះ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សត្វ​ស្លាប​ដែល​កម្រ និង​ជិត​ផុត​ពូជ​។ ដោយឡែក​ឆ្នាំនេះ កម្ពុជា​បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​លោក យល់ឃើញថា​៖ «​កម្ពុជា​ជា​ប្រទេស​ដែលមាន​ធនធានធម្មជាតិ អប​ជាមួយ​សត្វ​ស្លាប​ដ៏​ស្រស់ស្អាត នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​»​។​
 



ស្តង់​តាំងពិព័រណ៍​សត្វ​ស្លាប​ចំនួន ៦០​នេះ ក្រោម​ប្រធានបទ «​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​សត្វ​ស្លាប​នៅ​កម្ពុជា​» ដែល​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​នៅក្នុង​អាស៊ី គឺ​បានរួម​ចំណែក ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន​និង​លើកទឹកចិត្ត​ដល់​សាធារណជន​ប្រតិបត្តិ​បៃតង និង​មេត្រីភាព​បរិស្ថាន ហើយ​ចូលរួម​ស្រឡាញ់ និង​ថែរក្សា​សត្វ​ស្លាប​នៅ​កម្ពុជា​៕ 
 



















Tag:
 សត្វ​ស្លាប​
  ស៊ូ សូ​វុ​ធ​
  ក្រសួងបរិស្ថាន​
  អង្គការ​អភិរក្ស​សត្វ​ស្លាប​នៅ​អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com