ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
​ស្ថានទូត​អាមេរិក ឧបត្ថម្ភ​ការប្រគំ​តន្ត្រី​របស់លោក យឹ​ង យ​ន ដល់​ស្រុកកំណើត​
18, Mar 2018 , 10:30 pm        
រូបភាព
កំពង់ធំ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ឧបត្ថម្ភ​ដល់ លោក យឹ​ង យ​ន និង​ក្រុម​តន្ត្រី​របស់លោក ដើម្បី​បង្កើត​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី ដែលមាន​ចំណងជើង​ថា «​ស្រឡាញ់​សហរដ្ឋអាមេរិក​៖​ដំណើរ​របស់​យឹ​ង យ​ន នៅ​ទូទាំងប្រទេស​អាមេរិក​» ឬ “ Lovin’USA: Yorng Young Journey Across America”​។ អាល់​ប៊ុ​ម​ចម្រៀង​នេះ មាន​ចំនួន​១១​បទ រៀបរាប់​ពី​ទីក្រុង និង​រដ្ឋ​នានា នៅក្នុង​សហរដ្ឋអាមេរិក​រដ្ឋ Minnesota, North Carolina និង​រដ្ឋ Florida ជាដើម​។


 
​កាលពី​រាត្រី​ថ្ងៃទី​១៧ ខែមីនា​ ស្ថានទូត​អាមេរិក​បាន​បន្ត​ឧបត្ថម្ភ​ដល់​ការប្រគំ​តន្ត្រី ​ប្រកាស​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់លោក យឹ​ង យ​ន នេះ នៅ​ទី​រួម​ខេត្តកំពង់ធំ ដែលជា​ស្រុកកំណើត​របស់លោក​ផ្ទាល់​ផងដែរ​។ 



លោក William.A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ចូលរួម​ប្រគំ​តន្ត្រី​ប្រកាស​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​នេះដែរ​។ លោក William.A.Heidt  ថ្លែងថា ​លោក​រីករាយ​ណាស់ ដែល​បានឃើញ​ការប្រគំ​តន្ត្រី​នៅ​រាត្រី​នេះ ហើយ​លោក​បាន​ហៅ​ការប្រគំ​តន្ត្រី​នេះ​ថា ជាការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​។ លោក​បញ្ជាក់បន្ថែម​ដូច្នេះ​៖ «​តន្ត្រី​ជា​អ្វីដែល​ប្រជាជន​កម្ពុជា​ក៏​ចូលចិត្ត ជនជាតិ​អាមេរិក​ក៏​ចូលចិត្ត​។ វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​យុវជន​វ័យក្មេង​កម្ពុជា​បាន​ទៅ និង​បានឃើញ​សហរដ្ឋអាមេរិក​ដោយផ្ទាល់​ភ្នែក គាត់​បានឃើញ​ភាពស្រស់ស្អាត​របស់​សហ​រដ្ឋ​អាមេរិក​។ គាត់​និពន្ធ ចម្រៀង​ពី​សហរដ្ឋអាមេរិក ហើយ​ច្រៀង​ជា​ភាសា​ខ្មែរ ឲ្យ​ប្រជាជន​ខ្មែរ​បាន​ស្តាប់ និង​ស្គាល់​សហរដ្ឋអាមេរិក​ដែរ ហើយ​តាមរយៈ​តន្ត្រី យើង​អាច​រឹតចំណង​មិត្តភាពរ​វា​ង​កម្ពុជា និង​សហរដ្ឋអាមេរិក​»​។​



​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏​ទទួលស្គាល់​ដែរ​ថា ចំណងទាក់ទង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់​ប្រទាំង​ប្រទើស​គ្នា​បន្តិច ប៉ុន្តែ​លោក សង្ឃឹមថា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹង​ប្រសើរ នៅពេលដែល​ភាគី​ទាំងពីរ យោគយល់​គ្នា​ឲ្យ​កាន់តែច្រើន តាមរយៈ​ការជជែក​គ្នា តាមរយៈ​តន្ត្រី ភាពយន្ត និង​កម្មវិធី​វប្បធម៌​នានា​ដែលមាន​កាន់តែច្រើន​នោះ​។​



ទាក់ទង​នឹង​ការនិពន្ធ​ចម្រៀង​នេះដែរ លោក William.A.Heidt ក៏​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​អាច​បញ្ជូន​ជនជាតិ​អាមេរិក មកកាន់​ប្រទេស​កម្ពុជា ដើម្បី​និពន្ធ​អាល់​ប៊ុ​ម​ចម្រៀង​អំពី​ខេត្ត​នីមួយៗ​របស់​កម្ពុជា​ដែរ​។​

​សម្រាប់​លោក យឹ​ង យ​ន បានចាត់ទុក​ការប្រកាស​ផ្សាយ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់ខ្លួន​នៅពេលនេះ មិន​ត្រឹមតែ​ជា​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​អាមេរិក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ជាការ​ចែករំលែក​ពីបទ​ពិសោធន៍ ចំណេះដឹង ទីតាំង​ភូមិសាស្ត្រ ទឹកដី នយោបាយ ការអភិវឌ្ឍន៍​នៅ​អាមេរិក​ទៅដល់​ប្រជាជន​កម្ពុជា​។ ជាពិសេស លោក យ​ន ចង់​ឲ្យ​បងប្អូន​ខ្មែរ​ដែល​មិន​ធ្លាប់​ទៅ​សហរដ្ឋអាមេរិក បាន​ស្គាល់​អាមេរិក​តាមរយៈ​បទ​ចម្រៀង​របស់ខ្លួន​។  

​សូមបញ្ជាក់ថា អាល់​ប៊ុ​ម​ចម្រៀង​នេះ បាន​សម្ពោធ​ជា​លើកដំបូង កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៧​កន្លងទៅ ដោយ​ស្ថានទូត​អាមេរិក ​បាន​ឧ​ត្ថ​ម្ភ​ការរៀបចំ​ការប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​។ 



នេះ​ជា​លើក​ទី​២​ហើយ​ ដែល​ស្ថានទូត​អាមេរិក បាន​បន្ត​ឧ​ត្ថ​ម្ភ​ដល់​ការប្រគំ​តន្ត្រី​របស់លោក យឹ​ង​យ​ន ផ្សព្វផ្សាយ​អាល់​ប៊ុ​ម​ចម្រៀង​ដែល​រៀបរាប់​ពី​សហរដ្ឋអាមេរិក​នេះ​។ នៅក្នុងពេល​ប្រគំ​តន្ត្រី​ក៏មាន​ការចែកជូន​ថាស​ចម្រៀង​សរុប​ចំនួន​៦០០​ដោយ​ឥតគិតថ្លៃ ដល់​សាធារណជន​ផងដែរ​។​
 
​ចម្រៀង​មួយ​អាល់​ប៊ុ​ម​នេះ មាន​ចំនួន​១១ បទ ជា​ស្នាដៃ​ដើម របស់លោក ស្តីពី​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក ដូចជា​រដ្ឋ Minnesota, North Carolina និង​រដ្ឋ Florida ត្រូវបាន​ផលិត គ្រា​ដែល លោក  យឹ​ង យ​ន ជា​សិល្បករ អ្នកសរសេរ​ចម្រៀង អ្នកចម្រៀង និង​ជា​តន្ត្រីករ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​មួយរូប បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ផ្នែក​តន្ត្រី ដែលមាន​ឈ្មោះថា OneBeat នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៣ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com