កីឡាជាតិ
ជាតិ
បឹងកេតឡើងទៅកំពូលតារាង ស្វាយរៀងផ្តើមឈ្នះ ក្រោនស្មើជាមួយវិសាខា ជំនួបរវាងវិសាខា (ខៀវ) និងភ្នំពេញក្រោនបញ្ចប់ទៅដោយគ្មានគ្រាប់បាល់បញ្ចូលទី។ រូបថត Visakha
× ទាំងបឹងកេតនិងព្រះខ័នរាជស្វាយរៀងសុទ្ធតែបានលត់គូប្រកួតក្នុងលទ្ធផល ៥-១ រៀងៗខ្លួននាការប្រកួតសប្តាហ៍ទី៣នៃក្របខណ្ឌលីគកំពូលកម្ពុជានៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ២០១៨។ ចំណែកភ្នំពេញក្រោនបានត្រឹមស្មើក្រុមចំណូលថ្មីវិសាខា។
ក្រុមបឹងកេតបានយកឈ្នះក្រុមអគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល ៥-១ ដើម្បីឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី៣នៃក្របខណ្ឌលីគកំពូលកម្ពុជាដោយមាន៩ពិន្ទុ ខណៈណាហ្គាវើលឈរលេខរៀងទី២ដោយមាន៧ពិន្ទុ។ សម្រាប់ការប្រកួតកាលពីល្ងាចថ្ងៃទី១៨ មីនា នៅពហុកីឡដ្ឋានជាតិ ខ្សែការពារ ហុង ផេង បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់បឹងកេតនៅនាទីទី២១ មុនខ្សែប្រយុទ្ធប្រេស៊ីល Silva Califuri Maycon បន្ថែមពីរគ្រាប់ជាបន្តបន្ទាប់នៅនាទីទី៦៩ និង៧៣។
ការប្រកួតដំណើរការបាន១នាទីខ្សែប្រយុទ្ធនីហ្សេរីយ៉ា Oiboh Julius សម្រេចបាន១គ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៤-០ សម្រាប់បឹងកេត មុនខ្សែប្រយុទ្ធ Gbenga Samuel Ajayi សម្រេចគ្រាប់ទី៥នៅនាទីទី៨២។ មួយនាទីក្រោយមកកីឡាករ No Daeho បានយករកគ្រាប់បាល់តាមពីក្រោយ ៥-១ សម្រាប់អគ្គស្នងការនគរបាលជាតិ។ ក្រុមទាំងពីរបានរក្សាលទ្ធផល ៥-១នេះរហូតចប់ការប្រកួត។
នាការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៥-១ ដោយ៥គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Kobayashi Daisuke, Shane Booysen, ហួយ ផល្លីន, សុក សំណាង និង Caeasar Trevin Shonari។ ចំណែក១គ្រាប់របស់ក្រុមភ្ញៀវសម្រេចដោយកីឡាករ ម៉ាត់ នូរុណ។
ការប្រកួតនៅកីឡដ្ឋានវេស្ទើនភ្នំពេញក្រុមវិសាខាបានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយក្រុមភ្នំពេញក្រោន ទោះបីក្រុមទាំងពីរបានព្យាយាមវាយបកដាក់គ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។ វិសាខាឈរចំណាត់ថ្នាក់លេខ៣ដោយមាន៧ពិន្ទុ រីឯភ្នំពេញក្រោនឈរលេខ៤ដោយមាន៧ពិន្ទុដូចគ្នា៕
Tag:
Cambodian League 2018
បឹងកេត
វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com