ជាតិ
គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ជាង​៣​ម៉ឺន ស្រូបយក​កម្លាំង​ពលកម្ម​ជិត​២​លាន​នាក់​
18, Mar 2018 , 8:00 pm        
រូបភាព
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ.jpg
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ.jpg
ដោយ:
​ភ្នំពេញ​៖ ត្រឹម​ឆ្នាំ​២០១៧ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ជាង​៣​ម៉ឺន​គ្រឹះស្ថាន ដោយបាន​ស្រូបយក​កម្លាំង​ពលកម្ម​នៅ​កម្ពុជា សរុប​ចំនួន ជិត​២​លាន​នាក់​។ នេះ​បើតាម​លទ្ធផល​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិសដៅ​ការងារ​ឆ្នាំ​២០១៨ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ២០១៤-២០១៨ នៃ​ក្រសួង​ការងារ​។

 
​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ មាន​ចំនួន ១២ ២៨៧​គ្រឹះស្ថាន បាន​កើនឡើង​ចំនួន ១០,០២​ភាគរយ ហើយ​បាន​ស្រូបយក​កម្លាំង​ពលកម្ម ដែលជា​កម្មករ​និង​និយោជិត​សរុប​ចំនួន ១ ៤៣៧ ៧៩៥​នាក់ កើនឡើង​ចំនួន ២១,១​ភាគរយ ដោយបាន​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។  
​ជាមួយគ្នានេះដែរ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ មាន​ចំនួន ២២ ០៦៧​គ្រឹះស្ថាន បាន​ស្រូបយក​កម្លាំង​ពលកម្ម កម្មករ​និង​និយោជិត​សរុប​ចំនួន ១៨៧ ៩០៩​នាក់​។ តាម​លទ្ធផល​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា ៖«​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​ចូលរួម​វិភាគទាន​យ៉ាងច្រើន​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ ៦​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​»​។ ទន្ទឹមគ្នា​នោះដែរ កម្លាំង​ពលកម្ម​សរុប​ចំនួន ៩៩,៣​ភាគរយ មានការ​ងារ​ធ្វើ​។​
 
​ក្រសួង​ការងារ បាន​បន្ត​លើកឡើងថា បានផ្ដល់​សេវា​ជួយ​ស្វែងរក​ការងារ នៅក្រៅ​ប្រទេស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ មាន​ចំនួន​ប្រមាណ ១,២​លាន​នាក់ ក្នុង​ចំនួន​នេះដែរ ពលករ​កម្ពុជា​បាន​ទៅធ្វើ​ការ នៅ​ថៃ​ចំនួន ១ ០៥៦ ៣៥៨​នាក់​, កូ​រ៉ូ​ចំនួន ៤៤ ២២៩​នាក់​, ជប៉ុន​ចំនួន ៦ ០០០​នាក់​, ម៉ាឡេស៊ី​ចំនួន ៣០ ០០០​នាក់​, សិង្ហបូរី​ចំនួន ៤៨៧​នាក់ និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ទើប​ចាប់ផ្ដើម​បញ្ជូន​ចំនួន ១៥​នាក់​។​
​យោងទៅតាម​ទិន្នន័យ​អ្នក​ចុះឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​មាន​ចំនួន ១៥ ១៣៣​នាក់ ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឱកាស​ការងារ ចំនួន ៨៨ ៨៧៥​កន្លែង​។ ដូចគ្នានេះដែរ បាន​ជួយ​ស្វែងរក​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ភូមិ ឃុំ និង​តាមរយៈ​វេទិការ​ការងារ​នានា ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ហើយ​និង​កម្មវិធី​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រមទាំង​តាមរយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ស្របច្បាប់​៕

Tag:
 ក្រសួង​កា​ងារ​
 ​សហគ្រាស​
© រក្សាសិទ្ធិដោយ thmeythmey.com