ជាតិ
សង្គមជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ឆ្នាំនេះ​កើត​ចំ​ថ្ងៃទី​២១ មីនា​
19, Mar 2018 , 8:00 am        
រូបភាព
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖ ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត ឬ Equinox នៅ​ឆ្នាំនេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែមីនា​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពន្យល់ថា ព្រឹត្តិការណ៍​នេះ​តែង​កើតឡើង​២​ដង ជា​រៀងរាល់ឆ្នាំ ដោយ​លើកទីមួយ កើត​នៅ​អំឡុង​ខែ មីនា និង​លើក​ទី​ពីរ នៅ​អំឡុង​ខែ កញ្ញា​។  
 
​តាមពិតទៅ យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កន្លងមក ព្រឹត្តិការណ៍​នេះ មិនមែន​បាតុភូត​ចៃដន្យ​នោះទេ​។ វា​ត្រូវបាន​បុព្វបុរស​ដែល​សាងសង់​អង្គរវត្ត បាន​គុណគូរ​យ៉ាងច្បាស់ គឺ​សង់​តម្រូវឱ្យ​កើត​ព្រឹត្តិការណ៍​នេះ​តែម្តង តាមរយៈ​ការស្វែងយល់ អំពី​ទំនាក់ទំនង​រវាង​សំណង់ ស្ថាបត្យកម្ម និង​វិស័យ​តារាសាស្ត្រ​។ ហើយ​រយៈពេល​នេះដែរ គឺ​ពេលវេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ឹម សុខ​រិទ្ធី ដែល​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​កន្លងមក​។​
 
​ក្រៅពី​កើត​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះហើយ ជា​រៀងរាល់​ឆ្នាំមាន​ព្រឹត្តិការណ៍​មួយទៀត គឺ​ពេល​វេលាយប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់​។ ពេលា​យប់​វែង​ជាង​ថ្ងៃ កើតឡើង​នៅ​ថ្ងៃទី​២១ ខែធ្នូ ហើយ​ថ្ងៃ​វែង​ជាង​យប់ កើតឡើង​នៅ​ថ្ងៃទី ២១ ខែមិថុនា​។​
 
​ភស្ដុតាង​នេះហើយ ដែល​អ្នកស្រាវជ្រាវ​យក​មក​បញ្ជាក់​ពី​មូលហេតុ ដែល​ដូនតា​សង់​អង្គរ​បែរមុខ​ទៅ​ទិស​ខាងលិច​។ លោក អ៊ឹម សុខ​រិទ្ធី ពន្យល់ថា គេ​នឹង​មិនអាច​ឃើញ​ព្រឹត្តិការណ៍​ខាងលើ​បាន​នោះទេ ប្រសិនបើ​អង្គរវត្ត​សង់​បែរ​ទៅ​ទិសខាងកើត​៕

Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com