សេដ្ឋកិច្ច
អន្តរជាតិ
​លទ្ធផល​ស្ទង់​មតិ​មួយ បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​អាច​រស់នៅ​ដោយ​សប្បាយចិត្ត​
15, Apr 2018 , 11:59 am        
រូបភាព
ដោយ: ធីតា
លុយ​មិនមែនជា​ប្រភព​នៃ​សុភមង្គល​នោះឡើយ ប៉ុន្តែ​ចំនួន​កំណត់​ជាក់លាក់​ណាមួយ ពិតជា​នាំមក​ភាពសប្បាយ​រីករាយ​ដល់​អ្នក​។ នេះ​បើតាម​ការស្ទង់មតិ​រប​ស់​អ្នកជំនាញ​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ Purdue University និង University of Virginia (https://goo.gl/Vrcafx) សហរដ្ឋអាមេរិក​។

 
​តាមរយៈ​ការស្ទង់មតិ Gallup World Poll លើ​មនុស្ស​ប្រមាណ​១.៧​លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន​១៦៤ អ្នកជំនាញ​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ Purdue University និង University of Virginia បាន​រកឃើញថា ចំនួន​៩៥ ០០០​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ ជា​ចំនួន​ដែល​មនុស្ស​ទូទៅ​មាន​ភាពសប្បាយ​រីករាយ​។​
 
​ក្រុម​អ្នកស្រាវជ្រាវ បាន​សិក្សា​លើ​ចំនួន​ផ្ទាល់ខ្លួន​របស់​មនុស្សម្នា​ក់ និង​ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួកគេ​។ ភាពសប្បាយ​រីករាយ មិន​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​ទាំងអស់​នោះឡើយ ដោយ​មនុស្ស​ពេញចិត្ត​នូវ​អ្វីដែល​ខ្លួន​មាន​សមរម្យ ប៉ុន្តែ​ប្រសិន​ពួកគេ​មាន​លុយ​កាន់តែ ពួកគេ​ក៏​ជួប​បញ្ហា​ស្មុគស្មាញ​កាន់តែច្រើន​ផងដែរ​។​
 
​បុគ្គល​ដែល​រកចំណូលបាន​ច្រើនជាង​៩៥ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ ត្រូវបាន​គណនា​ឃើញថា ភាព​រីករាយ​ក្នុង​ជីវិត​របស់​ពួកគេ​ស្ថិតនៅ​កម្រិត​ទាប​ទៅវិញ​។ បើតាម​ការសិក្សា លុយកាក់​ច្រើន តម្រូវការ​កាន់តែច្រើន ជាពិសេស​ការអូសទាញ​ដោយ​សម្ភារ​និយម បានធ្វើ​ឲ្យ​ភាព​រីករាយ​ក្នុង​ជីវិត មិនបាន​រលូន​។​

​ជាមួយគ្នានេះ អ្នក​ដែលមាន​លុយ​មិន​តាម​កម្រិត​ដែល​ពួកគេ​ចង់បាន​នោះ ក៏​មិនអាច​រស់នៅ​ដោយ​រីករាយ​នោះដែរ ពីព្រោះ​ពួកគេ​ត្រូវ​ខ្វល់ខ្វាយ​លើ​ការដោះស្រាយ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​។ អ្នក​ដែល​រកចំណូលបាន​តិច ពោលគឺ​ចន្លោះ​ពី​៦០ ០០០ ទៅ​៧៥ ០០០​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ពិតជា​មិនសូវ​សប្បាយរីករាយ​មែន ប៉ុន្តែ​ពេលខ្លះ​ពួកគេ​រស់នៅ​ស្រណុកចិត្ត​ជាង​មហាសេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ​អាមេរិក​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com